ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ៖«យើង បន្តពុះពារប្រឆាំងគ្រឿងញៀន រហូតបំបាត់ទាំងស្រុងពីកម្ពុជា» សម្តេច ស ខេង ចូលរួមដុតបំផ្លាញគ្រឿងញៀននាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង)
× ទោះមួយរយៈចុងក្រោយនេះ កម្លាំងសកម្មកិច្ច ហាក់ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនក្តី តែសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅតែយល់ថា មិនទាន់ឆ្លើយតបបានពេញលេញទៅនឹងបំណងរបស់រដ្ឋាភិបាលនិងប្រជាជលរដ្ឋនោះទេ។
តាមរយៈទំព័រហ្វេសប៊ុក រដ្ឋមន្ត្រីមហាផ្ទៃ បានសរសេរយ៉ាងដូច្នេះថា៖«យើងនៅតែបន្តខិតខំពុះពារតស៊ូអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ រហូតធ្វើឲ្យបទល្មើសគ្រឿងញៀន ត្រូវបានកាត់បន្ថយ និងឈានទៅលុបបំបាត់ទាំងស្រុងពីសង្គមកម្ពុជា នាពេលអនាគត»។
យ៉ាងណា សម្តេចរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ សម្តេច គូសបញ្ជាក់ថា តាមរយៈសកម្មភាពដ៏ផុសផុលនេះ កម្លាំងសមត្ថកិច្ច បានចាប់មេខ្លោង និងជនល្មើសមួយចំនួនធំ រួមទាំងរឹបអូសគ្រឿងញៀនជាច្រើន។
សម្តេច បានក្រើនរម្លឹកពាក្យ៤ម៉ាត់ទៅដល់មន្ត្រីនិងកងកម្លាំង គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ធូរដៃ និងកុំធ្វើអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀន។ សម្តេច បានជំរុញប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ ឲ្យបន្តចូលរួមកាន់តែសកម្ម ក្នុងការគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញឿននៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com