វី ស្រី​ខួច​៖«​លទ្ធផល​យ៉ាងណា​នៅ​ស៊ី​ហ្គេម មានតែ​ខំប្រឹង​រាល់ថ្ងៃ និង​ការហ្វឹកហាត់​នៅ​ជប៉ុន​»
ONE Championship
កីឡាជាតិ
ជាតិ
វី ស្រី​ខួច​៖«​លទ្ធផល​យ៉ាងណា​នៅ​ស៊ី​ហ្គេម មានតែ​ខំប្រឹង​រាល់ថ្ងៃ និង​ការហ្វឹកហាត់​នៅ​ជប៉ុន​»
26, Jul 2019 , 9:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​វី ស្រី​ខួច ជា​កីឡាការិនី​ប្រដាល់សកល​ជម្រើសជាតិ​ម្នាក់​ដូច នៅ ស្រី​ពៅ និង​ជា​ក្ដីសង្ឃឹម​របស់​កម្ពុជា​នៅ​ស៊ី​ហ្គេម​ខាងមុខនេះ​។ វី ស្រី​ខួច នឹង​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ជប៉ុន​ចាប់ពី​ថ្ងៃទី​១ ខែ កញ្ញា​តទៅ ដើម្បី​ត្រៀមខ្លួន​ឲ្យ​បានល្អ​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ចុងឆ្នាំ ២០១៩ នេះ​។


 
​ការ​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ចាប់ពី​ដើមខែ កញ្ញា នឹង​បន្ត​រហូតដល់​ថ្ងៃ​ចេញទៅ​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី​៣០ ដែល​រៀបចំ​នៅ​ហ្វីលីពីន ពីថ្ងៃ​ទី ៣០ ខែ វិច្ឆិកា រហូតដល់​ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩​។ 
 
​វី ស្រី​ខួច ដែលមាន​បទពិសោធន៍​ចូលរួម​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ នោះបាន​គូសបញ្ជាក់ថា ៖«​ខ្ញុំ​មានតែ​ការ​ខំប្រឹង​ប៉ុណ្ណោះ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​។ ខ្ញុំ​សង្ឃឹមថា​ការហ្វឹកហាត់​នៅ​ជប៉ុន​បូករួម​ទាំង​ការហ្វឹកហាត់​នៅ​ស្រុក​ខ្មែរ​ជា​យូរ​មកនេះ​ធ្វើ​ឲ្យ​ការប្រកួត​របស់ខ្ញុំ​កាន់តែ​ប្រសើរឡើង​»​។​
 
​ស្រី​ខួច ដែលមាន​បទពិសោធន៍​នៅ​សង្វៀន ONE រំលឹក​ត​ទៀត​បែបនេះ​៖«​ខ្ញុំ​មាន​អារម្មណ៍​ថា កម្លាំង​ស៊ុ​ហ្វ ខ្ញុំ​ល្អ​ជាង​មុន ទោះ​ខ្ញុំ​ឡើង​គីឡូ​ជាង​៥០ ដល់ ៦១ គីឡូក្រាម​ពេលនេះ​ក្ដី​។ ពេល​ខ្ញុំ​ឡាំ​គ្នា​ពេល​ហ្វឹកហាត់ ឬ វ៉ៃ​ឆ្លាស់​គូ​គ្នា​អី អត់​ឆាប់​អស់​ដូច​មុន​ទេ​»​។ កីឡាការិនី​រូបនេះ​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​ដែល​ប្រមូលផ្ដុំ​ដោយ​ក្រសួង​អប់រំ យុវជន និង កីឡា​នៅ​ពហុ​កីឡដ្ឋាន​ជាតិប្រមាណ​ជា ៤ ខែ​មកហើយ​ជាមួយ​គ្រូ​ប្រដាល់​ជម្រើសជាតិ​ដូចជា​លោក Rolando Castellano Rodriquez ជនជាតិ​គុយបា លោក វ៉ែន សុផល​, លោក ជ័យ ណា​រ៉ា​, និង លោក ឡុង សា​លីន​។ ពេលវេលា​នៃ​ការហ្វឹកហាត់​គឺ ព្រឹក​ចាប់ពី​ម៉ោង ៦ ដល់ ម៉ោង ៩ ព្រឹក​, និង រសៀល​ពី​ម៉ោង ២ កន្លះ ដល់​ម៉ោង ៥ ល្ងាច​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ប៉ុន្តែ​ថ្ងៃ​សៅរ៍ ហ្វឹកហាត់​១​ព្រឹក​។ 


