ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​ថា​អ្នក​ជីក​គ្រឹះ​ប្រាសាទ​ស្មើនឹង​ជន​ដែល​បំផ្លាញ​ប្រវត្តិសាស្ត្រ​ជាតិ​
28, Jul 2019 , 9:30 pm        
រូបភាព
Front .រូប​ពី​ពុទ្ធសាសនបណ្ឌិត្យ
Front .រូប​ពី​ពុទ្ធសាសនបណ្ឌិត្យ
 ភ្នំពេញ​៖ មកដល់​ពេលបច្ចុប្បន្ន​នេះ​ទៅហើយ​នៅតែមាន​អ្នក​ដែល​ជីក​គ្រឹះ​ប្រាសាទ ដើម្បី​ស្វែងរក​វត្ថុ​មានតម្លៃ ដែល​ពួកគេ​ហៅថា​កំណប់​។ ហើយ​អ្នក​ជីក​ទាំងនោះ​មិនមាន​អ្នកណា​ឆ្ងាយ​ឡើយ គឺជា​អ្នកភូមិ​ដែលមាន​ទីលំនៅ​ក្បែរ​ប្រាសាទ​ទាំងនោះ​។ នេះ​បើតាម​ការស្រាវជ្រាវ​រប​ស់លោក ធុ​យ ចាន់​ធួន អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌​និង​វិចិត្រសិល្បៈ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដែល​បានឱ្យដឹង​ក្នុង​បាឋកថា​កាលពីពេល​កន្លងទៅ​។ អ្នកជំនាញ​រូបនេះ​ថា​អ្នក​ដែល​ជីក​គ្រឹះ​ប្រាសាទ ដែលជា​បេតិកភណ្ឌ​ជាតិ​ប្រៀបបាន​នឹង​ជន​ដែល​បំផ្លាញ​ប្រវត្តិសាស្ត្រ​ជាតិ​ដូច្នោះ​ដែរ​។

​ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​



«​នៅ​ស្រុក​មួយចំនួនទៀត​ដែល​ខ្ញុំ​មិនទាន់​ទៅ ប្រជាជន​គាត់​ប្រាប់​ខ្ញុំ​ថា​មាន​ភស្តុតាង​ប្រាសាទ​មួយចំនួនទៀត​។ អ្វីដែល​ខ្ញុំ​សំណូមពរ​សូម​បងប្អូន​ត្រូវ​យល់ថា​ភស្តុតាង​ប្រាសាទ​នេះ​គឺជា​រឿង​ចាំបាច់​ណាស់​របស់​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ប្រសិនបើ​នរណាម្នាក់​ឬ​ជនជាតិខ្មែរ​បំផ្លាញ​បេតិកភណ្ឌ​ជាតិ​នេះ ដូច​បំផ្លាញ់​ប្រវត្តិសាស្ត្រ​ជាតិ​យើង​អ៊ីចឹង​។ ព្រោះ​នៅក្នុង​ប្រាសាទ​មាន​សិលា​ចារិក ដែល​បាន​និយាយ​ពី​ព្រឹត្តិការណ៍​ក្នុងសង្គម និង​និយាយ​ពី​ព្រឹត្តិការណ៍​ផ្សេងៗ​ក្នុងសម័យ​នោះ​»​។  នេះ​ជាការ​ទទូច​របស់លោក ធុ​យ ចាន់​ធួន អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌​និង​វិចិត្រសិល្បៈ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដល់​ជន​ដែល​ជីក​គ្រឹះ​ប្រាសាទ​ក្នុង​អតីត​ក្រុង​ស​ម្ពុ​បុ​រៈ ដែលជា​ទីក្រុង​ដ៏​ល្បីល្បាញ​របស់​អាណាចក្រ​ចេ​ន​ឡា ឱ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​។ ប្រាសាទ​ទាំងនោះ​ហើយ ដែល​បានផ្ដល់​ភស្ដុតាង​ដ៏​រឹងមាំ ឱ្យ​ជនជាតិ​បារាំង​ម្នាក់​ស្រាវជ្រាវ​និង​សន្និដ្ឋាន​ជារួម​ថា គឺជា​ទីក្រុង​អ្នកប្រាជ្ញ​នោះ​។ 
  
