អន្តរជាតិ
កុមារី​ស៊ី​រីអាយុ​៥​ឆ្នាំ​ស្លាប់ ក្រោយ​ព្យាយាម​សង្គ្រោះ​ប្អូនស្រី​ខ្លួន​ពី​គំនរ​បាក់បែក​
25, Jul 2019 , 10:31 pm        
រូបភាព
 Rihan (ឃើញតែសក់) ព្យាយាមទាញប្អូនខ្លួនពីគំនរបាក់បែក។ រូបថត Aljazeera
Rihan (ឃើញតែសក់) ព្យាយាមទាញប្អូនខ្លួនពីគំនរបាក់បែក។ រូបថត Aljazeera
ដោយ: ថ្មីៗ
​កុមារី​ស៊ី​រី​វ័យ​៥​ឆ្នាំ ម្នាក់​បាន​ព្យាយាម​សង្គ្រោះ​ប្អូនស្រី​របស់ខ្លួន​ដែល​ជាប់​ក្នុង​គំនរ​នៃ​អគារ​បាក់បែក បន្ទាប់ពី​មានការ​វាយប្រហារ​ពីលើ​អាកាស​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ស៊ី​រី​។ នេះ​បើតាម​ការផ្សាយ​របស់ Al Jazeera ជាមួយនឹង​រូបថត និង​សង្គ្រោះ​របស់​កុមារី​រូបនោះ​។​



​ឪពុក​របស់​កុមារី បាន​ឈរ​ស្រែក​ឲ្យ​គេ​ជួយសង្គ្រោះ​កូនស្រី​របស់ខ្លួន​ក្រោម​គំនរ​បាក់បែក នៅ​ក្រុង Ariha ខេត្ត Idlib ភាគ​ខាងជើង​ស៊ី​រី ដែល​រដ្ឋាភិបាល​បាន​ទម្លាក់​កាលពី​ថ្ងៃ​ពុធ កន្លងមក​ដើម្បី​វាយ​ដណ្តើមយក​តំបន់​នោះ​ពី​ក្រុម​ឧទ្ទាម ជី​ហាត​វិញ​។​

​អ្នកជិតខាង និង​ក្រុម​សង្គ្រោះបាន​នាំគ្នា​ទៅ​ជួយ​ដល់​ក្រុម​កុមារ​ទាំងនោះ ប៉ុន្តែ​អគារ​បន្ត​បាក់ ហើយ​ក្រុម​ក្មេង​កាន់តែ​ធ្លាក់ចូល​យ៉ាងជ្រៅ​ក្នុង​គំនរ​បាក់បែក​។ កុមារី​អាយុ​៥​ឆ្នាំ Rihan បាន​ព្យាយាម​ទាញ​អាវ​ប្អូនស្រី Tuqa ដែលមាន​អាយុ​៧​ខែ​។​

Rihan បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ រីឯ​ប្អូនស្រី​របស់​នាង​ស្ថិតក្រោម​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បំផុត​។ តាម BBC ឪពុក​របស់​កុមារី​ទាំងនោះ មានឈ្មោះ Amjad al-Abdullah រីឯ​ម្តាយ​ឈ្មោះ Asmaa Nagohl ដែល​បាន​ស្លាប់​ផងដែរ​នៅ​គ្រោះថ្នាក់​បាក់​អាគារ​ដោយ​ការវាយប្រហារ​ផ្លូវអាកាស​នោះ​។​

​បុរស​ដែល​បាន​ថតរូប​អគារ​បាក់បែក​នោះ ដំបូង​ឡើយ​មិនបាន​ដឹងថា មាន​ក្មេងស្រី និង​ម្នាក់​ផ្សេងទៀត​ជាប់​ក្នុង​គំនរ​នោះទេ ប៉ុន្តែ​ក្រោយ​ឮ​សំឡេង​ឪពុក និង​ក្មេង​ស្រែក ទើប​ខ្លួនរ​ត់ទៅ​ជួយសង្គ្រោះ​កុមារី​ភ្លាមៗ​។​

​ការទម្លាក់​គ្រាប់បែក​រដ្ឋាភិបាល​ស៊ី​រី ដែលមាន​ជំនួយ​ពី​រុស្ស៊ី​នោះ បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​១៥​នាក់ និង​របួស​ជាច្រើន​នាក់ ជាពិសេស​ក្មេងៗ​៕

© រក្សាសិទ្ធិដោយ thmeythmey.com