អត្ថបទ៖ ស៊ីធី
Eddie Alvarez កីឡាករគុនជម្រុះជើងចាស់ទម្ងន់ Lightweight ត្រឡប់មកកាន់សង្វៀន ONE ជាថ្មី ដែលត្រូវតតាំងនឹងអតីតម្ចាស់ជើងឯក Lightweight World Champion របស់ហ្វីលីពីន Eduard Folayang ដែលមានរហស្សនាម «Landslide» នៅសង្វៀន ONE: DAWN OF HEROES នាថ្ងៃទី២ ខែសីហា នាក្រុងម៉ានីល ប្រទេសហ្វីលីពីន។
Alvarez ជាកីឡាករមួយរូបដែលធំធាត់យ៉ាងលំបាកម្នាក់នៅសហរដ្ឋអាមេរិក។ យ៉ាងណាក្ដី Eddie Alvarez ឬ «The Underground King» ដែលបានស្ថិតក្នុងសភាពការល្អ ឬ អាក្រក់ បានក្លាយជាគ្រាប់ពេជ្រប្រចាំតំបន់របស់ខ្លួន។ «The Underground King» កើតនៅKensington ដែលជាតំបន់មួយនៅភាគខាងជើង Philadelphia ជាទឹកដីមានឧក្រិដ្ឋកម្ម រហូតដល់ ៨៣ភាគរយខ្ពស់ជាងគេជាមធ្យមនៅ សហរដ្ឋអាមេរិក។
Alvarez បានរំលឹកថា ស្រុកកំណើតមិនអាក្រក់ពេកទេពេលក្រុមគ្រួសារផ្លាស់ទៅនៅទីនោះលើកដំបូង ប៉ុន្តែ ពីរបីឆ្នាំបន្ទាប់មកក៏មានការផ្លាស់ប្ដូរកាន់តែច្រើនឡើង។ Alvarez ពន្យល់ទៀតថា៖«ពេលធំធាត់កាលនៅកុមារ នាភាគខាងជើង Philadelphia គឺពិតជាល្អណាស់ ហើយអ្វីៗកាន់តែប្រែប្រួលខ្លាំងពេលខ្ញុំអាយុប្រហែល ៧ ទៅ ៨ ឆ្នាំ។ ទីនោះបានក្លាយជាកន្លែងរត់ពន្ធគ្រឿងញៀន។ ហេរូអ៊ីន បានជ្រាបចូលមូលដ្ឋានរបស់ខ្លួនកាលនៅក្មេងៗ និង ធ្វើឲ្យស្ថានភាពកាន់តែដុនដាប មានភាពក្រីក្រ និង ក្លាយជាទីតាំងរត់ពន្ធគ្រឿងញៀន»។ ខណៈដែលស្ថានការណ៍កាន់តែអាក្រក់ ឪពុកម្ដាយរបស់ Alvarez បានព្យាយាមធ្វើរឿងល្អៗបំផុតសម្រាប់កូនៗរបស់ខ្លួនដោយបញ្ជូនទៅរៀននៅសាលាឯកជនក្រៅពីតំបន់ Kensington។ នោះជាមធ្យោបាយដែលអាចទទួលបានការអប់រំប្រសើរឡើង និង នៅឆ្ងាយពីបញ្ហាប៉ុន្តែ វាមើលទៅហាក់ដូចជាអ្នកខាងក្រៅទៅវិញបើធៀបជាមួយក្មេងៗដទៃជុំវិញខ្លួននៅក្នុងតំបន់។
«ឪពុកម្ដាយរបស់ខ្ញុំបានសន្សំលុយគ្រប់គ្រាន់ដើម្បីបញ្ជូនទៅរៀននៅសាលាកាតូលិកមួយ។ វាមើលទៅងាយស្រួល ដោយមិនមានក្មេងច្រើនប៉ុន្មានឡើយ។ បើសិនខ្ញុំនៅរៀនសាលារដ្ឋជាមួយក្មេងក្នុងតំបន់ វាមិនគួរមានកិច្ចខំប្រឹងប្រែងមកលើខ្ញុំនោះទេ»។ Alvarez បញ្ជាក់បែបនេះ។
ដោយសាររស់នៅតំបន់លំបាក Alvarez ទទួលស្គាល់ថាកន្លែងនោះបានផ្ដល់ផលចំណេញរយៈពេលយូរអង្វែង និងបានបង្កើតឱកាសថ្មីមួយដោយព្យាយាមរហូតដល់ជោគជ័យនៅក្នុងជីវិត។