 
​នៅក្នុង​បាឋកថា​ដែល​បាន​ធ្វើឡើង​រយៈពេល​២​ម៉ោង អ្នកស្រាវជ្រាវ​ប្រាសាទបុរាណ​ខាងលើ សម្ដែង​ការព្រួយបារម្ភ និង​ការហួសចិត្ត​ដោយសារតែ​មកដល់​ពេល​បច្ចុប្បន្ននេះ​ទៅហើយ នៅតែមាន​អ្នក​ទៅ​ជីក​គ្រឹះ​ប្រាសាទ​រក​របស់​មានតម្លៃ ដោយ​គិតថា​ទីតាំង​ទាំងនោះ​គឺជា​កន្លែង​កប់​កំណប់​។ លោក​បញ្ជាក់​ដូច្នេះ​៖«​សព្វថ្ងៃនេះ​គ្រប់​ប្រាសាទ​ទាំងអស់​ដែល​ខ្ញុំ​បាន​ស្រាវជ្រាវ អ្នកស្រុក​គេ​ហៅថា​ជា​ទួល​កំណប់​ទាំងអស់ តែ​ខ្ញុំ​បាន​ប្រាប់​ប្រជាជន​វិញ​ថា​មិនមែនជា​ទួល​កំណប់​ទេ ទាំងនោះ​គឺជា​ប្រាសាទ​។ ក្នុងនាម​ខ្ញុំ​ជា​អ្នកវិទ្យាសាស្ត្រ​ជា​អ្នកស្រាវជ្រាវ ខ្ញុំ​ដាក់ឈ្មោះថា​ប្រាសាទ​។ ប្រាសាទ​ទាំងអស់នោះ​នៅសល់តែ​គ្រឹះ​។ ប្រាសាទ​ឥដ្ឋ​មាន​ប្រាសាទ​អូរ​ច្បារ ប្រាសាទ​ចារ ប្រាសាទ​ណា​រ៉ុង មាន​ច្រើន​ដែលមាន​ការ​លួច​ជីក​ដល់​សព្វថ្ងៃ ដោយសារ​ការយល់ឃើញ​ថា​មាន​កំណប់​នោះឯង​»​។​
 
​ជា​សិក្ខាកាម​មួយរូប​កញ្ញា តែ សុខ​ជា និស្សិត​ឆ្នាំ​ទី​២​ផ្នែក​រូបវិទ្យា សោកស្ដាយ​ចំពោះ​អ្វីដែល​នាង​បានដឹងថា​មានការ​ជីក​គ្រឺះ​ប្រាសាទ​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​៖«​ខ្ញុំ​គិតថា​ការជីក​គ្រឹះ​ប្រាសាទ​នេះ​វា​ធ្វើឱ្យ​បាត់បង់​ផូស៊ីល​ចាស់ៗ​។ ជាក់ស្ដែង​វាគ្មិន​បាន​រកឃើញ​អង្ករ​ខ្មៅ វា​ជា​ផូស៊ីល​ចាស់​បុរាណ​។ បើសិនជា​យើង​យកទៅ​សិក្សា​យើង​នឹង​បានដឹង​ពី​រយៈពេល​នៃ​ការកកើត​។ បើសិនជា​បំផ្លាញ​របស់​ទាំងនោះ វា​អាចធ្វើឱ្យ​បាត់បង់​ប្រវត្តិសាស្ត្រ​ដែល​បាន​កើតឡើង​ពីមុន​»​។ 
  
 
​នារី​វ័យ​១៩​ឆ្នាំ​ដែល​មកពី​ខេត្តសៀមរាប​រូបនេះ ចាត់ទុក​ការជីក​គ្រឹះ​ប្រាសាទ​ថា​ជា​អំពើរ​ដែល​ប្រៀបបាន​នឹង​ការបំផ្លាញ​ជាតិ​៖«​ខ្ញុំ​ចង់​ផ្ដល់យោបល់​ដល់​គាត់​ថា សូម​បញ្ឈប់​សកម្មភាព​នេះ ព្រោះ​វា​ដូចជា​បំផ្លាញ​ជាតិ​របស់​ខ្លួនឯង​។ ទី​២​កាលណា​ធ្វើ​បែប​នោះ អាចមាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ពេលយប់​។ 
 
