ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ភាសា​បារាំង ជួយ​ឲ្យ សុវណ្ណ​តារា មានឱកាស​ចូលរៀន​សាកលវិទ្យាល័យ​ល្បីឈ្មោះ​មួយ​នៅ​បារាំង
27, Jul 2019 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក អេង សុវណ្ណ​តារា ជា​និស្សិត​ខ្មែរ​ម្នាក់ ដែល​គ្រោង​ទៅ​បន្ត​កា​សិក្សា​ជំនាញ​ស្ថាបត្យកម្ម នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង នៅ​ខែសីហា​ខាងមុខ​។ ផ្តើម​រៀន​ភាសា​បារាំង តាំងពី​អាយុ​៩​ឆ្នាំ​មក សុវណ្ណ​តារា អាច​និយាយ ស្តាប់ និង​សរសេរ​ភាសា​បារាំង​បាន​យ៉ាង​ស្ទាត់ជំនាញ ។ ក្រៅពី​ចេះ​ស្ទាត់​ភាសា​បារាំង យុវជន​វ័យ​១៩​ឆ្នាំ​រូបនេះ ក៏មាន​ទេពកោសល្យ​ផ្នែក​សិល្បៈ​មួយចំនួន​ផងដែរ ដែល​ជំនាញ​ទាំងនេះ​ផ្សំគ្នា ធ្វើ​ឲ្យ​រូបគេ​ទទួលបាន​ការស្រឡាញ់ ពេញចិត្ត​ពី​អតីត​ប្រធាន​អង្គការ​តារា​ម៉ា​ណា (Taramana) ដែលមាន​ទីតាំងនៅ​ខណ្ឌឫស្សីកែវ​។ អតីត​ប្រធាន​អង្គការ​នេះ​បាន​ឧបត្ថម្ភ​ឲ្យ សុវណ្ណ​តារា ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​រយៈពេល​២​ឆ្នាំ នៅ​សាកលវិទ្យាល័យ​ដ៏​ល្បីឈ្មោះ​មួយ​នៅ​ក្រុង​បារី​ស ប្រទេស​បារាំង​។ 

​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​ជីវ​ព័ត៌មាន ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖



 
​រស់នៅ​លើផ្លូវ​រថភ្លើង​ចាស់​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ អេង សុវណ្ណ​តារា ដែលមាន​ឪពុកម្តាយ​ជា​អ្នកលក់ដូរ​បន្តិចបន្តួច មាន​វាសនា​បាន​ចូលរៀន​ភាសា​បារាំង តាំងពី​អាយុ​៩​ឆ្នាំ នៅ​អង្គការ​Taramana​។ អង្គការ​នេះ ផ្តល់​ការបង្រៀន​ភាសា​បារាំង ភាសា​អង់គ្លេស ល្ខោននិយាយ​ជា​ភាសា​បារាំង រាំ យូ​ហ្គា សកម្មភាព​កីឡា និង​សិល្បៈ​មួយចំនួនទៀត ដល់​ក្មេងៗ​ដែល​រស់នៅ​សហគមន៍​ឬ​ស្សី​កែវ​។   
 
​ជា​កូន​ទី​៣ ក្នុងចំណោម​បងប្អូន​៤​នាក់ លោក អេង សុវណ្ណ​តារា បាន​រៀបរាប់​យ៉ាង​ដូច្នេះ​៖ «​ភា សា​បារាំង ខ្ញុំ​បាន​រៀន​តាំងពី​អាយុ​៩​ឆ្នាំ ហើយ​មក​បច្ចុប្បន្ន ខ្ញុំ​ចេះ​ភាសា​បារាំង គេ​ហៅថា កម្រិត ឌែ​ល បេ ឌឺ ជា​កម្រិត​គេ​ទទួលស្គាល់​នៅ​អឺរ៉ុប​។ កម្រិត​នេះ អាច​និយាយ ស្តាប់ សរសេរ​បាន​គ្រប់យ៉ាង​។ កម្រិត​នេះ​ភាគច្រើន ជា​កម្រិត​របស់​គ្រូ​ភាសា​បារាំង​នៅ​ស្រុក​ខ្មែរ​»​។​
​សព្វថ្ងៃ យុវជន​វ័យ​១៩​ឆ្នាំ​រូបនេះ ជា​និស្សិត​ស្ថាបត្យកម្ម​ឆ្នាំ​ទី​២ នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​នៅ​ភ្នំពេញ និង​ជា​គ្រូ​ភាសា​បារាំង​ម្តងម្កាល​ជំនួស​គ្រូ​ជនជាតិ​បារាំង​នៅ​អង្គការ​តារា​ម៉ា​ណា ។   
 
