អន្តរជាតិ
លោក គីម ជុង​អ៊ុន ថា ការបាញ់​មី​ស៊ី​លពីរ​គ្រាប់ ជាការ​ព្រមាន​កូរ៉េខាងត្បូង​
26, Jul 2019 , 9:41 am        
រូបភាព
លោក គីម ជុងអ៊ុន ត្រួតពិនិត្យការបាញ់មីស៊ីលនៅថ្ងៃទី២៥ ខែកក្កដា។ រូបភាព KCNA
លោក គីម ជុងអ៊ុន ត្រួតពិនិត្យការបាញ់មីស៊ីលនៅថ្ងៃទី២៥ ខែកក្កដា។ រូបភាព KCNA
​មី​ស៊ី​លពីរ​គ្រាប់​ដែល​បាញ់​នៅ​ថ្ងៃទី​២៥ ខែកក្កដា ជា​ប្រភេទ​អាវុធ​យុទ្ធសាស្ត្រ​ថ្មី​។ នេះ​ជាការ​ប្រកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​២៦ ខែកក្កដា​។ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ត្រួតពិនិត្យ​ការបាញ់​អាវុធ​យុទ្ធសាស្ត្រ​ថ្មី​ដោយផ្ទាល់ និង​ចាត់ទុកជា​សារ​ព្រមាន​ទៅកាន់​កូរ៉េខាងត្បូង​ដែល «​ចូលចិត្ត​បង្ក​សង្គ្រាម​» ទោះ​និយាយ​ដដែលៗ​ថា ស្រឡាញ់​សន្តិភាព​ក្ដី​។ ត្រង់នេះ លោក គីម បាន​រិះគន់​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ផង​។​

 
​គម្រោង​ពង្រាយ​យន្តហោះ​ស៊េរី​ទំនើប F-35 និង​ការធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​អាមេរិក​នៅ​កូរ៉េខាងត្បូង ជា​មូលហេតុ​នាំ​ឲ្យ​មានការ​បាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ពីរ​គ្រាប់​ដោយ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២៥ ខែកក្កដា​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​នៅ​ថ្ងៃទី​២៦ ខែកក្កដា ថា ការបាញ់​មី​ស៊ី​ល​ដែលជា​អាវុធ​យុទ្ធសាស្ត្រ​ថ្មី​នេះ ជាការ​បង្ហាញ​អានុភាព​យោធា​របស់​កូរ៉េខាងជើង​ឲ្យ​កូរ៉េខាងត្បូង​បានឃើញ និង​ជាការ​ព្រមាន​ដ៏​ខ្លាំងក្លា​មួយ​ផងដែរ​។​
 
​បើតាម KCNA មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ជា​អ្នកដឹកនាំ និង​រៀបចំ​ការបាញ់​មី​ស៊ី​ល​នេះ​ដោយផ្ទាល់​។ លោក គីម ចាត់ទុក ការបង្ហាញ​អានុភាព​យោធា​នេះ ជា​សារ​ព្រមាន​យោធា​កូរ៉េខាងត្បូង​ដែល​ស្រឡាញ់​សង្គ្រាម​តាមរយៈ​ការពង្រាយ​អាវុធ​ដ៏​ទំនើប​នៅ​កូរ៉េខាងត្បូង និង​រៀបចំ​លំ​ហាត់​យោធា ទោះ​កូរ៉េខាងជើង​បាន​ព្រមាន​ច្រើនលើក​ហើយ​ក្ដី​។ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង ក៏​រិះគន់​សេ​អ៊ូ​ល​ដែល​លេង​ស្តង់ដា​ពីរ​ជាន់​ផង​។​
 
​លោក គីម ជុង​អ៊ុន បន្ត​ចោទ​ក្រុង​សេ​អ៊ូ​ល ថា ក្នុងពេល​តែមួយ​ដោយ ចាប់ដៃ​ដើម្បី​សន្តិភាព និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េខាងជើង​ចំពោះមុខ​ពិភពលោក តែ​ខាង​ក្រោយខ្នង​វិញ​ដែរ​ជា​នាំចូល​អាវុធ​បង្ករឿង​ទំនើបៗ និង​ធ្វើ​សមយុទ្ធ​រួម​ទៅទៀត​។ ដូចនេះ កូរ៉េខាងជើង​មិនអាច​ធ្វើ​អ្វី ក្រៅពី​ឥតឈប់ឈរ​អភិវឌ្ឍ​ប្រព័ន្ធ​អាវុធ​ដ៏​មាន​ឥទ្ធិពល ដើម្បី​លុបបំបាត់​ការគំរាមកំហែង​ដោយផ្ទាល់​ពី​កូរ៉េខាងត្បូង​លើ​សន្តិសុខ​កូរ៉េខាងជើង​។​
 
«​យោបល់​របស់គាត់​សម្រាប់​ប្រធាន​ប្រតិបត្តិ​កូរ៉េខាងត្បូង គឺ​ត្រូវ​ស្វែងយល់​ពី​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយសារ​ការវិវត្ត​ទាំងនេះ បញ្ឈប់​ទង្វើ​អត្តឃាត​តាមរយៈ​ការនាំ​ចូល​អាវុធ​ទំនើប និង​ការធ្វើ​សមយុទ្ធ​យោធា ហើយ​ត្រឡប់មក​មាន​ជំហរ​ត្រឹមត្រូវ​វិញ​។​» នេះ​ជា​សម្ដី​របស់លោក គីម ទៅកាន់​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ដែល​ផ្សាយ​ដោយ KCNA ។ ការហៅ​មេដឹកនាំ​កូរ៉េខាងត្បូង​ជា​ប្រធាន​ប្រតិបត្តិ​នេះ ក៏​ព្រោះតែ​កូរ៉េខាងជើង​មិនដែល​ទទួលស្គាល់​កូរ៉េខាងត្បូង​ឡើយ​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ មេដឹកនាំ​កូរ៉េខាងជើង មិនបាន​និយាយ​រិះគន់​អាមេរិក​សូម្បី​មួយ​ម៉ាត់​។ នេះ​ទំនងជា​លោក គីម ចង់​រក្សា​បរិយាកាស​ល្អប្រសើរ​ជាមួយ​អាមេរិក បន្ទាប់ពី​បាន​ជួប​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាលពី​ចុងខែ​មិថុនា​កន្លងទៅ​។ លោក គីម និង​លោក ត្រាំ បា​នេ​ក​ភាព​បន្ត​ការចរចា​ឡើងវិញ ដែល​នេះ​ទំនងជា​មូលហេតុ​ដែល​លោក គីម មិន​ចង់​និយាយ​អ្វី​ពាក់ព័ន្ធ​អាមេរិក ឬ​ធ្វើ​ឲ្យ​ស្ថាន​ការ​ល្អក់កករ​៕  

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com