ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុមសិទ្ធិមនុស្ស UN ចោទរដ្ឋាភិបាលខ្មែរថា «តម្រង់មុខព្រួញ» លើការបញ្ចេញមតិនិងការជួបជុំ
26, Jul 2019 , 7:00 pm        
រូបភាព
អ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា និង លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
អ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា និង លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
«អាជ្ញាធរកម្ពុជា កំពុងតម្រង់ទិសដៅ ទៅលើការបញ្ចេញមតិនិងការជួបជុំដោយសន្តិវិធី»។ ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញក្តីបារម្ភនេះ តាមរយៈសេចក្តីថ្លែងការណ៍រួមគ្នា ដែលធ្វើចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។



ក្រុមអ្នករាយការណ៍ពិសេស សរសេរដូច្នេះថា៖«ជាថ្មីម្តងទៀត យើង ស្នើឲ្យរដ្ឋាភិបាលកម្ពុជា កែប្រែឡើងវិញចំពោះការធ្លាក់ចុះនូវការអនុវត្តសិទ្ធិជាមូលដ្ឋាន។ ការពិភាក្សាដោយបើកចំហ លើប្រធានបទផ្សេងៗ អាចបញ្ចប់បញ្ហាបាន មិនថាបញ្ហានោះ ជាបញ្ហារសើបនោះទេ ហើយថែមទាំងអាចលើកកម្ពស់គំនិត ការច្នៃប្រឌិត និងការដេញដោលគ្នាផងដែរ ដែលជាតម្រូវការចាំបាច់ ដើម្បីរុញកម្ពុជា ឲ្យឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាព និងសន្តិភាពយូរអង្វែង»។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកសេចក្តីថ្លែងការណ៍របស់ក្រុមអ្នករាយការណ៍ពិសេសទាំងនោះ ថាជាសិទ្ធិបញ្ចេញមតិ។ តែលោក នៅតែរិះគន់ត្រឡប់ទៅវិញថា ក្រុមអ្នករាយការណ៍ពិសេស មើលស្ថានការណ៍នៅកម្ពុជា តែមួយជ្រុងប៉ុណ្ណោះ មិនបង្ហាញពីទិដ្ឋភាពជាក់ស្តែងឡើយ។

តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ មន្រ្តីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌រូបនេះ បកស្រាយដូច្នេះថា៖«ជាធម្មតាទេ ឲ្យតែសមត្ថកិច្ច ចាត់វិធានការលើអ្នកប្រឆាំង ពួកគាត់ តែងចោទថា យើង ដាក់ទិសដៅគាបសង្កត់។ តែពួកគាត់ មិនដែលមើលពីទិដ្ឋភាពច្បាប់ឡើយ»។

ការចេញសេចក្តីថ្លែងការណ៍របស់ក្រុមអ្នករាយការណ៍ពិសេសនាពេលនេះ គឺចង់ទិតៀនរដ្ឋាភិបាលនិងតុលាការ ដែលឃុំយុវជនពីរនាក់ គឺ គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ។ យុវជន គង់ រ៉ៃយ៉ា ជាប់ចោទ ក្រោយផលិតអាវយឺតលក់តាមបណ្តាញសង្គម ដោយអាវទាំងនោះ មានរូបនិងទ្រឹស្តីរបស់បណ្ឌិត កែម ឡី។ ឯយុវជន សួង នាគព័ន្ធ ជាប់ចោទ ដោយសារតែបានចែកខិត្តប័ណ្ណ ដែលសរសេរថា «បញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់»។

យុវជន គង់ រ៉ៃយ៉ា ត្រូវចាប់ខ្លួន នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ គឺនៅមុនមួយថ្ងៃនៃការរម្លឹកខួបបីឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី ហើយយុវជន សួង នាគព័ន្ធ ត្រូវចាប់ខ្លួន ក្នុងថ្ងៃរម្លឹកខួបនេះតែម្តង។ អ្នកទាំងពីរ ត្រូវចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ដូចគ្នា។ 

ក្រុមអ្នករាយការណ៍ពិសេស ស្នើឲ្យទម្លាក់បទចោទ និងដោះលែងពួកគេទាំងពីរ។ «យើង មានកង្វល់អំពីការចាប់ខ្លួន ការឃុំខ្លួន និងការចោទប្រកាន់ពីបទព្រហ្មទណ្ឌទៅលើលោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ»។

លោក ជិន ម៉ាលីន តបនឹងរឿងនេះថា ការឃាត់ខ្លួនអ្នកទាំងពីរ គឺធ្វើឡើងតាមច្បាប់ ហើយសមត្ថកិច្ច មានភស្តុតាងគ្រប់គ្រាន់។ លោក សង្កត់ធ្ងន់ថា៖«យើងធ្វើនេះ គឺដើម្បីរក្សានីតិរដ្ឋ និងសណ្តាប់ធ្នាប់សង្គម»។

ក្រុមអ្នករាយការណ៍ពិសេស ក៏បានលើកឡើងពីរឿងលោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរីផងដែរ។ សម្រាប់ក្រុមអ្នករាយការណ៍ពិសេស នីតិវិធីរបស់តុលាការ លើអ្នកកាសែត ដូចជា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ជាដើម គឺជាការប្រឆាំងនឹងសំឡេងឯករាជ្យ។ ក្រុមអ្នករាយការណ៍ពិសេស ស្នើឲ្យរដ្ឋាភិបាល ចាត់វិធានការជាបន្ទាន់ចំពោះការធ្វើទុក្ខបុកម្នេញលើអ្នកកាសែត ដែលបានអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេ។

ក្រុមអ្នករាយការណ៍ពិសេស ដែលចេញសេចក្តីថ្លែងការណ៍នេះ រួមមាន អ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេសស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី Agnes Callamard អ្នករាយការណ៍ពិសេសស្តីពីការសម្លាប់ក្រៅប្រព័ន្ធតុលាការ លោក Clément Nyaletsossi Voulé អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជួបជុំដោយសន្តិវិធី លោក David Kaye អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយនិងការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និង លោក Michel Forst អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស៕

Tag:
 UN
  អ្នករាយការណ៍ពិសេស
  ជិន ម៉ាលីន
  សិទ្ធិ
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com