ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រោយ​មាន​បញ្ហា​សុខភាព អ្នកស្រី ភា ឈប់​ដាំ​បន្លែ​គីមី ងាក​មក​ដាំ​បន្លែ​ធម្មជាតិ ដើម្បី​ទ្រទ្រង់​សុខមាលភាព​សង្គម​
29, Jul 2019 , 8:30 am        
រូបភាព
​កណ្ដាល​៖ អ្នកស្រី សែម ភា គឺជា​ស្ត្រី​មេម៉ាយ​ដែល​ប្ដូរ​ពី​ការដាំ​បន្លែ​ដោយ​ប្រើ​ថ្នាំ​គីមី​ពុល មក​ដាំ​បន្លែ​តាមបែប​ធម្មជាតិ​។ ធ្លាប់​បង្ខំចិត្ត​ខ្លួនឯង​លក់​បន្លែ​ដែលមាន​សារជាតិ​គីមី​ខ្លាំង​ទៅ​ទីផ្សារ ព្រោះ​បន្លែ​ដែលមាន​ស្នាម​សត្វល្អិត​បំផ្លាញ​មិនអាច​លក់ដាច់ អ្នកស្រី ភា មិន​ទទួលទាន​បន្លែ​ដែល​ខ្លួន​ដាំ​នោះឡើយ​។ ក្រោយពី​ទទួលបាន​ការបណ្ដុះបណ្ដាល​ពី​របៀប​ដាំ​បន្លែ​បែប​ធម្មជាតិ ស្ត្រី​ដែលមាន​កូន​៤​នាក់​រូបនេះ មាន​ជីវភាព​ធូរធា​ជាង​មុន និង​មាន​សុខ​ភាពល្អ​ផងដែរ​។ ស្ត្រី​រូបនេះ​ចង់ឱ្យ​អ្នកភូមិ​របស់ខ្លួន​ផ្លាស់ប្ដូរ​ដូចជា​អ្នកស្រី​ដែរ ដើម្បី​សុខភាព​មនុស្ស​ទូទៅ​។​

 
​អ្នកស្រី ភា ធ្លាប់បាន​ចំណាយ​ប្រាក់​ប្រមាណ​១០​ម៉ឺន​រៀល សម្រាប់​ទិញ​ថ្នាំ​គីមី​ពុល​យកទៅ​បាញ់​បន្លែ​ក្នុង​ផ្ទៃដី​តូច​ល្មម​មួយ កាលពី​១០​ឆ្នាំមុន ។ ពេលខ្លះ​បន្លែ​ដែល​បាញ់ថ្នាំ​គីមី​ទាំងនោះ ក៏​មិនអាច​ប្រមូល​ផល​បានល្អ​ដែរ ព្រោះ​វា​ត្រូវ​សត្វល្អិត​បំផ្លាញ​អស់​។ ចំណែក​ផល​បន្លែ​ដែល​ប្រមូលបាន​បន្តិច​ប​ន្ទួ​ច យកទៅលក់​នៅឯ​ផ្សារ អ្នកស្រី សែម ភា ក៏ត្រូវ​ដឹក​បន្លែ​ដោយ​ម៉ូតូ​ចាស់​របស់ខ្លួន​ត្រឡប់មកផ្ទះ​វិញ​។ 
 
​អ្នកស្រី ភា បាន​រំឭក​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​ពេលដែល​លក់​បន្លែ​មិន​ដាច់​នោះ​ថា​៖«​ពេលខ្លះ​ខ្ញុំ​ត្រូវ​ដឹក​បន្លែ​យកមក​ផ្ទះ​វិញ​ទាំងអស់​ព្រោះ​លក់​មិន​ដាច់​។ គេ​ទិញ​តែ​បន្លែ​ដែល​ល្អ អត់​សត្វ​ស៊ី ដូច្នេះ​ចង់​មិន​ចង់​ខ្ញុំ​ត្រូវតែ​តម្រូវ​តាម​ទីផ្សារ ប៉ុន្តែ​ខ្ញុំ​មិន​ហូប​បន្លែ​ទាំង​នោះទេ​»​។
 
​បន្ត​លក់​បន្លែ​គីមី​អស់​ជាច្រើន​ឆ្នាំ​សុខភាព​ក៏​ទ្រុឌទ្រោម ខាតដើម​ខាតចុង​ព្រោះ​សត្វល្អិត​បំផ្លាញ​បន្លែ​អស់​ជា​ញឹកញាប់ ស្ត្រី​មេម៉ាយ​កូន​៤​រូបនេះ សម្រេចចិត្ត​ប្ដូរ​ទៅ​ដាំ​បន្លែ​តាមបែប​ធម្មជាតិ​វិញ​។ ចំណាយ​ប្រាក់​ត្រឹមតែ​៦,០០០​រៀល សម្រាប់​ទិញ​វត្ថុធាតុដើម​ធ្វើ​ជីធម្មជាតិ ហើយ​អាច​ប្រមូល​ផល​ម្ដង​បាន​៥០​ម៉ឺន​រៀល​។​
 
