សង្គមអន្តរជាតិ​
អន្តរជាតិ
ចំនួន​សត្វ​ឃ្មុំ​នៅ​រុស្ស៊ី​មានការ​ថយចុះ​គួរឱ្យ​ព្រួយបារម្ភ​
27, Jul 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចំនួន​សត្វ​ឃ្មុំ​នៅ​ភូមិភាគ​កណ្តាល​និង​ខាងត្បូង​នៃ​រុស្ស៊ី​មានការ​ថយចុះ​យ៉ាងខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ដោយសារ​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ជាដើម​។

 
​ប្រធាន​សហព័ន្ធ​ការពារ​សត្វ​ឃ្មុំ​របស់​រុស្ស៊ី លោក Arnold Butov ថា​សត្វ​ឃ្មុំ​នៅ​តំបន់​ចំនួន​ម្ភៃ​នៅក្នុង​ប្រទេស​កំពុង​ទទួល​រង​ការបំផ្លិចបំផ្លាញ​ច្រើនជាងគេ ដែល​ក្នុងនោះ​រួមមាន​តំបន់ Bryansk តំបន់ Kursk ភាគខាងត្បូង​នៃ​ទីក្រុង​មូ​ស្គូ  តំបន់ Saratov និង តំបន់​Ulyanovsk នៃ​ដង​ទន្លេ​វ៉ុល​កា​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន BBC លោក Butov  បាន​បញ្ជាក់ថា ទិន្នផល​ទឹកឃ្មុំ​ដែល​ប្រមូលបាន​មានការ​ថយចុះ​២០% ខណៈដែល​មន្ត្រី​មួយចំនួន​បាន​បន្ទោស​ថា​បញ្ហា​នេះ​បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​មិនបាន​ត្រឹមត្រូវ​តាម​ស្តង់ដា​។ លោក​បាន​បន្តថា​សមាជិក​អង្គភាព​របស់លោក​បាន​ប្រមូល​ទិន្នន័យ​អំពី​សត្វ​ឃ្មុំ​ដែល​បាត់បង់ ហើយនឹង​បញ្ជូន​របាយការណ៍​ពិស្តារ​ទៅកាន់​រដ្ឋាភិបាល​រូ​ស្ស៊ី នៅ​ថ្ងៃទី​០១​ខែសីហា ។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី Yulia Melano ដែលជា​អ្នកត្រួតពិនិត្យ​នៅ​តំបន់ Rosselkhoznadzor បាន​តទល់​នឹង​ការរិះគន់​ដោយ​អះអាងថា​ភ្នាក់ងារ​របស់លោក​ស្រី​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុងការ​គ្រប់គ្រង​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ​។ 
 
​សូមបញ្ជាក់ថា រុស្ស៊ី​បាន​ផលិត​ទឹកឃ្មុំ​ប្រមាណ​មួយ​សែន​តោន​រៀងរាល់ឆ្នាំ​។ ជាពិសេស​នោះ​ផ្កាឈូករ័ត្ន​និង​ប្រភេទ​ស្រូវ​សាលី​មួយចំនួន​ដែលជា​ដំណាំ​ស្បៀង​នៅក្នុង​ប្រទេសមួយ​នេះ​ត្រូវបាន​នាំ​លំអង​ដោយ​សត្វ​ឃ្មុំ   ខណៈដែល​ចម្ការ​ដើមឈើ​ហូប​ផ្លែ​ក៏​ពឹងពាក់​លើ​ឃ្មុំ​ដែរ​ក្នុងការ​ដើរតួ​ជា​លំអ​ងករ​។​
 
​ទន្ទឹម​និង​ការព្រួយបារម្ភ​ពី​ការឡើង​ថ្លៃ​របស់​ទឹកឃ្មុំ ការបាត់បង់​សត្វ​ភមរជាតិ​ប្រភេទ​នេះ ក៏​ជះឥទ្ធិពល​អាក្រក់​ទៅលើ​តម្លៃ​អាហារ​ផ្សេងៗ​ទៀតផង​ដែរ​។ នាពេល​បច្ចុប្បន្ន បញ្ហា​នេះ​កំពុង​រីក​រាលដាល​ទៅដល់​តំបន់​អាល់​តៃ​ក្នុង​តំបន់​ស៊ី​បេ​រី​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៤០០០​គីឡូម៉ែត្រ ភាគ​ខាងកើត​រដ្ឋធានី​មូ​ស្គូ​។​
 
​ការធ្លាក់ចុះ​ចំនួន​សត្វ​ឃ្មុំ​បានផ្តល់​សញ្ញា​ព្រមាន​ចំពោះ​ទ្វីបអឺរ៉ុប​ទាំងមូល ស្រប​ពេលដែល​អ្នកជំនាញ​បានដាក់​បន្ទុក​ការបាត់បង់​ទៅលើ​កត្តា​រួមផ្សំ​មួយចំនួន​មានដូចជា ប្រែប្រួល​អាកាសធាតុ  ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត និង​ការ​រាតត្បាត​ប្រភេទ​ចៃ​ដែល​ជញ្ជក់​ឈាម​ឃ្មុំ​៕
 
​ដោយ យ៉​ន សុខន​
 
 

Tag:
 ឃ្មុំ​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com