បុរសមកពីតំបន់ Kensington បានដឹងរឿងរន្ធត់ៗជាច្រើនអំពីមនុស្សដែលធំធាត់នៅក្បែរខ្លួន។ ក្មេងៗទាំងនោះបានធ្លាក់ក្នុងអំពើអបាយមុខ សេពគប់គ្រឿងញៀន ឬ ធ្លាក់ក្នុងការប្រព្រឹត្តិឧក្រិដ្ឋកម្ម ដោយគ្មានជម្រើស។ Alvarez គូសបញ្ជាក់ថា៖«ខ្ញុំត្រូវបានកំណត់ទិសដៅកាលនៅក្មេងៗ។ ខ្ញុំយល់ថាខ្ញុំមកពីណា, បរាជ័យជារឿងសាមញ្ញ ហើយខ្ញុំអាចបរាជ័យបើមិនធ្វើបានល្អ។ នោះជាការលើកទឹកចិត្តល្អបំផុតក្នុងជីវិត»។
យ៉ាងណាក្ដីកីឡាកររូបនេះបានទទួលស្គាល់ថា រូបគេធ្វើការងារធ្ងន់រហូតដល់ ២ទៅ៣ដងច្រើនជាងអ្នកធម្មតាកាលរស់នៅក្នុងតំបន់របស់ខ្លួនក្នុងអាយុចន្លោះពី ៧ ទៅ ៨ឆ្នាំ។ កាលនោះ Alvarez បានប្រឡូកក្នុងជីវិតជាសមាជិកក្រុមកីឡាម្នាក់នៅសាលាកាតូលិកផងដែរ។ មុនពេលចូលហ្វឹកហាត់ ក្បាច់គុន «The Underground King» ជាកីឡាករនៅក្រុម Track Team ប្រចាំសាលារបស់ខ្លួន។ គេក៏នឹកគុណដល់ការណែនាំរបស់ប៉ាខ្លួន និងបន្តកិច្ចការនេះរហូតទទួលបានជោគជ័យ។
«ខ្ញុំចូលរួម Track Team ហើយសាលារបស់ខ្ញុំមានចម្ងាយ ៣ ម៉ាយ ដូច្នេះខ្ញុំបានស្ពាយកាតាបពីក្រោយ ហើយខ្ញុំមិនព្យាយាមជិះកង់ទៅសាលាទេ។ ខ្ញុំបានរត់ទៅសាលា។ ប៉ារបស់ខ្ញុំបានប្រាប់អីចឹង»។ បុរសវ័យ ៣៥ ឆ្នាំរូបនេះរៀបរាប់ទៀត គេតែងតែស្ពាយកាតាបនៅក្រោយខ្នងពេលអាយុ ៨ ឆ្នាំ និង រត់ទៅសាលាឡើងបែកញើស ហើយក៏ប្ដូរឯកសណ្ឋានសាលាកាតូលិក មុនចូលថ្នាក់បន្ទាប់ពីដោះសម្លៀកបំពាក់សើមញើសដាក់ក្នុងកាតាបវិញ។ ពេលនឹកដល់រឿងរ៉ាវកាលពីក្មេង កីឡាករជើងខ្លាំងរបស់អាមេរិកថាពិតជាមានការទទួលខុសត្រូវ និង បានធ្វើអ្វីដែលក្មេងៗជាច្រើនមិនបានធ្វើវា។ ពេលវ័យកាន់ធំ Alvarezបានចូលហ្វឹកហាត់ចំបាប់ និង រៀនអំពីក្បាច់គុន។ នោះជាពេលត្រូវជម្នះគ្រប់បែបយ៉ាងដែលមិនធ្លាប់ប្រាថ្នាកន្លងមកក្នុងបរិយាកាសជុំវិញខ្លួន។ Alvarez ជាអ្នកជិតខាងនៃតារាភាពយន្តប្រដាល់ដ៏ល្បីឈ្មោះ Rocky ហើយគេក៏ទទួលបានឥទ្ធិពលនេះ។ Alvarez មានអារម្មណ៍ថា ខ្លួនរស់នៅក្នុងសភាពស្រដៀងនឹងខ្សែភាពយន្តនោះដែរ។
«Rocky ដែលជាតារាភាពយន្តរឿងប្រដាល់ដ៏ល្បីជាអ្នករស់នៅជិតគ្នានៅភាគខាងជើងជើងPhiladelphia។ ដូច្នេះការចេះក្បាច់គុនទាត់ធាក់ គឺដូចគ្នា។ ខ្ញុំធំឡើងបានឃើញភាពជោគជ័យ និងការងាររបស់ Rocky ។ ខ្ញុំពេញចិត្តនឹងរឿងនេះ។ ខ្ញុំមើលហើយមើលទៀត។ ឥឡូវនេះវាកន្លងផុតទៅជិត ២ ទសវត្សរ៍ហើយ»។ Alvarez ពន្យល់បន្ថែមបែបនេះ។
ខ្សែភាពយន្តនោះបានធ្វើឲ្យជីវិត និង គ្រួសាររបស់ Alvarez កាន់តែប្រសើរឡើង។ ហើយគេមិនដែលភ្លេចទីកំណើតនោះទេ។ ភាពលំបាក និងជួបឧបសគ្គទាំងឡាយបានធ្វើឲ្យ Alvarez ក្លាយជាម្ចាស់ជើងឯកពិភពលោក និង កម្រិតពិភពលោកដល់បច្ចុប្បន្ន៕