អន្តរជាតិ
បើកម៉ូតូលើផ្លូវថ្មើរជើងនៅក្រុងបាងកក ប្រឈមនឹងការពិន័យ៦៥ដុល្លារអាមេរិក
29, Jul 2019 , 8:19 pm        
រូបភាព
ប្រភពរូប៖ វេបសាយ Thaiger
ប្រភពរូប៖ វេបសាយ Thaiger
ដោយ:
​អ្នកជិះ​ម៉ូតូ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ពេល​បើកបរ​លើផ្លូវ​ថ្មើរជើង​ក្នុង​រាជធានី​បាងកក នៃ​ប្រទេស​ថៃ នឹង​ប្រឈម​នឹង​ការពិន័យ ២​ពាន់​បាត ឬ​ស្មើនឹង​ប្រមាណ ៦៥​ដុល្លារ ។ ការអនុវត្ត​បទបញ្ជា​នេះ នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១ ខែសីហា​តទៅ​។

 
​នៅ​ថ្ងៃទី ២៤ ខែកក្កដា លោក​អភិបាលរងក្រុង​បាងកក Sakoltee Phattiyakul  គូសបញ្ជាក់ថា សាលាក្រុង បានសម្រេច​ចិត្ត​ដំឡើង​ប្រាក់​ពិន័យ​ទ្វេដង ព្រោះថា អ្នកជិះ​ម៉ូតូ នៅតែ​រឹងទទឹង​បន្ត​ប្រើប្រាស់​ផ្លូវ​ថ្មើរជើង​ដដែល ទោះបីជា​មានការ​ព្រមាន​ជា​ច្រើនដង​ក៏ដោយ​ក្តី​។ តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ ការលើកឡើង​របស់លោក បាន​ធ្វើឡើង​ក្រោយពី​ជួបប្រជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​មក​ពី​នាយកដ្ឋាន​អនុវត្ត​ច្បាប់​នៃ​រដ្ឋបាល​ក្រុង​បាងកក​។ 
 
​សាលាក្រុង​បាងកក បានដាក់​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​មូលដ្ឋាន​ទាំងអស់​ហាមឃាត់​អ្នកជិះ​ម៉ូតូ​ប្រើប្រាស់​ផ្លូវ​ថ្មើរជើង និង​បង្កើត​មជ្ឈមណ្ឌល​បង់ប្រាក់​ពិន័យ​ទៀតផង​។ នេះ​ជាការ​អះអាង​របស់លោក​អភិបាលរងក្រុង Sakoltee ដោយ​សង្កត់ធ្ងន់ថា ការដាក់ពិន័យ​ត្រឹម ១​ពាន់​បាត ឬ​ស្មើនឹង ៣២,៣​ដុល្លារ ទទួល​បរាជ័យ​ក្នុងការ​កាត់បន្ថយ​ចំនួន​អ្នកជិះ​ម៉ូតូ​លើផ្លូវ​ថ្មើរជើង​។​
 
​ការដាក់ពិន័យ​ថ្មី​ចំនួន ២​ពាន់​បាត នឹងត្រូវ​អនុវត្ត​ចាប់ពី​ដើមខែ​សីហា តទៅ​។ ទន្ទឹមនឹង​គ្នា​នេះ នាយកដ្ឋាន​អនុវត្ត​ច្បាប់​ថៃ ក៏​នឹង​បង្កើត​កម្មវិធី​ទូរ​សព្ទ​មួយ​សម្រាប់​ត្រួតពិនិត្យ​តួលេខ​អ្នកជិះ​ម៉ូតូ​ដែល​ប្រើប្រាស់​ផ្លូវ​ថ្មើរជើង​ថែមទៀត​ផង​។​
 
​សូមបញ្ជាក់ថា រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ អ្នកជិះ​ម៉ូតូ​សរុប​ចំនួន ២០ ៦៥៩​នាក់ ត្រូវបាន​ចាប់​ពាក់ព័ន្ធ​ការបើកបរ​លើផ្លូវ​ថ្មើរជើង​។ ក្នុងនោះ មនុស្ស ៤១៩៧​នាក់ ត្រូវបាន​អាជ្ញាធរ​ព្រមាន និង​ដោះលែង​ទៅវិញ ចំណែក ១៤៨៧៩​នាក់​ទៀត នឹង​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។ អ្នកបើកបរ​ដែល​នៅ​សេសសល់​ចំនួន ១៧៨៤​នាក់ កំពុងស្ថិត​ក្នុង​ដំណើរការ​ផ្លូវច្បាប់​។ កន្លងទៅ ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ  បាន​ផ្សាយ​ថា លុយ​ពិន័យ​សរុប​ដែល​ប្រមូលបាន​មាន​ចំនួន ៣៦,១​ម៉ឺន​ដុល្លារ​៕

Tag:
 ថៃ​
  ម៉ូតូ
© រក្សាសិទ្ធិដោយ thmeythmey.com