សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រទេស​កោះ​ខ្លះ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​នឹងត្រូវ​លិច​បាត់ បើ​កម្ពស់​ទឹកសមុទ្រ​នៅ​បន្ត​កើន​
27, Jul 2019 , 4:19 pm        
រូបភាព
​ការកើនឡើង​នៃ​កម្តៅ​ផែនដី បង្ក​ឲ្យ​មានការ​រលាយ​ផ្ទាំង​ទឹកកក​នៅឯ​តំបន់​ប៉ូល និង​ជំរុញ​ឲ្យ​កម្ពស់​ទឹកសមុទ្រ​កំពុង​កើន​ឡើងជា​លំដាប់​។ វា​ជា​គ្រោះថ្នាក់​សម្រាប់​បណ្តា​ប្រទេស​កោះ​នានា​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដ្បិត​វា​នឹង​អាច​លិចលង់​ក្រោម​ទឹក​ទាំងស្រុង បើ​កម្រិត​ទឹកសមុទ្រ​បន្ត​កើន​។​

 
​អតីត​ប្រធានាធិបតី​កោះ Marshall នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក លោក Christopher Loeak ធ្លាប់​លើកឡើង​ក្នុងពេល​កិច្ចប្រជុំ​ជំនួប​អន្តរជាតិ​អំពី​ការប្រែប្រួល​អាកាសធាតុ​កាលពី​ឆ្នាំ​២០១៣​ថា កោះ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​កំពុងតែ​ប្រយុទ្ធ​នឹង​ការប្រែប្រួល​បរិយាកាស​ដើម្បី​បន្តជីវិត​រស់នៅ​របស់​ខ្លួន​។  
 
​បណ្តុំ​កោះ Marshall ដែលជា​ប្រជុំ​កោះ​មួយ​មាន​កោះ​តូចៗ​ប្រមាណ​ជា​២៩​កោះ មាន​ទីតាំង​ភូមិសាស្ត្រ​នៅ​ចន្លោះ​ប្រទេស​អូស្ត្រាលី និង​កោះ​ហា​វ៉ៃ របស់​សហរដ្ឋអាមេរិក​។ ប្រជុំ​កោះ​មួយ​នេះ​មាន​កម្ពស់​ជា​មធ្យម​ប្រមាណ​តែ​ពីរ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​នីវ៉ូ​ទឹកសមុទ្រ ដែល​ធ្វើ​ឲ្យ​វា​អាច​រង​នឹង​គ្រោះថ្នាក់​បាន​យ៉ាង​ងាយ​។​
 
​នៅមាន​កោះ​ជាច្រើន​ទៀត ដែលជា​រដ្ឋ​តូចៗ​នៅតាម​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែលមាន​ដូចជា​កោះ Solomons កោះ Tuvalu និង​កោះ Carteret ជាដើម​បាន​ជួបប្រទះ​គ្រោះមហន្តរាយធម្មជាតិ​ទាំងនេះ​។ ការបាក់​ច្រាំង កម្ពស់​ទឹកជោរ​ខ្ពស់ និង​ទឹកជំនន់​ព្យុះភ្លៀង កំពុងតែ​ជា​បញ្ហា​មួយចំនួន​ដែល​ប្រទេស​ទាំង​នោះបាន​ជួបប្រទះ​។ 
 
​អតីត​ប្រធានាធិបតី​នៃ​កោះ Kiribati លោក Anote Tong ធ្លាប់​ព្យាករ​កន្លងមក​ថា ក្នុង​រយៈពេល​ជិត​៦០​ឆ្នាំ​ទៀត ប្រទេស​កោះ​ដ៏​តូច​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក នឹង​កាន់តែ​លំបាក​ខ្លាំង​ក្នុងការ​ទ្រទ្រង់​ជីវិត​ប្រជាជន​ឲ្យ​រស់​នៅបាន​ស្រួល​។ Kiribati បានគ្រោង​ទិញ​ដី​កោះ​ពី​ប្រទេសជិតខាង ក្នុងនោះ​មានដូចជា​កោះ ហ្វី​ជី ដើម្បី​ប្រើប្រាស់​ដី​សម្រាប់​ដាំ​ដំណាំ និង​សម្រាប់​ពលរដ្ឋ​រស់នៅក្នុង​ពេលអនាគត​។ 
 
​ប្រទេស​កោះ​តូចៗ​ទាំងនោះ​បានទាមទារ​ឲ្យ​មាន​ការជួយ​គិតគូរ​ពី​សំណាក់​ប្រទេស​មាន​ឧស្សាហកម្ម​ឈានមុខ​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ខ្លាំង​ទៅ​បរិយាកាស មានដូចជា​អាមេរិក និង​ចិន ក្នុង​ការជួយ​កាត់បន្ថយ​ការ​បំ​ភាយ​ផ្សែង​ពុល​របស់ខ្លួន ទៅកាន់​បរិយាកាស​។ តិចជាង​០.១​ភាគរយ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ត្រូវបាន​បញ្ចេញ​ដោយ​ក្រុម​កោះ​ទាំងនោះ​។ ប្រទេស​កោះ​ទាំងនោះ ដែលមាន​ដូចជា Marshall និង Tuvalu បាន​រិះរក​ដំណោះស្រាយ​ទៅរក​ការប្រើប្រាស់​ថាមពលបៃតង មានដូចជា​ថាមពល​ពន្លឺព្រះអាទិត្យ ឬ​ការប្រើប្រាស់​ជីវ​ឥន្ធនៈ​ជាដើម​៕

Tag:
 កោះ​
  ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com