​ក្រោយពី​បញ្ចប់​ការធ្វើ​បទ​បង្ហាញ​ដែលមាន​សិក្ខាកាម​ប្រមាណ​ជា​៧០​រូប​ចូលរួម លោក​បណ្ឌិត ធុ​យ ចាន់​ធួន បានបញ្ជាក់​ពី​គោលបំណង​ដែលនាំឱ្យ​លោក​ធ្វើ​បាឋកថា​យ៉ាង​ដូច្នេះ​៖«​បាឋកថា​នេះ​ក្នុង​គោលបំណង​បង្ហាញ​ពីអ្វី​ដែលជា​របកគំហើញ​ថ្មី​របស់ខ្ញុំ ដើម្បី​គោលដៅ​ធំ​បំផុត​គឺ​ខ្ញុំ​សរសេរ​សៀវភៅ​មួយ​អំពី​ទីក្រុង​ស​ម្ពុ​បុ​រៈ​»​។​
 
​ចំណែក​កញ្ញា ថ្កើង ចា​នី ដែលមាន​អាយុ​២០​ឆ្នាំ​វិញ ប្រាប់​ពីអ្វី​ដែល​នាង​ទទួលបាន​ក្រោយពី​ចូលរួម​បាឋកថា​៖«​ដោយសារ​បាឋកថា​នេះ​គេ​និយាយ​ពី​ទីក្រុង​ស​ម្ពុ​បុ​រៈ ខ្ញុំ​បានដឹង​ច្បាស់​ថា​ទីក្រុង​ស​ម្ពុ​បុ​រៈ​នៅក្នុង​ខេត្តក្រចេះ ហើយ​នៅ​ទីនោះ​មាន​អរិយធម៌​អ្វីខ្លះ​។ កម្មវិធី​នេះ​ធ្វើឱ្យ​ខ្ញុំ​ដឹងថា​សម័យមុន​ប្រជាជន​រស់នៅ​បែបណា​។ នៅពេលដែល​យើង​បានដឹង​ហើយ យើង​អាចជួយ​ផ្សព្វផ្សាយ​បន្ត​»​។ 
  
 
​នារី​សម្បុរ​ស្រអែម​ដែលមាន​ទឹកមុខ​ប្រជាប្រិយ​ជានិច្ច តែ សុខ​ជា យល់ថា​ក្នុង​តំបន់​អតីត​ក្រុង​ស​ម្ពុ​បុ​រៈ គួរតែ​ក្លាយជា​តំបន់​ទេសចរណ៍​នៅ​ថ្ងៃ​អនាគត​៖«​ខ្ញុំ​ទទួលបាន​ចំណេះដឹង​ថ្មី ដែល​ខ្ញុំ​មិន​ធ្លាប់​ដឹង​ពីមុនមក​។ ខ្ញុំ​ដឹងថា​ទីក្រុង​ចាស់​មាន​ប្រាសាទ​អ្វីខ្លះ​។ ទៅមុខ​យើង​អាច​អភិវឌ្ឍន៍​ទីនោះ​ជា​កន្លែង​ទេសចរណ៍​»​។ 
 
​ស្រប​នឹង​ការយល់ឃើញ​របស់​កញ្ញា សុខ​ជា ដែល​បានបង្ហាញ​ខាងលើ ព្រោះ​អតីត​ក្រុង​ស​ម្ពុ​បុ​រៈ គឺជា​ទីក្រុង​អ្នកប្រាជ្ញ​។ លោក ចាន់​ធួន បញ្ជាក់​ពី​មូលហេតុ​ដែលនាំឱ្យ​គេ​ចាត់ទុក​ក្រុង​ស​ម្ពុ​បុ​រៈ​ជាទី​ក្រុង​អ្នកប្រាជ្ញ ៖«​ជាទី​ក្រុងមាន​ពហុ​សិវៈ ខាង​ព្រហ្មញ្ញសាសនា មិនមែន​ខ្ញុំ​ជា​អ្នក​ថា​ដំបូង​ទេ គឺ​លោក អា​ល្មា​ល់​ហ៊ី​ស​ត្លែ បាន​និយាយថា​ទីក្រុង​ស​ម្ពុ​បុ​រៈ​គឺជា​ទីក្រុង​អ្នកប្រាជ្ញ​រួចហើយ​។ ឥឡូវ​ខ្ញុំ​ថា​បន្ត​ពី​លោក​ទៀត ដោយសារ​មាន​ភស្ដុ​តា​នូវ​ព្រះ​ខាង​ព្រហ្មញ្ញសាសនា ដែលជា​ព្រះ​មាន​ឥទ្ធិពល​ពី​ឥណ្ឌា​មក​។ យើង​ត្រូវតែ​ស្វែងយល់​ទៀត តើ​ព្រះ​វិស្ណុ​ជា​ព្រះ​តំណាងឱ្យ​អ្វី ព្រះ​គណេស តំណាងឱ្យ​អ្វី​»?
 
