អ្នកគ្រូពេទ្យដែលទះកំផ្លៀងអ្នកជំងឺនៅរតនគិរី ត្រូវព្យួរការងារ១ឆ្នាំ
ជាតិ
សង្គមជាតិ
អ្នកគ្រូពេទ្យដែលទះកំផ្លៀងអ្នកជំងឺនៅរតនគិរី ត្រូវព្យួរការងារ១ឆ្នាំ
25, Jul 2019 , 10:03 pm        
រូបភាព
ក្រសួងសុខាភិបាលបានដាក់វិន័យលើអ្នកស្រី ណុប យ៉ុម ដែលជាគិលានុបដ្ឋាយិកាមធ្យម នៅមន្ទីរពេទ្យខេត្តរតនគិរី ស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស រយៈពេល១ឆ្នាំ គិតចាប់ពីខែសីហាឆ្នាំ២០១៩ ដល់ខែកក្កដាឆ្នាំ២០២០។



ប្រកាសដែលចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៥ខែកក្កដា បានបញ្ជាក់ថា ក្របខ័ណ្ឌរបស់អ្នកស្រី ណុប យ៉ុម ត្រូវរក្សាទុកនៅអង្គភាពសាម៉ីខ្លួនដដែល។ ក្រសួងបន្ថែមថា អ្នកស្រី ណុប យ៉ុម ត្រូវដាក់ពាក្យសុំបម្រើការងាររបស់ខ្លួនវិញឲ្យបានពីរខែមុនពេលផុតកំណត់វិធានការវិន័យនេះ បើផុតកំណត់ គឺត្រូវចាត់ទុកថាបោះបង់ការងារ។

គួរបញ្ជាក់ថា សកម្មភាពរបស់គ្រូពេទ្យដែលត្រូវព្យួរការងារខាងលើនេះ ត្រូវបានម្ចាស់ទំព័រហ្វេសប៊ុក «ដើម្បីប្រជាជនកម្ពុជា» រៀបរាប់ថា គ្រូពេទ្យម្នាក់នេះបានជេរប្រមាថ និងទះកំផ្លៀងអ្នកជំងឺដែលជាជនជាតិដើមភាគតិច។ ហើយលោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ត្រូរបានការសែតភ្នំពេញប៉ុស្តិ៍ស្រង់សំដីនៅថ្ងៃម្សិលមិញថា ពិតជាមានករណីគ្រូពេទ្យបង្អែកខេត្តដែលឈ្មោះដូចខាងលើនេះ ប្រើប្រាស់ហិង្សា និងជេរប្រមាថអ្នកជំងឺពិតមែន បន្ទាប់ពីក្រុមប្រឹក្សាវិន័យរបស់មន្ទីរសុខាភិបាល ចុះត្រួតពិនិត្យភ្លាម ពេលទទួលដំណឹងនេះ កាលពីថ្ងៃទី២៣ខែកក្កដា។ 

អ្នកជំងឺនោះ ឈ្មោះ ប៉ះ ពាល ភេទស្រី អាយុ៥៦ឆ្នាំ ជាជនជាតិគ្រឹង។ បើតាមទំព័រហ្វេសប៊ុក «ដើម្បីប្រជាជនកម្ពុជា» អ្នកជំងឺនោះ គឺគ-ថ្លង់។ អ្នកស្រី ត្រូវបានកូន នាំទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី គឺដើម្បីព្យាបាលភ្នែក ដែលត្រូវវះកាត់។ 

«រឿងដែលហួសចិត្តនោះ គឺទៅដល់អគារផ្នែកភ្នែក បានជួបនឹងអ្នកគ្រូពេទ្យម្នាក់ សម្តីសំដៅគ្មានសីលធម៌វិជ្ជាជីវៈជាពេទ្យសោះ សម្តីកោងកាច តិះដៀលប្រមាថមាក់ងាយថា [អ្នកជំងឺ] ជាជនជាតិ [ភាគតិច] ល្ងីល្ងើ ភ្លីភ្លើ....។ អ្នកគ្រូគ្មានសីលធម៌ម្នាក់នេះ មាឌល្អិត ស្គម តែថ្លេីមធំណាស់ ហ៊ានលេីកដៃទះកំផ្លៀងឆ្វេងស្តាំ និងវាយដៃ ចាប់ទាញជេីងដូចទាញអុស ខណ:កំពុងពិនិត្យអ្នកជំងឺ....»។ ទាំងនេះគឺជាសំណេររៀបរាប់លើទំព័រហ្វេសប៊ុក «ដើម្បីប្រជាជនកម្ពុជា»៕

Tag:
 សុខាភិបាល
  ពេទ្យ
  អ្នកជំងឺ
© រក្សាសិទ្ធិដោយ thmeythmey.com