អន្តរជាតិ
ប្រមុខការទូតអាមេរិក ប្រាប់តួកគីមិនត្រូវប្រើ S-400 ឡើយ បើមិនចង់ត្រូវថ្មោងថែមទៀត រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ។ រូបភាព AFP
× បន្ទាប់ពីមិនអាចទប់ស្កាត់តួកគីពីការទទួលយកប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ីបាននោះ អាមេរិកបែរជាប្រាប់ឲ្យសម្ព័ន្ធមិត្តណាតូមួយនេះ មិនត្រូវប្រើប្រព័ន្ធការពារនេះទៅវិញ។ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃទី២៥ ខែកក្កដា ព្រមានពីការដាក់ទណ្ឌកម្មលើតួកគី បើសិនហ៊ានបំពាននោះ។ យោងតាមសម្ដីលោក ប៉ុមប៉េអូ រដ្ឋាភិបាលអាមេរិកហាក់ដូចជាដកថយមួយជំហានក្នុងការឆ្លើយតបនឹងតួកគីលើរឿងទិញសព្វាវុធពីរុស្ស៊ី។
ហាមពេលទិញមិនបាន ហាមមិនឲ្យប្រើម្ដង! រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានផ្ដល់យោបល់ឲ្យតួកគី មិនត្រូវដាក់ឲ្យដំណើរការប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ដែលទើបទទួលនាពេលថ្មីៗនេះឡើយ ព្រោះអាចនាំទៅរកទណ្ឌកម្មថែមទៀត។
ក្រោយក្រុងអង់ការ៉ាទទួលបានគ្រឿងបរិក្ខារ S-400 ក្រុមដំបូងនោះ អាមេរិកបានបណ្ដេញតួកគីចេញពីកម្មវិធីយន្តហោះទំនើប F-35 របស់ខ្លួន។ តួកគី បានបោះទុនចំនួន១,២៥ពាន់លានដុល្លារទៅក្នុងកម្មវិធីនេះ ប៉ុន្តែគេមិនដឹងថា អាមេរិកនឹងសងលុយនេះឲ្យតួកគីវិញឬយ៉ាងណាឡើយ។ ក្រុងវ៉ាស៊ីនតោនមិនទាន់ចំណាត់ការអ្វីបន្ថែមឡើយលើក្រុងអង់ការ៉ា ខណៈលោក ដូណាល់ ត្រាំ ហាក់មិនចង់ដាក់សម្ពាធខ្លាំងលើសមាជិកសម្ព័ន្ធយោធាណាតូមួយនេះឡើយ។
យ៉ាងណាមិញ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Bloomberg នៅថ្ងៃទី២៥ ខែកក្កដា លោក ប៉ុមប៉េអូ និយាយថា នឹងមានទណ្ឌកម្មបន្តបន្ទាប់លើតួកគី ប៉ុន្តែអ្វីដែលអាមេរិកចង់បាន គឺតួកគីមិនត្រូវធ្វើប្រតិបត្តិការ S-400 ឡើយ។ ប៉ុន្តែបើមានហើយមិនប្រើ តើទិញធ្វើអ្វី?
តាមពិតទៅនោះ អាមេរិកហាក់រុញរាក្នុងការដាក់ទណ្ឌកម្មពេញបន្ទុកលើតួកគី។ ទីមួយ លោក ត្រាំ ផ្ទាល់យល់ថា តួកគីទិញ S-400 ដោយសាររដ្ឋបាលលោក បារ៉ាក់ អូបាម៉ា មិនព្រមលក់ប្រព័ន្ធការពារ Patriot ឲ្យ។ អាមេរិក ចង់លក់សព្វាវុធខ្លួនឲ្យតួកគីតាំងពីឆ្នាំ២០១៣ មក ប៉ុន្តែតួកគីចង់បានការផ្ទេរបច្ចេកវិទ្យាដែរដើម្បីអាចអភិវឌ្ឍមីស៊ីលបានខ្លួនឯង តែរដ្ឋបាលលោក អូបាម៉ា មិនព្រម ទើបគម្រោងដោះដូរបរាជ័យតែម្ដង។
ឯរឿងទីពីរ អាមេរិកបារម្ភថា លែងអាចប្រើប្រាស់មូលដ្ឋានយោធាតួកគីបានទៀត។ សព្វថ្ងៃនេះ អាមេរិកកំពុងប្រើមូលដ្ឋានទ័ព Incirlik សម្រាប់ទ្រទ្រង់ប្រតិបត្តិការនៅស៊ីរី និងអ៊ីរ៉ាក់។ ក្រុងអង់ការ៉ា ក៏កំពុងគិតគូរចំណាត់ការតបក្រុងវ៉ាស៊ីនតោនវិញ ហើយសេណារីយូអាក្រក់បំផុតនោះ គឺអាចបណ្ដេញយោធាអាមេរិកចេញពីទឹកដីខ្លួនតែម្ដង។ រដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu បញ្ជាក់ថា ប្រសិនបើអាមេរិកចាត់វិធានការអវិជ្ជមានប្រឆាំងតួកគី តួកគីនឹងចម្លើយឲ្យវិញមិនខាន៕
Tag:
អាមេរិក
តួកគី
រុស្ស៊ី
S-400
ម៉ៃ ប៉ុមប៉េអូ
© រក្សាសិទ្ធិដោយ thmeythmey.com