អន្តរជាតិ
ក្រុមហ៊ុន​អចល​ទ្រព្យ​នៅ​ចិន​ជាច្រើន ប្រកាស​ក្ស័យធន ក្រោយ​រដ្ឋាភិបាល​រឹតត្បិត​ការខ្ចី​បុល
26, Jul 2019 , 7:39 pm        
រូបភាព
គម្រោងអភិវឌ្ឍអចលនទ្រព្យនៅទីក្រុង Hangzhou ប្រភពរូប៖ AFP
គម្រោងអភិវឌ្ឍអចលនទ្រព្យនៅទីក្រុង Hangzhou ប្រភពរូប៖ AFP
ដោយ:
​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ចិន​ជាច្រើន ចាប់ផ្តើម​បិទទ្វារ​ជា​បន្តបន្ទាប់ ក្រោយពី​ពួកគេ​ពិបាក​ខ្ចីលុយ​ពី​ធនាគារ​។ ការ​រឹតត្បិត​លើ​ការខ្ចី​បុល​ពី​សំណាក់​ក្រុង​ប៉េកាំង​នេះ ធ្វើឡើង​ក្រោយពី​កំណើនសេដ្ឋកិច្ច​ចិន បន្ត​ធ្លាក់​ថយចុះ ហើយ​បំណុល​សរុប​ជាតិ ប៉ោង​ឡើង​ខ្លាំង​បំផុត​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៩ ពោលគឺ​ស្មើនឹង ៣០០​ភាគរយ​នៃ GDP  ឬ ៤០​ទ្រី​លាន​ដុល្លារ​។

 
​គិត​មកដល់ពេលនេះ ក្រុមហ៊ុន​អចលនទ្រព្យ​ចំនួន ២៧៤​ក្រុមហ៊ុន បានប្រកាស​ក្ស័យធន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​វេ​ប​សាយ​តុលាការ​កំពូល​ចិន People’s Court Daily នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩​។ តួលេខ​នេះ កើនឡើង ៥០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ 
 
​តាម​របាយការណ៍​ដដែល ក្រុមហ៊ុន​លំដាប់​កំពូល​មួយ​ប្រចាំ​ប្រទេស​ចិន​ឈ្មោះ Yinyi Group ដែល​ទទួលបន្ទុក​អភិវឌ្ឍ​កំពង់​ទីក្រុង​មជ្ឍមណ្ឌល​ឧស្សាហកម្ម Ningbo បានប្រកាស​ក្ស័យធន កាលពី​ខែមិថុនា​កន្លងទៅ ក្រោយពី​ខ្លួន​បរាជ័យ​សងបំណុល ៤៣,៦​លាន​ដុល្លារ ដែល​ខ្ចី​កាលពី​៣​ឆ្នាំមុន​។​
 
​ទោះបីជា ក្រុមហ៊ុន​ដែល​បានប្រកាស​ក្ស័យធន​មាន​ចំនួន​តិចតួច បើ​ធៀប​នឹង​ក្រុមហ៊ុន​អចលនទ្រព្យ​សរុប​ប្រមាណ ១០​ម៉ឺន​ក្រុមហ៊ុន​ក្នុងប្រទេស​ចិន​ក៏ដោយ​ក្តី គេ​ព្រួយបារម្ភ​ថា ការប្រកាស​ក្ស័យធន​បែបនេះ នឹង​បន្ត​កើនឡើង​។ តាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post  ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន R&D China E-House លើកឡើងថា មនុស្ស​គ្រប់គ្នា​ទាំង​អ្នកទិញ​ផ្ទះ និង​អ្នកវិនិយោគ សុទ្ធតែ​ព្រួយ​បា​ម្ភ​អំពី​លំហូ​ទឹកប្រាក់​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​។​
 
ក្រុមហ៊ុន​សាងសង់​លំនៅឋាន​ចិន មានការ​លំបាក​ជាង​មុន​ក្នុងការ​ខ្ចីបុល​ពី​ធនាគារ ក្រោយពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ព្យាយាម​ទប់ស្កាត់​កំណើន​នៃ​បំណុល​ក្រុមហ៊ុន ដោយ​រឹតត្បិត​លើ​ការ​ខ្ចីបុល​តាមរយៈ​នីតិវិធី​មិន​ផ្លូវការ ដែល​ស្គាល់​ថា «Shadow Banking»​។ តួយ៉ាង ក្នុង​ខែឧសភា ឆ្នាំ​២០១៩ អាជ្ញាធរ​ចិន បានដាក់​បម្រាម​លើ​ការផ្តល់​កម្ចី​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​គ្មាន​ផែនការ​សាងសង់ និង​កម្ចី​សម្រាប់​គម្រោង​មិន​ច្បាស់លាស់​៕

© រក្សាសិទ្ធិដោយ thmeythmey.com