ជាតិ
សង្គមជាតិ
ចម្ការឈើគ្រញូងនៅសៀមរាបអាចផ្តល់ពូជក្នុងមួយឆ្នាំពី៣០ទៅ៥០គីឡូក្រាម
× សៀមរាប៖ សៀមរាបជាខេត្តដែលមានផលព្រៃឈើដ៏ធំមួយ ពិសេសទៅតាមតំបន់ជួរភ្នំមួយចំនួនដូចជាភ្នំគូលែន ភ្នំហប់ ដែលនៅក្បែរនោះមានតំបន់ព្រៃស្អាក ដែលគេស្គាល់ថាជាតំបន់ដែលសម្បូរព្រៃដ៏ធំមួយកាលពីមុន។ ចម្ការឈើគ្រញូងដ៏ធំមួយ ត្រូវបានបង្កើតឡើងនៅតំបន់ក្បែរនោះ បំណងដើម្បីអភិរក្សពូជឈើកម្ររបស់កម្ពុជា។ បច្ចុប្បន្ន ចម្ការនេះមានការពង្រីកជាបន្តបន្ទាប់ ដែលរៀងរាល់ឆ្នាំអាចផ្តល់គ្រាប់ពូជចន្លោះពី៣០ទៅ៥០គីឡួក្រាមក្នុងមួយឆ្នាំ។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា ចម្ការឈើគ្រញូងត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ ដែលដំបូងមានទំហំ២៥ហិកតា។ លោកបន្ថែមថា ពីមួយឆ្នាំទៅមួយឆ្នាំដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តក៏ដូចជាថ្នាក់ដឹកនាំក្រសួង ចម្ការនេះមានការពង្រីកជាបន្តបន្ទាប់ និងរហូតមកដល់បច្ចុប្បន្ននេះ មានទំហំរហូតដល់ជាង២ពាន់ហិកតាដែលគ្របដណ្ដប់លើស្រុកចំនួន៣ មានស្រុកបន្ទាយស្រី ស្រុកស្វាយលើ និងស្រុកវ៉ារិន្ទ។
«យើងមានដើមមេពូជគ្រញូងចំនួន ៥៧២ដើម ដែលអាចផ្តល់គ្រាប់ជារៀងរាល់ឆ្នាំចន្លោះពី៣០ទៅ៥០គីឡូក្រាម ហើយជាមធ្យមក្នុងមួយគីឡូក្រាមមាន ៣៣,៦៩៩គ្រាប់ ដែលយើងបានចែកជូនទៅតាមខណ្ឌរដ្ឋបាលព្រៃឈើសម្រាប់ធ្វើការបណ្ដុះ និងចែកចាយដល់ប្រជាពលរដ្ឋដាំដុះ»។ នេះជាការបញ្ជាក់បន្ថែមពីលោក ម៉ុង ប៊ុនលីម។
ដ្បិតថា មានឈ្មោះជាចម្ការពូជឈើគ្រញូងក៏ពិតមែន តែតាមការបញ្ជាក់ពីលោក ម៉ុង ប៊ុនលីម ចម្ការនេះក៏មានលាយប្រភេទឈើមួយចំនួនទៀតដែរ មានប្រភេទឈើបេង នាងនួង ធ្នង់ ត្រាច សុគ្រំ។ល៕
Tag:
ឈើគ្រញូង
ចម្ការឈើគ្រញូងសៀមរាប
ម៉ុង ប៊ុនលីម
© រក្សាសិទ្ធិដោយ thmeythmey.com