លោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់ពិភពលោក ប្រាប់ពីមូលហេតុ ដែលលោកជ្រើសរើសកម្ពុជាឲ្យធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកយុវជននិងស្ត្រីពិភពលោក 17th Juniors & Women Petanque World Championship គឺដោយសារកម្ពុជាមានស្នាដៃល្អលើឆាកអន្តរជាតិ និងមានតំបន់ទេសចរណ៍ច្រើន។ លោកចាត់ទុកការធ្វើម្ចាស់ផ្ទះនេះថា វាជាឱកាសល្អសម្រាប់កម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងផ្សព្វផ្សាយពីវប្បធម៌។ ប្រធានសហព័ន្ធប៉េតង់កម្ពុជា លោក ស សុខា ចាត់ទុកការធ្វើម្ចាស់ផ្ទះលើកដំបូងនេះ ជាឈ្នាន់សម្រាប់ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ និងដើម្បីវាស់ស្ទង់សមត្ថភាពមន្ត្រីបច្ចេកទេស និងកីឡាករ។
មានប្រទេសលើពិភពលោកនិងតំបន់អាស៊ីអាគ្នេយ៍ជាច្រើនបានដាក់ពាក្យស្នើសុំធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាប៉េតង់ជម្រើសជើងឯកយុវជននិងស្ត្រីពិភពលោកប្រចាំឆ្នាំ២០១៩ ប៉ុន្តែសហព័ន្ធកីឡាប៊ូលនិងប៉េតង់ពិភពលោកបានសម្រេចផ្តល់សិទ្ធិឲ្យកម្ពុជាជាលើកដំបូង។ នេះបើតាមការលើកឡើងរបស់លោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់ពិភពលោក ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ កក្កដា នាមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិ។
លោកបានបញ្ជាក់ថា ការផ្តល់សិទ្ធិឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូងនេះ គឺដោយសារកម្ពុជាជាប្រទេសដែលមានអរិយធម៌និងវប្បធម៌ដ៏ចំណាស់ និងសម្បូរដោយតំបន់ទេសប្រវត្តិសាស្ត្រ។ សមិទ្ធផល និងស្នាដៃលើឆាកអន្តរជាតិរបស់វីរកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ និងកីឡាករ សុខ ចាន់មាន ដែលដណ្តើមបានមេដាយមាសពិភពលោក ក៏ជាហេតុផលសំខាន់ដែលជួយឲ្យកម្ពុជាទទួលបានសិទ្ធិនៅពេលនេះផងដែរ។
លោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់ពិភពលោកពិភាក្សាជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសកម្ពុជា, រូបភាពពីអគ្គនាយកដ្ឋានកីឡា
សម្រាប់លោក Claude Azema នេះជាឱកាសល្អសម្រាប់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យកីឡាប៉េតង់ឲ្យកាន់តែរីកចម្រើន ពិសេសផ្តល់ឱកាសដល់កីឡាករកីឡាការិនី និងមន្ត្រីបច្ចេកទេសអាជ្ញាកណ្តាលចៅក្រមបានសិក្សាពីបទពិសោធថ្មីៗ ដើម្បីអភិវឌ្ឍសមត្ថភាពឲ្យកាន់តែប្រសើរ។ អ្វីដែលអស្ចារ្យទៀតនោះ គឺវាជាឱកាសសម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រឲ្យពិភពលោកស្គាល់កាន់តែច្បាស់ផងដែរ។ ព្រោះការប្រកួតនេះមានកីឡាករកីឡាការិនី គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសមកពីជាង៦០ប្រទេសចូលរួម ហើយពួកគេអាចស្នាក់នៅកម្ពុជាលើសពី១សប្តាហ៍។
