អន្តរជាតិ
នយោបាយអន្តរជាតិ
អាមេរិកព្រមផ្តល់សេវាគាំទ្របច្ចេកទេសដល់យន្តហោះចម្បាំង F-16 ប៉ាគីស្ថាន និងលក់គ្រឿងបន្លាស់យន្តហោះយោធាឲ្យឥណ្ឌា
×
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានសម្រេចអនុម័តលក់គ្រឿងបន្លាស់និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់យន្តហោះយោធា F-16 របស់ប៉ាគីស្ថាន និងយន្តហោះដឹកជញ្ជូន C-17 របស់ឥណ្ឌា។
យន្តហោះចម្បាំង F-16 របស់ប៉ាគីស្ថាន និងយន្តហោះដឹកជញ្ជូនយោធា C-17 របស់ឥណ្ឌានឹងទទួលបានការសេវាគាំទ្របច្ចេកទេស និងភស្តុភារពីសំណាក់រដ្ឋបាលអាមេរិក បន្ទាប់ពីក្រសួងការបរទេសអាមេរិកសម្រេចអនុម័តគម្រោងមានតម្លៃ ៨០០ លានដុល្លារអាមេរិកនៅថ្ងៃសុក្រទី ២៦ខែកក្កដា។
បើតាមទីភ្នាក់ងារព័ត៌មាន AFP អាមេរិកសម្រេចយល់ព្រមផ្តល់សេវាគាំទ្របច្ចេកទេស និងភស្តុភារដល់យន្តហោះ F-16 ដែលប៉ាគីស្ថានបានទិញពីអាមេរិក។ ការសម្រេចនេះ ធ្វើឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទស្សនកិច្ចរបស់នាយរដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan នៅអាមេរិក និងជួបជាមួយលោក ដូណាល់ ត្រាំដែរ។
«ការអនុម័តផ្តល់សេវាបច្ចេកទេសនិងភស្តុភារទាំងនេះនឹងគាំទ្រគោលនយោបាយការបរទេសអាមេរិក និងធានាសន្តិសុខជាតិ ដោយការពារបច្ចេកវិទ្យាអាមេរិកតាមរយៈការបន្តរក្សាវត្តមានរបស់អ្នកបច្ចេកទេសអាមេរិកនៅគាំទ្រច្ចេកទេសក្នុងការប្រើប្រាស់យន្តហោះចម្បាំង F-16 របស់ប៉ាគីស្ថាន»។ ក្រសួងការបរទេសអាមេរិកបញ្ជាក់ដូច្នេះ។
ចំណែកក្រសួងការបរទេសអាមេរិកក៏សម្រេចអនុម័តលក់គ្រឿងបន្លាស់ និងផ្តល់សេវាហ្វឹកហ្វឺនផ្សេងទៀតដើម្បីគាំទ្រកងទ័ពឥណ្ឌាក្នុងការប្រើប្រាស់យន្តហោះដឹកជញ្ជូនយោធា C-17។ គម្រោងនេះមានតម្លៃសរុបប្រមាណ ៦៧០ លានដុល្លារឯណោះ។
«ឥណ្ឌាត្រូវការការគាំទ្របច្ចេកទេសបន្តទៀតដើម្បីធានាការត្រៀមខ្លួនប្រតិបត្តិការ និងសមត្ថភាពនានាក្នុងការផ្តល់ការគាំទ្រប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ និងសម្រួលដល់ការដោះស្រាយបញ្ហាគ្រោះមហន្តរាយនៅក្នុងតំបន់»។ ក្រសួងការបរទេសអាមេរិកបញ្ជាក់ដូច្នេះ។
ការផ្តល់ការគាំទ្រពីសំណាក់អាមេរិកនេះកំពុងបង្កើតក្តីបារម្ភផងដែរ ដ្បិតឥណ្ឌា និងប៉ាគីស្ថានជាសត្រូវស៊ីសាច់ហុតឈាមគ្នា។ ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋបាលលោក ត្រាំ បានបញ្ជាក់រួចហើយថា ការផ្តល់សេវាគាំទ្របច្ចេកទេស និងលក់សម្ភារៈយោធាដល់រដ្ឋអាស៊ីខាងត្បូងទាំងពីរមិនប៉ះពាល់ដល់តុល្យភាពយោធានៅក្នុងតំបន់ឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com