អន្តរជាតិ
លោក គីម ជុងអ៊ុន ថា ការបាញ់មីស៊ីលពីរគ្រាប់ ជាការព្រមានកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន ត្រួតពិនិត្យការបាញ់មីស៊ីលនៅថ្ងៃទី២៥ ខែកក្កដា។ រូបភាព KCNA
× មីស៊ីលពីរគ្រាប់ដែលបាញ់នៅថ្ងៃទី២៥ ខែកក្កដា ជាប្រភេទអាវុធយុទ្ធសាស្ត្រថ្មី។ នេះជាការប្រកាសប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី២៦ ខែកក្កដា។ ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់អាវុធយុទ្ធសាស្ត្រថ្មីដោយផ្ទាល់ និងចាត់ទុកជាសារព្រមានទៅកាន់កូរ៉េខាងត្បូងដែល «ចូលចិត្តបង្កសង្គ្រាម» ទោះនិយាយដដែលៗថា ស្រឡាញ់សន្តិភាពក្ដី។ ត្រង់នេះ លោក គីម បានរិះគន់សមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងផង។
គម្រោងពង្រាយយន្តហោះស៊េរីទំនើប F-35 និងការធ្វើសមយុទ្ធរួមគ្នាជាមួយអាមេរិកនៅកូរ៉េខាងត្បូង ជាមូលហេតុនាំឲ្យមានការបាញ់មីស៊ីលចម្ងាយខ្លីពីរគ្រាប់ដោយកូរ៉េខាងជើងនៅថ្ងៃទី២៥ ខែកក្កដា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ថា ការបាញ់មីស៊ីលដែលជាអាវុធយុទ្ធសាស្ត្រថ្មីនេះ ជាការបង្ហាញអានុភាពយោធារបស់កូរ៉េខាងជើងឲ្យកូរ៉េខាងត្បូងបានឃើញ និងជាការព្រមានដ៏ខ្លាំងក្លាមួយផងដែរ។
បើតាម KCNA មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ជាអ្នកដឹកនាំ និងរៀបចំការបាញ់មីស៊ីលនេះដោយផ្ទាល់។ លោក គីម ចាត់ទុក ការបង្ហាញអានុភាពយោធានេះ ជាសារព្រមានយោធាកូរ៉េខាងត្បូងដែលស្រឡាញ់សង្គ្រាមតាមរយៈការពង្រាយអាវុធដ៏ទំនើបនៅកូរ៉េខាងត្បូង និងរៀបចំលំហាត់យោធា ទោះកូរ៉េខាងជើងបានព្រមានច្រើនលើកហើយក្ដី។ ប្រមុខដឹកនាំកូរ៉េខាងជើង ក៏រិះគន់សេអ៊ូលដែលលេងស្តង់ដាពីរជាន់ផង។
លោក គីម ជុងអ៊ុន បន្តចោទក្រុងសេអ៊ូល ថា ក្នុងពេលតែមួយដោយ ចាប់ដៃដើម្បីសន្តិភាព និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើងចំពោះមុខពិភពលោក តែខាងក្រោយខ្នងវិញដែរជានាំចូលអាវុធបង្ករឿងទំនើបៗ និងធ្វើសមយុទ្ធរួមទៅទៀត។ ដូចនេះ កូរ៉េខាងជើងមិនអាចធ្វើអ្វី ក្រៅពីឥតឈប់ឈរអភិវឌ្ឍប្រព័ន្ធអាវុធដ៏មានឥទ្ធិពល ដើម្បីលុបបំបាត់ការគំរាមកំហែងដោយផ្ទាល់ពីកូរ៉េខាងត្បូងលើសន្តិសុខកូរ៉េខាងជើង។
«យោបល់របស់គាត់សម្រាប់ប្រធានប្រតិបត្តិកូរ៉េខាងត្បូង គឺត្រូវស្វែងយល់ពីគ្រោះថ្នាក់ដែលកើតឡើងដោយសារការវិវត្តទាំងនេះ បញ្ឈប់ទង្វើអត្តឃាតតាមរយៈការនាំចូលអាវុធទំនើប និងការធ្វើសមយុទ្ធយោធា ហើយត្រឡប់មកមានជំហរត្រឹមត្រូវវិញ។» នេះជាសម្ដីរបស់លោក គីម ទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ដែលផ្សាយដោយ KCNA ។ ការហៅមេដឹកនាំកូរ៉េខាងត្បូងជាប្រធានប្រតិបត្តិនេះ ក៏ព្រោះតែកូរ៉េខាងជើងមិនដែលទទួលស្គាល់កូរ៉េខាងត្បូងឡើយ។
អ្វីគួរឲ្យចាប់អារម្មណ៍នោះ មេដឹកនាំកូរ៉េខាងជើង មិនបាននិយាយរិះគន់អាមេរិកសូម្បីមួយម៉ាត់។ នេះទំនងជាលោក គីម ចង់រក្សាបរិយាកាសល្អប្រសើរជាមួយអាមេរិក បន្ទាប់ពីបានជួបជាមួយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីចុងខែមិថុនាកន្លងទៅ។ លោក គីម និងលោក ត្រាំ បានេកភាពបន្តការចរចាឡើងវិញ ដែលនេះទំនងជាមូលហេតុដែលលោក គីម មិនចង់និយាយអ្វីពាក់ព័ន្ធអាមេរិក ឬធ្វើឲ្យស្ថានការល្អក់កករ៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
អាមេរិក
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com