ជាមួយគ្នានេះលោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា ការធ្វើម្ចាស់ផ្ទះលើកដំបូងនេះ វាជាប្រវត្តិសាស្ត្រសម្រាប់វិស័យកីឡាប៉េតង់ និងកម្ពុជាទាំងមូល។ លើសពីនេះ វាជាឈ្នាន់ និងជាម៉ែត្រដើម្បីវាស់ស្ទង់សមត្ថភាពរបស់កីឡាករកីឡាការិនី និងមន្ត្រីបច្ចេកទេសអាជ្ញាកណ្តាលចៅក្រម សម្រាប់ត្រៀមកីឡាស៊ីហ្គេមឆ្នាំ២០២៣។ សម្រាប់លោក ស សុខា ជ័យជម្នះ ក៏ជាកត្តាសំខាន់សម្រាប់ការធ្វើម្ចាស់ផ្ទះនេះផងដែរ។
បន្ថែមលើកិច្ចការងារពង្រឹងសមត្ថភាពកីឡាករកីឡាការិនី កិច្ចការធំៗពីររួមមានបញ្ហាទីលានប្រកួត និងការងារបច្ចេកទេសដែលកម្ពុជាត្រូវដោះស្រាយ ដើម្បីធានាថាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះ។ លោក ស សុខា អះអាងថា មកទល់ពេលនេះសហព័ន្ធបានរៀបចំរួចរាល់ប្រមាណ៩០ភាគរយហើយ នៅឡើយតែជួសជុលហេដ្ឋារចនាសម្ព័ន្ធឲ្យស្របតាមលក្ខណៈបច្ចេកទេសតម្រូវរបស់សហព័ន្ធកីឡាប៊ូលនិងប៉េតង់ពិភពលោកតែប៉ុណ្ណោះ។ លោក ជឿជាក់ថា ការរៀបចំនឹងរួចរាល់១០០ភាគរយមុន១ខែ ការប្រកួតចូលមកដល់។
«យើងមានកត្តាធំៗពីរដែលត្រូវធ្វើ ទី១.ត្រូវមានទីតាំងប្រកួត ហើយទីតាំងប្រកួតយើងមានហើយ ដោយយើងគ្រោងនឹងជួសជុលកែលម្អ ដើម្បីឲ្យត្រូវតាមសំណូមពររបស់សហព័ន្ធកីឡាប៊ូលនិងប៉េតង់ពិភពលោក, ទី២គឺក្រុមការងារបច្ចេកទេស បើយើងមានតែទីតាំងហើយគ្មានការបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្តាលចៅក្រម គឺមិនអាចទៅរួចនោះទេ។ ខ្ញុំគិតថា នេះជារឿងលំបាក ព្រោះសហព័ន្ធប៉េតង់ពិភពលោកគាត់ជួយតែ១កម្រិតទេ ខណៈ១កម្រិតទៀតវាជាការងាររបស់សហព័ន្ធយើង ដែលត្រូវបំពេញរាល់ចំណុចខ្វះខាត»។ នេះជាការលើកឡើងរបស់លោក ស សុខា ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ កក្កដា។
រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡារូបនេះបានបន្ថែមថា៖«កីឡាករកីឡាការិនីយើងកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពរៀងរាល់ ដើម្បីបន្ថែមគុណភាពឲ្យដូចគេដូចឯង ដោយសារតែយើងធ្វើម្ចាស់ផ្ទះ គឺយើងចង់ឈ្នះ មិនមែនធ្វើដើម្បីតែល្អមើលនោះទេ គឺយើងត្រូវការទាំងបរិមាណ និងគុណភាព។ ខ្ញុំគិតថា បច្ចុប្បន្នយើងមានហើយបរិមាណ ហើយយើងកំពុងចម្រាញ់ឲ្យមានគុណភាព ដូច្នេះទើបយើងផ្តល់ឱកាសឲ្យយុវជនចូលរួមប្រកួតឲ្យបានច្រើន»។
ក្រៅពីត្រួតពិនិត្យគុណភាពទីលាន និងជួយកែតម្រូវបញ្ហាបច្ចេកទេសមួយចំនួន ក្នុងដំណើរទស្សនកិច្ចលើកទី២មកកាន់កម្ពុជា លោក Claude Azema បានជួបពិភាក្សាជាមួយលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ពីបញ្ហាផ្សេងៗពាក់ព័ន្ធការត្រៀមធ្វើម្ចាស់ផ្ទះរបស់កម្ពុជានៅអំឡុងខែវិច្ឆិកាខាងមុខ។ លោក ក៏បានទៅត្រួតពិនិត្យគុណភាពសណ្ឋាគារ ដែលអត្តពលិកត្រូវស្នាក់នៅក្នុងអំឡុងពេលប្រកួតផងដែរ៕