កីឡាអន្តរជាតិ
អន្តរជាតិ
​អ្នក​ប្រដាល់​អា​ហ្ស​ង់​ទីន​ស្លាប់ ក្រោយ​របួស​ធ្ងន់ធ្ងរ​ពេល​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBC
26, Jul 2019 , 10:31 am        
រូបភាព
​កីឡាករ​ប្រដាល់​អា​ហ្ស​ង់​ទីន Hugo Santillan បាន​ស្លាប់​នៅត្រឹម​អាយុ​២៣​ឆ្នាំ ដោយសារ​រងរបួស​ធ្ងន់​ធ្ង​រ​ពេក​អំឡុង​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​ស្រាល WBC ពោលគឺ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នេះជាករណីទីពីរ បន្ទាប់ពី​ការស្លាប់​របស់​អ្នក​ប្រដាល់​រុស្ស៊ី Maxim Dadashev ។​



Santillan បាន​តតាំង​ជាមួយ​អ្នក​ប្រដាល់ Eduardo Javier Abreu ក្នុងជំនួប​ដណ្តើម​ខ្សែ​វាត់ WBC Latino Silver lightweight នៅ​ស្វៀ​ង​ក្នុងប្រទេស​អា​ហ្ស​ង់​ទីន​កាលពី​ថ្ងៃ​សោ​រ៍​កន្លងទៅ ដែល​លទ្ធផល​បញ្ចប់ទៅ​ស្មើគ្នា​។ ប៉ុន្តែ​ក្រោយ​ការប្រកួត​នោះ​ភ្លាមៗ Santillan បាន​ដួលសន្លប់​នៅលើ​សង្វៀន​តែម្តង​។​
 
​អ្នក​ប្រដា​ល់វ័យ​២៣​ឆ្នាំ​រូបនេះ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ និង​ទទួល​ការវះកាត់​សង្គ្រោះបន្ទាន់​ប៉ុន្តែ​បាន​ស្លាប់​នៅ​ថ្ងៃទី​២៥ ខែកក្កដា​ម្សិលមិញ​។ Santillan ជា​អ្នក​ប្រដាល់​ទី​ពីរ​ដែល​បាន​ស្លាប់​ដោយសារ​ការរង​របួស​នៅលើ​សង្វៀន ក្នុង​សប្តាហ៍​នេះ​បន្ទាប់ពី​ការស្លាប់​របស់ Dadashev កាលពី​ថ្ងៃ​អង្គារ​។​

 
 
​អ្នក​ប្រដាល់​រុស្ស៊ី Dadashev វ័យ​២៨​ឆ្នាំ បាន​ស្លាប់​បន្ទាប់ពី​រងរបួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​នា​ជំនួប​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​ស្រាល IBF ជាមួយ​កីឡាករ​ព័រ​តូ​រី​កូ Subriel Matias​។ កីឡាករ​រូបនេះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ផងដែរ ប៉ុន្តែ​នៅតែ​មិនអាច​ស្រោចស្រង់​ជីវិត​បាន​។​
 
​ការស្លាប់​របស់​អ្នក​ប្រដាល់​រហូតដល់​ទៅ​ពីររូប​ត្រឹម​រយៈពេល​ពីរ​ថ្ងៃ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​កពាក់​ព័ន្ធ​ក្នុង​អាជីព​នេះ​ផងដែរ​។ អ្នក​ផ្គូផ្គង​កីឡាប្រដាល់​ដ៏​ល្បីឈ្មោះ​លោក Kalle Sauerland បាន​សម្តែង​ការសោកស្តាយ​ដោយ​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់លោក​ថា​នេះ​ជា​សប្តាហ៍​ដ៏​សោកសៅ​បំផុត​សម្រាប់​អ្នក​ប្រដាល់​៕
 

Tag:
 ​ប្រដាល់​
  Hugo Santillan
© រក្សាសិទ្ធិដោយ thmeythmey.com