 
​បែបណា​ក្ដី កីឡាការិនី​ឡើង​សង្វៀន​អន្តរជាតិ ONE ចំនួន ៤​លើក​រូបនេះ​បាន​ត្អូញត្អែរ​កន្លងមក​ថា វា​ជាការ​លំបាក​បន្តិច​សម្រាប់​កីឡាការិនី​ប្រដាល់សកល​ជម្រើសជាតិ ព្រោះ​បានតែ​ហ្វឹកហាត់ និង ឡាំ​គ្នា​ជាមួយ​កីឡាករ ប៉ុន្តែ​កម្រ​មាន​គូប្រកួត​ឡើង​រេញ​ដើម្បី​ឲ្យ​សុំា​មុន​ទៅ​ប្រកួត​ស៊ី​ហ្គេម​តំណាង​ឲ្យ​ជាតិ​។ 
 
​ក្នុងនាម​គ្រូបង្វឹក​ប្រដាល់សកល​ជម្រើសជាតិ លោក វ៉ែន សុផល បាន​បញ្ចេញ​ទស្សនៈ​ចំពោះ​វី ស្រី​ខួច​ថា​៖«​ខ្ញុំ​រំពឹងថា ទាំង វី ស្រី​ខួច និង នៅ ស្រី​ពៅ ទទួលបាន​ការហ្វឹកហាត់​ល្អ​នៅ​ជប៉ុន​។ ការហ្វឹកហាត់​នោះ​នឹងធ្វើ​ឲ្យ​សមត្ថភាព​កើនឡើង​ជាមួយ​គ្រូ​នៅ​ជប៉ុន​ដែលមាន​ទំនាក់ទំនង​បញ្ជូន​ទៅនោះ​»​។ លោក​សង្កត់ធ្ងន់ថា ៖«​ការហាត់​នៅ​ជប៉ុន នឹង​តឹងរ៉ឹង​ជាង​ក្នុងស្រុក ព្រោះ​ផ្ដោត​តែ​លើក​ហ្វឹកហាត់​មួយ​មុខ មិនអាច​គិត​រឿង​ច្រើន​ដូច​នៅ​ស្រុក ដែល​កូនសិស្ស​អាច​សុំច្បាប់​ទៅ​កម្មវិធី​នេះ នោះ ឬ កម្មវិធី​ផ្ទាល់ខ្លួន​ជាដើម »​។ 
 
​ក្នុង​វិញ្ញាសា​ប្រដាល់សកល​នៅ​ស៊ី​ហ្គេម កម្ពុជា​គ្រោង​បញ្ជូន​កីឡាករ​ចំនួន ៦ នាក់​ក្នុង ក្នុងនោះ​កីឡាករ ៤ នាក់ និង កីឡាការិនី ២ នាក់​។ ដូច្នេះ​មាន ៣ នាក់​បន្ត​ហ្វឹកហាត់​នៅក្នុង​ស្រុក​រហូតដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​។ 
 
​កីឡាការិនី វី ស្រី​ខួច លំបាករ​កដៃ​គូប្រកួត​ក្នុងស្រុក​ដូច នៅ ស្រី​ពៅ ដែរ ដោយហេតុថា កីឡាការិនី​ប្រដាល់​មា​តិច​។ វី ស្រី​ខួច បាន​ចូល​ហ្វឹកហាត់​ប្រដាល់ ជាមួយ​បងប្រុស​បង្កើត​ឈ្មោះ វី សាវុធ នៅ​ក្លិប​ឥន្ទ្រី​កីឡា ដែលមាន​គ្រូបង្វឹក​លោក ដួង បូរី ។ ក្លិប​ប្រដាល់​នេះ​ស្ថិតនៅ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ បន្ទាប់មក ស្រី​ខួជ​មាន​ទីផ្សារ​ហូរហែ​រហូតដល់​ខ្វះ​គូប្រកួត​។ ក្រៅពី​ប្រកួត​ប្រដាល់សេរី​នៅលើ​សង្វៀន​តាម​ទូរទស្សន៍​នាពេល​កន្លងមក កូនសិស្សលោក​វ៉ែន សុផល ទទួលបាន​ការអញ្ជើញ​ចូលរួម​លើស​ង្វៀន​អន្តរជាតិ ONE ចំនួន ៤ ដង​ក្នុងនោះ​ឈ្នះ ២​ដង និង ចាញ់ ២ ដង​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com