​ស្រប​ពេលដែល​កំពុង​សិក្សា​ជំនាញ​ស្ថាបត្យកម្ម​នៅ​កម្ពុជា និង​ចេះ​ភាសា​បារាំង​ច្បាស់លាស់​នោះ លោក អេង សុវណ្ណ​តារា ដែលមាន​ទំនាក់ទំនង​ល្អ ជាមួយ​អង្គការ​Taramana ស្រាប់​នោះ លោក​ក៏​ត្រូវបាន​អតីត​ប្រធាន​អង្គការ​សប្បុរសធម៌​មួយ​នេះ ជួយ​ជ្រោមជ្រែង​ដោយ​ផ្តល់​កន្លែង​ស្នាក់នៅ និង​ថវិកា ឲ្យ​រូបគេ​មានឱកាស​ទៅ​រៀន​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ស្ថាបត្យកម្ម នៅ​សាកលវិទ្យាល័យ École Nationale Supérieure d’Architecture de Paris-Malaquais ជា​សាកលវិទ្យាល័យ​ឯកជន​ល្បីឈ្មោះ​មួយ នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង​។   
 
​បើតាម លោក អេង សុវណ្ណ​តារា ទោះបី​ត្រូវ​បង់លុយ​រៀន​ពិតមែន ប៉ុន្តែ​សាកលវិទ្យាល័យ​នៅ​បារាំង មាន​លក្ខខណ្ឌ​ជាច្រើន​ដែល​មិន​ងាយស្រួល​ចូលរៀន​នោះឡើយ​។ លោក​បានដាក់​ពាក្យ ដោយ​ភ្ជាប់​នូវ​ប្រវត្តិ​សិក្សា និង​អំណះអំណាង​ជាច្រើន ទៅកាន់​សាកលវិទ្យាល័យ​ចំនួន​ពីរ​នៅ​ប្រទេស​បារាំង​។ លោក​បាន​ធ្លាក់​សាកលវិទ្យាល័យ​មួយ តែ​ជាប់​នៅ​សាកលវិទ្យាល័យ École Nationale Supérieure d’Architecture de Paris-Malaquais​នេះ​។   
 
​លោក អេង សុវណ្ណ​តារា បាន​ពន្យល់​ពី​ការដាក់​ពាក្យ​យ៉ាង​ដូច្នេះ​ថា​៖ «​លក្ខខណ្ឌ​របស់គេ គ្រាន់តែ​យក​ឯកសារ​របស់​យើង​ដាក់​ឲ្យ​គេ រួមមាន​សញ្ញាបត្រ​បញ្ជា​ក់​ពី​កម្រិត​ភាសា​បារាំង ពិន្ទុ​ដែល​យើង​រៀន​បរិញ្ញាបត្រ​នៅ​ស្រុក​ខ្មែរ ការងារ​ដែល​យើង​ធ្វើ​នៅ​សាលា និទ្ទេស​រៀន​ថ្នាក់​ទី​១២ ពិន្ទុ​កាល​រៀន​ថ្នាក់​ទី​១១ និង​ថ្នាក់​ទី​១២​។ សរសេរ​ជា Motivation Letter Recommend Letter ពី​គ្រូ​នៅ​សាលា និង​អ្នក​ស្គាល់​ខ្ញុំ​។ និយាយ​រួម យើង​ធ្វើ​ដូចជា​ដាក់ពាក្យ​ទៅ​រៀន​នៅ​សាលា​ណាមួយ​»​។ 
  
