ជាតិ
នយោបាយជាតិ
មេACU៖ មន្ត្រីសុរិយោដីខេត្តពោធិ៍សាត់៣រូប ជាប់ពាក់ព័ន្ធករណីទារលុយ១០ម៉ឺនដុល្លារ ជាថ្នូរចេញច្បាប់សាងសង់
× ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់៣រូប ដែលជាប់ពាក់ព័ន្ធករណីទារលុយ១០ម៉ឺនដុល្លារ ជាថ្នូរចេញលិខិតកាន់កាប់ដីធ្លី និងចេញច្បាប់សាងសង់។ ការឃាត់ខ្លួនមន្ត្រីទាំង៣នាក់ កាលពីថ្ងៃទី២៧ កក្កដា ក្រោមការដឹកនាំផ្ទាល់របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ឱម យ៉ិនទៀង បាននិយាយថា ក្រៅពីបទល្មើសពុករលួយលើទឹកប្រាក់១០ម៉ឺនដុល្លារនោះ មន្ត្រីទាំង៣នាក់នេះ ក៏នៅជាប់សង្ស័យករណីផ្សេងទៀតដែរ។ ប៉ុន្តែលោក ឱម យ៉ិនទៀង មិនទាន់អាចបញ្ជាក់ឲ្យច្បាស់បានទេ ដោយសារត្រូវការពេលសាកសួរ និងស៊ើបអង្កេតរកភស្តុតាងបន្ថែមលើមន្ត្រីទាំង៣រូបនេះ។
សូមស្តាប់សំឡេងលោក ឱម យ៉ិនទៀង
«បទល្មើសជាក់ស្ដែង គឺការពាក់ព័ន្ធនឹងបញ្ហាយកប្រាក់គេ នៅក្នុងការធ្វើសំបុត្រស្នាមដីធ្លី និងចេញច្បាប់សំណង់»។ នេះជាការបញ្ជាក់របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានបន្ថែមថា អង្គភាពលោក មិនទាន់ដាក់បទចោទអ្វីលើអ្នកទាំង៣នាក់នោះឡើយ ។
មន្ត្រីសុរិយោដីទាំង៣រូបនោះ រួមមានលោក លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍, លោក ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់ និងលោក តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។ អ្នកទាំង៣រូបនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅក្នុងភោជនីយដ្ឋានមហាលាប ក្រុងពោធិ៍សាត់ ដែលជាទីកន្លែងដែលពួកគេនិងម្ចាស់ដីជួបគ្នា ដើម្បីប្រគល់លុយ៕
Tag:
ឱម យ៉ិនទៀង
ACU
ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com