​លោក​ពន្យល់​បន្ថែម​៖«​ដូចជា​ព្រះ​គណេស​ជា​អវតារ​តំណាងឱ្យ​អ្នកចេះដឹង ដូច្នេះ​ព្រះ​សិវៈ ជា​ព្រះ​ដែល​បង្កើត​លោក​។ លោក អា​ល្មា​ល់ មាន​ភស្តុតាង​ពិត​ដែលថា ស​ម្ពុ​បុ​រៈ​ជាទី​ក្រុង​អ្នកប្រាជ្ញ​។ ព្រះ​ពិរុណ តំណាងឱ្យ​សត្វ​ហង្ស ហើយ​តំណាងឱ្យ​ទឹកភ្លៀង​។ មូលហេតុ​ដែល​ហៅ​ស​ម្ពុ​បុ​រៈ​ជាទី​ក្រុង​អ្នកប្រាជ្ញ ព្រោះ​មាន​ព្រះធំ​នៅទីនេះ​គឺ​ព្រះ​វិស្ណុ​»​។​
 
​សម្រាប់​លោក សុរិយោ សុ​ផា ដែល​ត្រៀមខ្លួន​ចូល​សិក្សា​ឆ្នាំ​ទី​៣​ជំនាញ​ប្រវត្តិវិទ្យា ថា​ខ្លួន​ទទួលបាន​ចំណេះ​ថ្មី​ជាច្រើន​ដែល​លោក​មិន​ធ្លាប់​ដឹង​ពីមុន​ពី​បាឋកថា​នេះ​៖«​បានជា​ខ្ញុំ​មក​ចូលរួម​មកពី​វា​បានផ្ដល់​ចំណេះដឹង​បន្ថែម​ដល់​ខ្ញុំ​។ ដោយសារតែ​ខ្ញុំ​ជា​អ្នករៀន​ប្រវត្តិសាស្ត្រ​ផង ដូច្នេះ​បាឋកថា​នេះ​និយាយ​ពី​ប្រវត្តិសាស្ត្រ​ដែល​ខ្ញុំ​មិន​ធ្លាប់​ដឹង​ពីមុន​»​។ 
  
 
​បុរស​ដែល​មកពី​ខេត្តស្វាយរៀង​រូបនេះ ថា​យុវជន​គួរតែ​ចូលរួម​ស្ដាប់​ក្នុង​កម្មវិធី​ណា​ដែល​ជួយ​ឱ្យ​ខ្លួន​មានការ​អភិវឌ្ឍ​ផ្នែក​គំនិត​បញ្ញា​៖«​សម្រាប់​ខ្ញុំ​ក្នុងនាម​យើង​ជា​យុវជន​យើង​មិនគួរ​ចំណាយពេល​ទៅធ្វើ​អ្វីដែល​មិនសូវមាន​ប្រយោជន៍​ទេ យើង​គួរតែ​ចំណាយពេល​ដ៏​មានតម្លៃ​មក​ស្ដាប់​កម្មវិធី​បែបនេះ​ដើម្បី​បាន​ចំណេះដឹង​។ លើក​ក្រោយ​គាត់​អាច​ទៅ​ស្រាវជ្រាវ​បន្ត​ដើម្បីឱ្យ​ក្មេងជំនាន់ក្រោយ​ដែល​មិនទាន់​បានដឹង ឱ្យបាន​រៀន​បន្ត​»​។​
 
