អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី និង​បក្ខពួក​គ្រប់​មធ្យោបាយ​តាមច្បាប់​
27, Jul 2019 , 12:01 pm        
រូបភាព
​ភ្នំពេញ​៖ បើ​លោក សម រង្ស៊ី និង​បក្ខពួក​ឈាន​ជើង​ចូល​ទឹកដី​កម្ពុជា​ពេលណា សមត្ថកិច្ច​នឹង​ចាប់ខ្លួន តាមច្បាប់​ភ្លាម ។ នេះ​ជាការ​ប្រកាស​ជាថ្មី របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ ដែល​ទទួលបាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ពី​តុលាការ​។​

 
​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ឃឿន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការអនុវត្ត​វិធានការ​ច្បាប់ គឺ​ខាង​សមត្ថកិច្ច នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ និង​តាម​រូបភាព​នានា ដើម្បី​ចាប់ខ្លួន​លោក សម រង្ស៊ី និង​បក្ខពួក យក​ផ្តន្ទាទោស​តាមច្បាប់ បើសិនជា​ពួកគេ​ហ៊ាន​ឈាន​ជើង​ចូល​កម្ពុជា​។​
 
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អះអាងថា ការចេញ​ចំណាត់ការ​នេះ ក្នុង​គោលបំណង​ពង្រឹង និង​ការពារ​នីតិ ជាពិសេស​ធានា​ការរក្សាសន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ឲ្យ​បានល្អ​ប្រសើរ​។ បន្ថែម​ពីនេះ​លិខិត​របស់​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​សរសេរ​ដូច្នេះ​ថា​៖«​សូម​អំពាវនាវ​ដល់​សាធារណៈ​ជនជាតិ និង​អន្តរជាតិ​ចូលរួម​គាំទ្រ​ដល់​ការអនុវត្ត​ភារកិច្ច​របស់​កងកម្លាំង​អនុវត្ត​ច្បាប់ និង​កុំ​ធ្លាក់​ក្នុង​ឧបាយកល​ញុះញង់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច ដែល​កំពុង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​បះបោរ​ប្រឆាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​សកម្មភាព​នេះ គឺជា​ទង្វើ​ខុសច្បាប់ ហើយក៏​ជា​ទង្វើ​ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​ដល់​សង្គម​» ។​
 
​ក្រៅពីនេះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏បាន​រំឭកថា រាល់​ចេតនា​រារាំង​ការអនុវត្ត​ដីកា​របស់​តុលាការ គឺជា​អំពើ​ដែល​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​ទៀតផង​។​
​ការប្រកាស​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​នេះ ធ្វើឡើង​ស្របពេល​ដែល​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង អះអាងថា ពួកគេ​នឹងធ្វើ​មាតុភូមិ​និវត្ត នៅក្នុង​អំឡុង​ខែសីហា ឬ​កញ្ញា​ខាងមុខ ដោយ​អហិង្សា​និង​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ បើតាម​លោក សម រង្ស៊ី ការធ្វើ​មាតុភូមិ​និវត្ត​របស់លោក​នេះ ក៏មាន​អមដំណើរ​ជាមួយ​មន្ត្រី​អន្តរជាតិ​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា មកដល់ពេលនេះ​លោក សម រង្ស៊ី បាន​រង​បណ្តឹង​មិនតិចជាង​១០​ទេ ពី​សំណាក់​ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ក្នុងនោះ មាន​បណ្តឹង​ខ្លះ ត្រូវបាន​ជំនុំជម្រះ​រួចហើយ ហើយ​បណ្តឹង​ខ្លះទៀត កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​៕
 

Tag:
 នេ​ត សាវឿន
  សម រង្ស៊ី
  ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com