អន្តរជាតិ
នយោបាយអន្តរជាតិ
លោក លី រៀបរាប់ពីធាតុផ្សំដែលធ្វើឲ្យ«សង្គម និងប្រព័ន្ធដឹកនាំសិង្ហបុរីស្អាតស្អំ»
× នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នាវេទិកាចែករំលែកបទពិសោធន៍ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងសង្គម បានលើកឡើងថា មានកត្តារួមផ្សំជាច្រើន បានចូលរួមចំណែកកសាងសង្គម និងប្រព័ន្ធដឹកនាំស្អាតស្អំរបស់សិង្ហបុរី។ ក្នុងនោះ រាប់បញ្ចូលទាំងកេរ្តិ៍ដំណែលនៃអាណានិគម ភាពចាស់ទុំរបស់ប្រជាជន និងឆន្ទៈនយោបាយរបស់មេដឹកនាំប្រទេស។
សម្រាប់លោកនាយករដ្ឋមន្ត្រី លី សៀនឡុង មានហេតុផលជាច្រើន ដែលសិង្ហបុរី បានព្យាយាមបញ្ចប់ស្រមោលនៃអាណានិគមអង់គ្លេស។ ក៏ប៉ុន្តែជារឿងដែលមិនអាចប្រកែកបាន ប្រព័ន្ធការងារស្អាតស្អំរបស់សិង្ហបុរីបច្ចុប្បន្ន ក៏ជាកេរ្តិ៍តំណែលមួយបន្សល់ពីអាណានិគមអង់គ្លេសនោះឯង។ លោក លី អះអាងថា អង់គ្លេសបានបន្សល់ទុកនូវប្រព័ន្ធការងារ និងប្រព័ន្ធគ្រប់គ្រងអង្គការដ៏រឹងមាំសម្រាប់សិង្ហបុរី ដែលក្នុងនោះរាប់បញ្ចូលទាំងច្បាប់ និងប្រព័ន្ធយុត្តិធម៌ដ៏ស្មោះត្រង់។
គួរឲ្យកត់សម្គាល់នោះ បន្ទាប់ពីអង់គ្លេសបញ្ចប់ការត្រួតត្រា ស្ថាបនិកសិង្ហបុរី បានប្តេជ្ញារក្សាប្រព័ន្ធស្អាតស្អំថែមទៀត។ លោកនាយករដ្ឋមន្ត្រី លី គូសបញ្ជាក់ថា នៅពេលដែលសិង្ហបុរី មានស្វ័យភាពរដ្ឋាភិបាលក្នុងឆ្នាំ១៩៥៩ ដែលជាពេលគណបក្សសកម្មភាពប្រជាជនកាន់អំណាច សិង្ហបុរី ប្រឈមនឹងបញ្ហាជាច្រើន រួមមានភាពក្រីក្រ, សេវាសុខភាពសាធារណៈអន់ថយ, កង្វះលំនៅដ្ឋាន ខណៈចំនួនប្រជាជនក៏ច្រើនទៀត។ តែសិង្ហបុរី នៅតែអាចជម្នះបាន។ ចំណុចនេះ លោក សំដៅ ប្រព័ន្ធស្អាតស្អំ ក៏ដោយសារតែមេដឹកនាំសិង្ហបុរី មានការប្តេជ្ញាចិត្តពិតប្រាកដ។
កត្តារួមផ្សំទីបីនោះគឺ ឆន្ទៈនយោបាយរឹងមាំ។ តាមការអះអាងរបស់លោកនាយករដ្ឋមន្ត្រី លី សិង្ហបុរី បានបង្កើតក្របខណ្ឌមួយសម្រាប់ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តច្បាប់ ជាពិសេសនោះលើការពិនិត្យលើការងារសាធារណៈតែម្តង។ តាមរយៈច្បាប់ទប់ស្កាត់អំពើពុករលួយ បុគ្គលពាក់ព័ន្ធសាធារណៈ ត្រូវប្រកាសទ្រព្យសម្បត្តិ ហើយរាល់ទ្រព្យសម្បត្តិណា ដែលមានលក្ខណៈមិនប្រក្រតី នឹងអាចត្រូវចាត់ទុកជារបស់សូកប៉ាន់ និងអាចត្រូវបានរាប់អូស។
តាមរយៈច្បាប់នេះដែរ សិង្ហបុរី បានមានភ្នាក់ងារប្រឆាំងអំពើពុករលួយមួយប្រកបដោយឯករាជ្យ និងរឹងមាំ។ ហើយក្នុងប្រព័ន្ធការងារសិង្ហបុរី មន្ត្រីស៊ីវិល ឬមន្ត្រីសាធារណៈ ត្រូវបានផ្តល់ជូននូវប្រាក់កម្រៃ ឬប្រាក់បៀវត្សដោយតម្លាភាព និងត្រលប់បានមកវិញនូវសមិទ្ធកម្មការងារប្រកបដោយស្តង់ដារខ្ពស់ និងសុចរិតភាព។ កាន់តែពិសេសនោះ វិស័យសាធារណៈ ត្រូវធ្វើជាគំរូសម្រាប់វិស័យឯកជន។
ចំណុចបន្ទាប់នោះគឺ សង្គមសិង្ហបុរី ជាសង្គមដែលមានការអភិវឌ្ឍ និងជ្រួតជ្រាបនូវវប្បធម៌ដែលស្អប់អំពើពុករលួយ។ លោកនាយករដ្ឋមន្ត្រី លី ហ៊ានធានាថា សម្រាប់ប្រជាជនសិង្ហបុរី អ្វីដែលពួកគេចង់បាន គឺប្រព័ន្ធស្អាតស្អំ ហើយមិនចូលចិត្ត វប្បធម៌សង្គម «ជូនសគុណ» ដើម្បីជាថ្នូរសម្រាប់ជួយកិច្ចការណាមួយ។ ផ្ទុយទៅវិញ ប្រជាជន នឹងរាយការណ៍នៅពេលពួកគេ ជួបរឿងពុករលួយ ដ្បិតពួកគេ ជឿជាក់ថា ច្បាប់នឹងត្រូវអនុវត្តលើគ្រប់គ្នា ហើយពិសេសនោះ រដ្ឋាភិបាល ក៏នឹងអនុវត្តច្បាប់ដោយមិនមានការភ័យខ្លាច ឬមានទំនោរទៅកាន់ខាងឡើយ បើទោះបីជាការអនុវត្តនោះ នឹងបណ្តាលឲ្យមានការអាប់ឱនកិត្តិយសបុគ្គលក៏ដោយ។
មុនបញ្ចប់ការអត្ថាធិប្បាយ លោកនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ចុងក្រោយថា ដើម្បីឲ្យប្រព័ន្ធដឹកនាំមួយស្អាតស្អំ ការចាប់ផ្តើមដំបូងបង្អស់គឺចេញពីមេដឹកនាំកំពូល។ ពួកគេនេះហើយត្រូវធ្វើជាគំរូដ៏សំខាន់សម្រាប់មន្ត្រីក្រោមឱវាទនានា៕
Tag:
សិង្ហបុរី
អាស៊ាន
ពុករលួយ
ប្រព័ន្ធដឹកនាំរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com