អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គ្រោះរាំងស្ងួត​៖ ក្រសួងកសិកម្ម​ឡាវ​ឲ្យ​មន្ត្រី​ចុះជួយ​ពលរដ្ឋ​ជាបន្ទាន់ កុំ​អង្គុយចាំតែ​ការណែនាំ​ពី​ថ្នាក់លើ
28, Jul 2019 , 2:31 pm        
រូបភាព
រូបភាព៖ Laotian Times
រូបភាព៖ Laotian Times
ដោយ:
 គ្រោះរាំងស្ងួត កំពុងតែ​វាយប្រហារ​ទៅលើ​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​រួមមាន​ទាំង​ឡាវ ដែលជា​ប្រទេស​ជាប់​ទន្លេមេគង្គ​ទៀតផង​។ ស្រូវ​រាប់ម៉ឺន​ហិកតា​របស់​កសិករ​ឡាវ កំពុងតែ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយសារតែ​កង្វះ​ទឹក ជាពិសេស​ទឹកភ្លៀង ខណៈ​កម្រិត​សីតុណ្ហភាព កាន់តែ​ឡើង​ក្តៅ​។​


​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ឡាវ Laotian Times ផលិតផល​ស្រូវ​ដូ​វ​វស្សា​ប្រមាណ ៨០​ម៉ឺន​ហិកតា​ទូទាំងប្រទេស​ឡាវ កំពុងតែ​រង​ការបំផ្លាញ និង​គំរាមកំហែង ដោយសារតែ​កម្រិត​ទឹកភ្លៀង មាន​តិចតួច​បំផុត ហើយ​កាន់តែ​ធ្ងន់ធ្ងរ​នោះ គ្រោះរាំងស្ងួត​នេះ កើតឡើង​ស្របពេល ដែល​កម្រិត​នៃ​ទឹកទន្លេ​មេគង្គ ដែល​ហូរ​កាត់​ប្រទេស​ឡាវ ក៏មាន​កម្រិត​ទាប​ផង​នោះ​។ 
 
​ជុំវិញ​បញ្ហា​នេះ អនុរដ្ឋមន្ត្រី​កសិកម្ម និង​ជលផល​ឡាវ លោក Bounkhuang Khambounheuang បាន​ណែនាំ​ឲ្យ​អាជ្ញាធរខេត្ត និង​ស្រុក បញ្ជូន​មន្ត្រី​របស់ខ្លួន​ទៅ​ជួយ​កសិករ​ជាបន្ទាន់ ដែល​ចំណាត់ការ​នេះ លោក​អនុរដ្ឋមន្ត្រី អះអាងថា ជាការ​ឆ្លើយតប​នឹង​បញ្ហា​លឿន​ជាង​ការរង់ចាំ​ការណែនាំ​ផ្លូវការ​ពី​ក្រសួង​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​រូបនេះ បាន​ប្រាប់​ឲ្យ​កសិករ ដែល​បានធ្វើ​កម្ចី​ពី​ធនាគារ ត្រូវ​រាយការណ៍​ដល់​អាជ្ញាធរ ពី​ទំហំ​នៃ​ផលប៉ះពាល់ នៃ​ការខាតបង់​ផលដំណាំ​ដាំ​ដុះ​របស់​ពួកគេ ដើម្បី​ជា​មូលដ្ឋាន​មួយ​សម្រាប់​រដ្ឋាភិបាល ក្នុង​ការជួយ​ចរចា​ជាមួយនឹង​ធនាគារ​តាម​មធ្យោបាយ និង​លទ្ធភាព​ដែល​អាច​ធ្វើបាន​។ 
 
​តាមពិតទៅ មិនមែន​មានតែ​ឡាវ​ប៉ុណ្ណោះ​នោះទេ ដែល​កំពុងតែ​រង​ការគំរាមកំហែង​ពី​គ្រោះរាំងស្ងួត​នេះ​។ ថៃ ដែលជា​ប្រទេសជិតខាង ក៏​ជួប​រឿង​ដូចគ្នា​។ តាម​របាយការណ៍ ផលដំណាំ​ស្រូវ​ជាង ១​លាន ហិកតា របស់​ថៃ ក៏​កំពុងតែ​រង​ផលប៉ះពាល់​នេះ​ផងដែរ​។ 
 
​ជា​ចំណាត់ការ​លោកនាយករ​ដ្ឋ​មន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានស្នើ​ឲ្យ​ចិន មី​យ៉ាន់​ម៉ា និង​ឡាវ ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​ជាប់​ទន្លេមេគង្គ​ខាងលើ​បើកទឹក​បន្ថែម ដើម្បី​ជួយ​សម្រាល​ដល់​គ្រោះរាំងស្ងួត​បាន ខ្លះ​៕ 
 

Tag:
 ឡាវ​
  ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com