 
​បើតាម សុវណ្ណ​តារា ការសិក្សា​ភាសា​បារាំង​មាន​លំបាក​ជាង​ភា​រៀន​សា​អង់គ្លេស ប៉ុន្តែ​អ្នកចេះ​ភាសា​បារាំង មានឱកាស​ច្រើន​ក្នុងការ​ទទួលបាន​អាហារូបករណ៍​១០០​ភាគរយ ឬ​បង់លុយ​ទៅ​រៀន​នៅ​ប្រទេស​បារាំង ឬក៏​ងាយស្រួល​ក្នុងការ​ស្រាវជ្រាវ​ឯកសារ​ជា​ភាសា​បារាំង ជាពិសេស​នៅក្នុង​មុខជំនាញ​ស្ថាបត្យកម្ម​។ 
 
​អង្គុយ​មុខ​កុំព្យូទ័រ ក្នុង​ហាង​កាហ្វេ​តូច​មួយ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ សុវណ្ណ​តារា បន្ត​សរសើរ​ពី​សក្តានុពល​ភាសា​បារាំង​ទៀតថា​៖ «​មនុស្ស​ភាគច្រើន ឥឡូវនេះ​មិនបាន​ចាប់អារម្មណ៍​ថា​ភាសា​បារាំង ជា​ភាសា​សំខាន់​នោះទេ ប៉ុន្តែ​ពេល​យើង​ប្រឡូក​ក្នុងសង្គម ភាសា​បារាំង​មានការ​គាំទ្រ​ច្រើន ព្រោះ​នៅក្នុង​វិស័យ​អប់រំ វិស័យ​សុខាភិបាល និង​វិស័យ​ច្រើន​ទៀត ជំនាញ​ភាសា​បារាំង​ត្រូវការ​ច្រើន​មែនទែន​។ បារាំង​បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​ច្រើនណាស់​។ មួយវិញទៀត ឥឡូវនេះ ប្រព័ន្ធ​បច្ចេកវិទ្យា​ទូលំទូលាយ បើ​យើង​ចេះ​អង់គ្លេស យើង​អាច​ស្រាវជ្រាវ​បាន​ច្រើន​ដែរ​។ តែបើ​ចេះ​ភាសា​បារាំង គឺ​ល្អ​ខ្លាំង​មែនទែន​។ បើសិន​យើង​ចេះ​ភាសា​បារាំង យើង​ងាយស្រួល​ក្នុង Research ព្រោះ​ឯកសារ​បារាំង​មួយចំនួន មិនបាន​បកប្រែ​ភាសា​អង់គ្លេស​នោះទេ​។ ដូច្នេះ បើ​យើង​ចេះ យើង​អាច​ទៅ​ស្រាវជ្រាវ ដូចជា​នៅ​វិទ្យាស្ថាន​ភាសា​បារាំង​នៅ​កម្ពុជា (IFC) មាន​សៀវភៅ​ភាសា​បារាំង​ល្អៗ​ច្រើន​មែនទែន​»​។ 
 
​ក្រៅពី​ចេះ​ភាសា​បារាំង​ច្បាស់លាស់ លោក អេង សុវណ្ណ​តារា ក៏ត្រូវ​បាន​គេ​ស្គាល់​ថា ជា​យុវជន​ដែលមាន​សមត្ថភាព​ច្រើន​។ លោក​ចេះ​លេង​ឧបករណ៍​ភ្លេង​យ៉ាង​ស្ទាត់ជំនាញ ដូចជា​ខ្លុ យ ទ្រ ហ្គី​តា ថែមទាំង​បាន​ច្នៃ​បង្កើត​ភ្លេង​ប្រើ​មាត់ ដែល​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Beatbox ទៀតផង​។ ទេពកោសល្យ និង​សម្បូរ​គំនិត​ច្នៃប្រឌិត​ទាំង​អម្បាលម៉ាន​នេះហើយ ទើប​អតីត​ប្រធាន​អង្គការ​តារា​ម៉ា​ណា សម្រេច​បញ្ជូន​លោក​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម នៅ​ប្រទេស​បារាំង​។   
 