​បើទោះបីជា​មិន​រៀន​ផ្នែក​ប្រវត្តិសាស្ត្រ​ប៉ុន្តែ សុ​ផា ដែលមាន​អាយុ​២០​ឆ្នាំ លើក​ចិត្ត​យុវជន​ខ្មែរ​ទាំងអស់ ឱ្យ​ខំ​សិក្សា​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន​៖«​ទោះបីជា​គាត់​មិន​រៀន​ខាង​ប្រវត្តិសាស្ត្រ​ក៏ដោយ ក៏​គាត់​គួរតែ​មក​ស្វែងយល់​ពីអ្វី​ដែលជា​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​យើង ដើម្បីឱ្យ​គាត់​បានដឹងថា​គាត់​មានកំណើត​ចេញពី​ណា​។ បុព្វបុរស​របស់គាត់​មាន​ភាពល្បីល្បាញ​យ៉ាងណា តើ​បុព្វបុរស​របស់គាត់​បាន​សាង​អរិយធម៌​អ្វីខ្លះ​បន្សល់​ទុកឱ្យ​ពួកគាត់​ជំនាន់​ក្រោយ​»​។ 
  
 
​ងាក​មក​អ្នកស្រាវជ្រាវ​លើ​គម្រោង​ប្រាសាទ​ក្នុង​ក្រុង​ស​ម្ពុ​បុ​រៈ តាំងពី​ដើមឆ្នាំ​២០១៩​វិញ លោក ធុ​យ ចាន់​ធួន ថា​ក្ដីកង្វល់​ដែល​ជាប់​ក្នុង​អារម្មណ៍​របស់លោក​រាល់​ថ្ងៃ​គឺ​ថវិកា​សម្រាប់​ការស្រាវជ្រាវ​បន្ត​។ លោក​បង្ហាញ​ពី​ក្ដីបារម្ភ​របស់ខ្លួន​ដូច្នេះ​៖«​អ្វី​ដែលជា​កង្វល់ ខ្ញុំ​ត្រូវការ​ថវិកា​ដើម្បី​សិក្សា​ស្រាវជ្រាវ​បន្តទៀត​។ ហើយ​កង្វល់​ទី​២​សុំឱ្យ​អាជ្ញាធរ​ដែនដី ឬក៏​ក្រសួង​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ​ទាំងអស់គ្នា ដើម្បី​ផ្សព្វផ្សាយ​ពី​បេតិកភណ្ឌ​ជាតិ និង​ដើម្បី​កុំឱ្យ​ក្រុម​ទាំងនោះ​ជីក​គាស់កកាយ​ទៀត​»​។​
 
​អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌​និង​វិចិត្រសិល្បៈ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​រូបនេះ ថា​កិច្ចការ​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​មិនមែនជា​ភារកិច្ច​ដាច់ខាត​របស់​បុគ្គល​ណា​ម្នាក់​ឡើយ ប៉ុន្តែ​វា​ជា​កាតព្វកិច្ច​របស់​ខ្មែរ​គ្រប់រូប​៖«​ខ្ញុំ​ចង់ឱ្យ​ទាំងអស់គ្នា​ជួយ​បង្ហាញថា​នេះ​ជា​ភស្ដុតាង​ប្រវត្តិសាស្ត្រ​ខ្មែរ កុំ​នាំគ្នា​ជីក នាំគ្នា​បំផ្លាញ ប៉ុន្តែ​ត្រូវ​នាំគ្នា​សិក្សា​ស្រាវជ្រាវ​។ ទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទាំង​រាជបណ្ឌិត្យសភា ទាំង​មហាវិទ្យាល័យ​បុរាណវិទ្យា ទាំង​មហាវិទ្យាល័យ​ប្រវត្តិសាស្ត្រ យើង​ចុះ​ស្រាវជ្រាវ​ទាំងអស់គ្នា​។ នេះ​ជា​រឿង​របស់​យើងទាំងអស់គ្នា មិនមែនជា​រឿង​របស់ ធុ​យ ចាន់​ធួន រឿង​របស់​អាជ្ញាធរ​ដែ​ន​ដី​ខេត្ត​ដែល​ត្រូវ​គ្រប់គ្រង​នោះទេ ការស្រាវជ្រាវ​អ្នកណា​ក៏​អាចធ្វើ​បានដែរ​»៕

 

 

Tag:
 ប្រាសាទ​
  ស្រាវជ្រាវ​
  យុវជន​
  ធុ​យ ចាន់​ធួន​
  ប្រវត្តិសាស្ត្រ​
  បុរាណវិទ្យា​
  ក្រុង​ស​ម្ពុ​បុ​រៈ​
  អ្នកប្រាជ្ញ​
  របក​គំ​ហើយ​
© រក្សាសិទ្ធិដោយ thmeythmey.com