ជាតិ
ស្រូវជាង៦ម៉ឺនហិកតានៅបាត់ដំបង រងការប៉ះពាល់ដោយសារគ្មានភ្លៀងធា្លក់ ស្រូវក្នុងវាលស្រែ ក្នុងស្រុកមោងឫស្សី ខេត្តបាត់បង (ប្រភពរូប ពីទំព័រហ្វេសប៊ុកក្រសួងកសិកម្ម ដោយលោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម ដឹកនាំមន្ត្រី ចុះពិនិត្យមើល ស្ថានភាពប៉ះពាល់នៃគ្រោះរាំងស្ងួត កាលពីថ្ងៃទី១៩កក្កដា ឆ្នាំ២០១៩)
× ភ្នំពេញ៖ ដំណាំស្រូវប្រមាណ៦ម៉ឺនហិកតា ក្នុងស្រុកមួយចំនួន នៅខេត្តបាត់ដំបង បានរងការប៉ះពាល់ដោយគ្រោះរាំងស្ងួត។ ស្រុកទាំងនោះ មាន ស្រុកថ្មគោល ស្រុកបរវិល ស្រុកឯកភ្នំ ស្រុកមោងឬស្សី ស្រុកសង្កែ និង ស្រុករុក្ខគិរី។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាព របស់អគ្គនាយកដា្ឋនកសិកម្មនៃក្រសួងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដែលចេញ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ។
របាយការណ៍នោះ បានបង្ហាញថា ក្រៅពីដំណាំស្រូវ ក៏មានដំណាំឧស្សាហកម្មជិត៣ម៉ឺនហិកតាផងដែរ ដែលកំពុងរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតនេះ។ ដំណាំឧស្សាហកម្មទាំងនោះ មាន ពោត និងដំឡូវមី ជាដើម ដែលមាននៅក្នុងស្រុកតាលោ និងស្រុកបាកាន។ ជាមួយគ្នានេះ ដំណាំខាងលើ បានខូចខាតជាង៦,៧ពាន់ហិកតា ដោយសារសត្វល្អិត។
ក្រៅពីខេត្តបាត់ដំបង មានស្រូវជាង១០ម៉ឺនហិកតាក្នុងខេត្ត៨ទៀត ក៏កំពុងជួបប្រទះនឹងគ្រោះរាំងស្ងួតនេះដូចគ្នា ដែលមួយចំនួនខូចខាតជាបណ្តើរៗហើយ។ ក្នុងនោះ ខេត្តសៀមរាប មានស្រូវជិត៣០០ហិកតា រងការខូចខាតនៃផលប៉ះពាល់ចំនួនជាង៥ពាន់ហិកតា ខេត្តកំពង់ធំខូចខាតជិត១ពាន់ហិកតានៃផលប៉ះពាល់ចំនួន១៥០០០ហិកតា។ ដោយឡែកខេត្តបន្ទាយមានជ័យ ប៉ះពាល់ជាង២,៥ម៉ឺនហិកតា ខេត្តពោធិ៍សាត់ មានជិត៣,១ម៉ឺនហិកតា ខេត្តកំពង់ចាមមានជាង៦ពាន់ហិកតា ខេត្តឧត្តរមានជ័យ មានជាង៨០០ហិកតា និងខេត្តត្បូងឃ្មុំមានជាង៥ពាន់ហិកតា។ នេះបើតាមរបាយការណ៍។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លើកឡើងថា ថ្មីៗនេះ បញ្ហានៃភាពរាំងស្ងួតដែលបានកើតឡើងក្នុងខេត្តមួយចំនួន នារដូវវស្សានេះ ដោយសារតែបាតុភូត Elnino នៅកម្ពុជា មិនទាន់អស់ឥទ្ធិពល ដូច្នេះភ្លៀងនៅមានលក្ខណៈធ្លាក់ដោយកន្លែងមិនបានល្អប្រសើរទេ។ ការសង្គ្រោះដំណាំស្រូវមកទល់ពេលនេះ គឺក្រសួងធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ អាចជួយបានតែដីស្រែដែលនៅជិតប្រភពទឹកប៉ុណ្ណោះ រីឯស្រែនៅឆ្ងាយ រីងស្ងួត ឬគ្មានប្រភពទឹក គឺមានតែសង្ឃឹមលើទឹកភ្លៀង៕
© រក្សាសិទ្ធិដោយ thmeythmey.com