អន្តរជាតិ
លោក ប្រា​យុទ្ធ ស្គាល់​រសជាតិ​ត្រូវបាន​សួរដេញដោល​នៅក្នុង​សភា​
25, Jul 2019 , 9:39 pm        
រូបភាព
លោក ប្រាយុទ្ធ ចន្ទអូចា អានគោលនយោបាយរបស់រដ្ឋាភិបាលក្នុងកិច្ចប្រជុំសភា។ រូបភាព Bangkok Post
លោក ប្រាយុទ្ធ ចន្ទអូចា អានគោលនយោបាយរបស់រដ្ឋាភិបាលក្នុងកិច្ចប្រជុំសភា។ រូបភាព Bangkok Post
​ចូលរួម​ប្រជុំ​សភា​លើកដំបូង​នៅ​ថ្ងៃទី​២៥ ខែកក្កដា នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ត្រូវបាន​សមាជិកសភា​បក្សប្រឆាំង​វាយប្រហារ​ខ្លាំង​អំឡុងពេល​ជជែក​ដេញ​ដោ​ញ​ពី​គោលនយោបាយ​រដ្ឋាភិបាល​របស់លោក​។ នេះ ជា​រសជាតិ​មួយ​ដែល​លោក ប្រា​យុទ្ធ មិនដែល​ជួប​ឡើយ​ចាប់តាំងពី​ការឡើង​កាន់អំណាច​ដំបូង​ក្នុង​រដ្ឋាភិបាលយោធា​រហូត​ដល់​រដ្ឋាភិបាល​ស៊ីវិល​បច្ចុប្បន្ន​។ អតីត​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ រូបនេះ នឹង​ជួប​ការដេញដោល​របៀបនេះ​ញឹកញាប់​ទៀត​ក្នុង​អាណត្តិ​របស់ខ្លួន​។​

 
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​២៥ ខែកក្កដា បានប្រកាស​គោលនយោបាយ​របស់​ដ្ឋា​ភិ​បាល​ថ្មី​របស់លោក​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​។ នេះ ជា​វត្តមាន​លើកដំបូង​របស់លោក ប្រា​យុទ្ធ ក្រោយ​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​ក្នុង​អាណត្តិ​សភា​ស៊ីវិល​ដែល​កើតចេញពី​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា​។ ខុសពី​សភា​ដែល​តែងតាំង​ដោយ​យោធា​ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ សភា​ថៃ​សព្វថ្ងៃ មិនបាន​ទុក​មុខ​ឲ្យ​លោក ប្រា​យុទ្ធ ឡើយ​។​
 
​សមាជិកសភា​ក្រុមប្រឆាំង ចាប់ផ្ដើម​សង្គ្រប់​លោក ប្រា​យុទ្ធ តាំងពី​មុនពេល​លោក​អាន​គោលនយោបាយ​ទៅទៀត​។ លោក Piyabutr Saengkanokkul សមាជិកសភា​បក្ស​អនាគត​ឈានមុខ បាន​រិះគន់​លោក ប្រា​យុទ្ធ ថា មិនបាន​ស្បថ​ចូលកាន់​តំណែង​ត្រឹមត្រូវ​ចំពោះមុខ​ព្រះ​ភក្ត្រ​មហាក្សត្រ​។ ប៉ុន្តែ​សមាជិកសភា​បក្ស​កម្លាំង​ប្រជារាស្ត្រ បានចេញ​មុខការ​ពារ​នាយករដ្ឋមន្ត្រី​រូបនេះ​។ តទៅ លោក ប្រា​យុទ្ធ ក៏​បន្ត​អាន​ទៀត​។​
 
​ក្រោយ​ចាប់ផ្ដើម​ប្រកាស​គោលនយោបាយ​ថ្មី​បន្តិច សមាជិកសភា​មកពី​ប្លុក​ប្រឆាំង ចាប់ផ្ដើម​តវ៉ា​ជាថ្មីទៀត ហើយ​ម្ដងនេះ គឺ​សមាជិកសភា​មកពី​បក្សប្រឆាំង​ដ៏​ធំ​ភឿ​ថៃ​វិញ​ម្ដង​។ សមាជិកសភា​បក្ស​ភឿ​ថៃ បាន​រិះគន់​លោក ប្រា​យុទ្ធ ដែល​មិន​អាន​គោលនយោបាយ​រដ្ឋាភិបាល​តាម​ឯកសារ​ដើម​ដែល​បាន​ចែក​ឲ្យ​សមាជិកសភា​។ សមាជិកសភា​ទាំងនេះ អះអាងថា បទបញ្ជា​សភា​តម្រូវ​ឲ្យ​លោក ប្រា​យុទ្ធ ត្រូវតែ​អាន​តាម​សំណៅ​ដើម​ដាច់ខាត​។​
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ សមាជិកសភា​ក្រុមប្រឆាំង ក៏​និយាយ​ដែរ​ថា លោក ប្រា​យុទ្ធ ក៏​មិនត្រូវ​ស្រមៃ​ថា អាច​ថ្លែង​ទៅកាន់​សមាជិកសភា​ដូច​ដាក់​បញ្ជា​ឲ្យ​កូនទាហាន ឬក៏​ចង់​និយាយ​អ្វី​ក៏បាន​នោះដែរ​។ បានន័យថា អ្វីដែល​លោក​ត្រូវធ្វើ​ក្នុងពេល​ប្រកាស​គោលនយោបាយ​ដឹកនាំ​ប្រទេស​នោះ គឺ​អាន​តាម​ឯកសារ​តែមួយគត់​។ 
 
​សំណើ​របស់​ក្រុម​សមាជិកសភា​បក្ស​ភឿ​ថៃ ត្រូវបាន​ប្រធានសភា Chuan Leekpai នៃ​បក្ស​ប្រជាធិបតេយ្យ​ទទួលយក ហើយ​បាន​ណែនាំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​អនុវត្តតាម​បទបញ្ជា​សភា​។ តម​ក លោក ប្រា​យុទ្ធ ក៏បាន​បន្ថយ​សំឡេង ហើយ​អាន​គោលនយោបាយ​រដ្ឋាភិបាល​របស់លោក​តាម​ឯកសារ​ដើម​រហូតដល់​ចប់​។ ប្រមុខ​រដ្ឋាភិបាល​ស៊ីវិល​រូបនេះ ក៏បាន​អរគុណ​សមាជិកសភា​ម្នាក់​នៃ​បក្ស​ភឿ​ថៃ​ដែល​រិះគន់​រូបលោក​ទៀតផង​។​
 
​លោក ប្រា​យុទ្ធ ដែល​ដឹកនាំ​ប្រទេស​អស់​ប្រាំ​ឆ្នាំ​ក្រោម​រដ្ឋាភិបាលយោធា​នោះ ទំនង​មិនទាន់​ស៊ាំ​នឹង​ការដេញដោល​ក្នុង​សភា​បែប​នេះឡើយ​។ នេះ ក៏​ព្រោះតែ​សមាជិកសភា​ដែល​កើតចេញពី​ការលើក​បន្តុប​របស់​យោធា​មាន​លោក ប្រា​យុទ្ធ ជា​ប្រមុខ​ផ្ទាល់​នោះ មិនបាន​បើក​ឲ្យ​ការ​មាន​ជជែក​អ្វី​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ឡើយ​អ្វី​ឡើយ​។ យ៉ាងណាមិញ នេះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ ព្រោះ​លោក​អាច​ជួប​រឿងនេះ​ច្រើនលើក​ទៀត​ក្នុង​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​។  

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  ភឿ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com