​សម្បុរ​ស ចិញ្ចើម​ក្រាស់ និង​រូបរាង​ក្រអាញ  លោក សុវណ្ណ​តារា បាន​ពន្យល់​ពី​ទំនាក់ទំនង​រវាង​សិល្បៈ និង​វិស័យ​ស្ថាបត្យកម្ម​បែបនេះ​៖«​ស្ថាបត្យករ​ស្រុក​ខ្មែរ មាន​ច្រើន តើ​ហេតុអ្វី​បានជា​អ្នកខ្លះ គេ​បង្កើត​មក​ចេញ​ជា​រូបរាង​អគារ ដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​? ហើយ​មួយទៀត បង្កើត​រូបរាង​អគារ​មួយ​មក វា​សាមញ្ញ​ធម្មតា​។ អ៊ីចឹង អ្នកសិល្បៈ​ដែល​ខ្លាំង​បំផុត គឺ​ទាមទារ​ចំណាប់អារម្មណ៍​។ គេ​ពូកែ​អាហ្នឹង​។ មួយទៀត អ្នកសិល្បៈ គេ​ពូកែ​ដាក់​អារម្មណ៍​។ ខ្ញុំ​មាន​ដុង​អាហ្នឹង​។ ខ្ញុំ​គ្រាន់តែ Update សិល្បៈ ចូលក្នុង​វិស័យ​ស្ថាបត្យកម្ម​»​។​
  
 
​និយាយ​បណ្តើរ ភ្នែក​ក្រឡេកមើល​ប្លង់ នៅក្នុង​កុំព្យូទ័រ​បណ្តើរ សុវណ្ណ​តារា ថា នៅ​កម្ពុជា​បច្ចុប្បន្ន មាន​សំណង់​អគារ​រីកដុះដាល​ខ្លាំង ដែល​ត្រូវការ​ធនធាន​ស្ថាបត្យករ​ជាច្រើន ដើម្បី​រចនា​ប្លង់​អគារ និង​ផ្ទះសម្បែង ឲ្យ​មាន​របៀបរៀបរយ មាន​សោភ័ណភាព និង​ស្រស់ស្អាត​។ 
 
​មិន​ខុសពី​និស្សិត​ខ្មែរ​ដទៃទៀត​នោះទេ សុវណ្ណ​តារា ចង់ទៅ​រៀន​នៅ​ប្រទេស​បារាំង ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុងការ​សិក្សា​នៅ​បរទេស ព្រមទាំង​ចង់​ពង្រឹងសមត្ថភាព​ផ្នែក​ស្ថាបត្យកម្ម ហើយ​យក​ចំណេះដឹង​ទាំងនេះ មក​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ស្ថាបត្យកម្ម​នៅ​មាតុភូមិ​វិញ​។
 
​មុន​ឡើង​យន្តហោះ​ទៅ​សិក្សា​នៅ​ប​ស្ចឹ​ម​ប្រទេស លោក អេង សុវណ្ណ​តារា បាន​ផ្តាំផ្ញើ​អ្នក​ដែល​ចង់ទៅ​រៀន​នៅ​បារាំង គួរ​គប្បី​ខិតខំ​រៀន​ភាសា​បារាំង​ពី​តូច​មក មិនមែន​រង់ចាំ​រៀន​នៅពេល​ចូល​សាកលវិទ្យាល័យ​នោះទេ​។ លោក​បន្តថា បើសិន​យើង​ចេះ​ភាសា​បារាំង​ច្បាស់លាស់ នៅមុន​ប្រឡង​បាក់​ឌុប ពេល​ប្រឡង​រួច យើង​មានឱកាស​ច្រើន​ដាក់​អាហារូបករណ៍ ទៅ​រៀន​នៅ​ប្រទេស​បារាំង ឬក៏​ងាយស្រួល​រក​ការងារ​ធ្វើ ជាមួយ​ក្រុមហ៊ុន​បារាំង​នៅ​កម្ពុជា​ផងដែរ​៕                               
   
 
   

Tag:
 អេង សុវណ្ណ​តារា​
 ​ ភាសា​បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com