ជាតិ
អាជ្ញាធរ​បិទផ្លូវ​ឡើង​ភ្នំ​គូលែន​ស្រុក​ស្វាយ​លើ បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​ចិន​២​នាក់​
26, Jul 2019 , 9:39 pm        
រូបភាព
​សៀមរាប​៖ បន្ទាប់ពី​មានការ​គ្រោះថ្នាក់​ជា​បន្តបន្ទាប់ និង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​ពិភាក្សា​ពី​ក្រុមការងារ​ចម្រុះ​រួចមក ផ្លូវ​ភ្នំ​គូលែន​ក្នុងភូមិ​សាស្ដ្រ​ស្រុក​ស្វាយ​លើ បាន​បិទ​ការ​ចរាចរណ៍​ចាប់ពី​ថ្ងៃទី​២៥ កក្កដា តទៅ​រហូតដល់​ផ្លូវ​នេះ​សាងសង់​រួចរាល់​ជា​ស្ថាពរ​។​

 
​ក្នុង​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​២៤ កក្កដា បាន​ជម្រាប​ដល់​សាធារណជន ក្រុមហ៊ុន មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពី​ការបិទ​ចរាចរណ៍​ទាំងស្រុង​លើផ្លូវ​ខ្នងភ្នំ​គូលែន​ពី​ផ្លូវ​ឡើង​ស្រុក​ស្វាយ​លើ​ដល់​ភូមិ​តា​ពេញ​នេះ​។ អាជ្ញាធរ​ជាតិ​អប្សរា​លើក​ហេតុផល​ថា ផ្នែក​ខ្លះ​នៃ​ផ្លូវ​នេះ​មិនទាន់មាន​សុវត្ថិភាព​ក្នុង​ការធ្វើ​ចរាចរណ៍​នៅឡើយ​។ ជាមួយគ្នានេះ អាជ្ញាធរ​ក៏បាន​រកឃើញ​ទៀតថា ទីតាំង​មួយចំនួន​នៅមាន​គ្រាប់​ក្រួស​ដែល​បណ្ដាលឱ្យ​រថយន្ត​ក្នុងស្ថានភាព​ចុះ​ចំណោត​ងាយ​រអិល ចំណុច​បត់​កោង​មួយចំនួនទៀត​មាន​សភាព​តូចចង្អៀត និង​មិនទាន់​ធ្វើ​ជម្រាល​សុវត្ថិភាព​នៅឡើយ​។​ល​។ 
 
​ដើម្បី​បញ្ជៀ​ស​ហានិភ័យ​ផ្សេងៗ អាជ្ញាធរ​សម្រេច​បិទផ្លូវ​នេះ​ទាំងស្រុង​ចាប់ពី​ថ្ងៃទី​២៥ កក្កដា​តទៅ រហូតដល់​ផ្លូវ​នេះ​ត្រូវបាន​ស្ថាបនា​រួច​ជា​ស្ថាពរ​។ ប៉ុន្តែ​ករណីនេះ បាន​លើកលែង​សម្រាប់​ប្រជាជន​ដែល​រស់​នៅលើ​ខ្នងភ្នំ​គូលែន ដែលមាន​លិខិត​ឆ្លងកាត់​ដែល​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​។​
 
​អាជ្ញាធរ​ជាតិ​អប្សរា សង្ឃឹម​យ៉ាង​មុតមាំ​ថា សាធារណជន ក្រុមហ៊ុន មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ នឹងចូលរួម​អនុវត្តន៍​តាម​សេចក្ដីជូនដំណឹង​នេះ​ឱ្យបាន​ល្អប្រសើរ​។​
 
​គួរ​បញ្ជាក់ថា ផ្លូវ​នេះ​គឺជា​គម្រោង​អភិវឌ្ឍន៍​ថ្មី​របស់​អាជ្ញាធរ​ជាតិ​អប្សរា បំណង​ដើម្បី​សម្រួល​ចរាចរណ៍​ឡើង​ចុះ​ភ្នំ​គូលែន ដែល​ពីមុន​មានតែ​ផ្លូវ​មួយ​ខ្សែ​សម្រាប់​ឡើង​ចុះ​។ ជាមួយគ្នានេះ ផ្លូវ​នេះ​ក៏​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​ក្នុង​ការឡើង​ចុះ​ភ្នំ​គូលែន​ផងដែរ ដែល​ពីមុន​ការធ្វើដំណើរ​ត្រូវ​វាង​ទៅ​ស្រុក​បន្ទាយស្រី ដែលមាន​ចំងាយ​ឆ្ងាយ​។ ក្រោយ​បើក​ការដ្ឋាន​សាងសង់​ប្រមាណ​ជិត​២​ឆ្នាំ​មកនេះ ផ្លូវ​នេះ​មិនទាន់​សង់​រួចរាល់​នៅឡើយ តែ​បាន​បើក​ឱ្យធ្វើ​ដំណើរ​ជា​បណ្ដោះអាសន្ន​។ ថ្មីៗ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងហោច​ចំនួន​២​លើក​នៅលើ​ផ្លូវ​នេះ ដែល​លើក​ទី​១​បានកើត​ឡើងលើ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ប្រជាពលរដ្ឋ​មួយគ្រឿង ដែល​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ស្រាល ចំណែក​គ្រោះថ្នាក់​លើក​ទី​២ កើតឡើង​នៅ​ថ្ងៃទី​២១ កក្កដា លើ​រថយន្ត​ភ្ញៀវទេសចរ​ជនជាតិ​ចិន​មួយក្រុម​មាន​គ្នា​១៣​នាក់ ក្នុងនោះ​ស្លាប់​ចំនួន​២​នាក់​៕
 

Tag:
 ផ្លូវ​ភ្នំ​គូលែន​
  អាជ្ញាធរ​ជាតិ​អប្សរា​
© រក្សាសិទ្ធិដោយ thmeythmey.com