​ខ្ញុំ​បានធ្វើ​ដំណើរ​តាម​ម៉ូតូ​ចេញពីផ្ទះ​អ្នកស្រី ភា ដែល​ស្ថិតនៅ​ក្នុងភូមិ​ពោធិ៍​អណ្ដែត ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល ឆ្ពោះទៅ​ដីចម្ការ​ដែលមាន​ចម្ងាយ​ប្រមាណ​ជាង​មួយ​គីឡូម៉ែត្រ​ពី​ភូមិ​។ ផ្ទះ​សំណាញ់​ដែលជា​រោង​ដាំ​បន្លែ​មាន​ប្រក់​កៅស៊ូ​ប្រភេទ​ក្រាស់ និង​មាន​ស្បៃ​ព័ទ្ធជុំវិញ​រោង​ការពារ​សត្វល្អិត​ចូល​បំផ្លាញ សង់​ឡើងលើ​ផ្ទៃដី​ទទឹង​៥​ម៉ែត្រ​កន្លះ​និង​បណ្ដោយ​១២​ម៉ែត្រ​។ ផ្ទះ​សំណាញ់​នេះ​ប្រៀបបាន​ទៅនឹង​ផ្ទះមួយ​ខ្នង នៅ​ចំ​កណ្ដាល​ចម្ការ​ដំណាំ​គ្មាន​ដំបូល​ជាច្រើន ដែល​ត្រូវ​សត្វល្អិត​ចង្រៃ​បំផ្លាញ​អស់​ភាគច្រើន​។ 
  
 
​ខ្ញុំ​បាន​ដើរចូល​ទៅក្នុង​ផ្ទះ​សំណាញ់​តាម​ច្រកទ្វារ​ដែល​គេ​ធ្វើ​ដើម្បី​ចេញចូល ខណៈ​មេឃងងឹត​យ៉ាងខ្លាំង ហើយក៏​បម្រុង​នឹង​ធ្លាក់ភ្លៀង​ដែរ​។ ស្ពៃស​ង្កឹះ​ទើបតែ​ដុះ​ផុតពី​ដី​បន្តិច​តែប៉ុណ្ណោះ ព្រោះ​វា​ទើបតែ​មាន​អាយុ​ប៉ុន្មាន​ថ្ងៃ ហើយ​ម្ចាស់​បន្លែ​បាន​ប្រាប់ថា វា​នឹង​កាន់តែ​លូតលាស់​លឿន​និង​ល្អ បន្ទាប់ពី​វាទ​ទួលបាន​ថ្នាំ​ធម្មជាតិ​បំប៉ន​។ 
 
​អ្នកស្រី ភា បញ្ជាក់​ទាំង​ញញឹម​បឹ​ទ​មាត់​មិន​ជិត​៖«​កាលពី​មិនទាន់​ដាំ​ក្នុងផ្ទះ​សំណាញ់ ស្ពៃ​បាន​កម្ពស់​ហ្នឹង​បើសិនជា​សត្វល្អិត​ស៊ី ហើយ​បាញ់ថ្នាំ​មិន​ស្កាត់​ទេ​ច្បាស់​ជា​ត្រូវ​ចោល​ហើយ​។ ប៉ុន្តែ​ពេលនេះ​ខ្ញុំ​ឈប់​បារម្ភ​ទៀតហើយ ខ្ញុំ​គ្រាន់តែ​ដកស្មៅ​ហើយ​ស្រោ​ត​ទឹក​មួយថ្ងៃ​២​ដង​និង​បាញ់​ជីធម្មជាតិ​បំប៉ន​២​ដង គឺ​បាន​កាត់​ហើយ​»​។ 
  
 
​អង្គុយ​និយាយ​ពី​ប្រវត្តិ​ដាំ​បន្លែ​របស់ខ្លួន​កាលពីមុន នៅក្នុង​រោង​ប្រក់​កៅស៊ូ​ក្នុងពេល​គ្រាប់​ភ្លៀង​កំពុង​បង្អុរ​យ៉ាងខ្លាំង​ព្រមជាមួយ​ខ្យល់​បោកបក់​ពេញទំហឹង​ផង​នោះ អ្នកស្រី ភា ថា​៖«​ឃើញ​ទេ​មាន​ដំបូល​បែបនេះ ចង់​ភ្លៀង​ខ្លាំង​យ៉ាងណា​ក៏​យើង​មិន​បារម្ភ​ថា​ខ្លាច​ដំណាំ​រលាំ​ទឹក​ខូ​ត​ដែរ​។ ទោះបី​មាន​ភ្លៀង​ក៏​យើង​នៅតែ​អាចធ្វើ​ការ​បាន​»​។​
 
​ពេលនេះ​ស្ត្រី​មេម៉ាយ​ដែល​ខំធ្វើការ​គ្រប់យ៉ាង​មិន​ស្គាល់​ថ្ងៃ​យប់ ដើម្បី​បាន​ប្រាក់​ឱ្យ​កូនស្រី​ទៅ​សិក្សា​នៅ​មហាវិទ្យាល័យ​រហូតដល់​ទៅ​២​នាក់​រូបនេះ អាចមាន​លទ្ធភាព​ច្រើនជាង​មុន​ព្រោះតែ​ដំណាំ​បន្លែ​ឱ្យ​ផល​ជាទី​គាប់ចិត្ត​។ អ្នកស្រី​ពន្យល់​បន្ថែម​ដោយ​ភ្នែក​សម្លឹង​មើលទៅ​សំណល់​ផ្ទះ​សំណាញ់​ដែល​បាក់បែក​ដោយសារ​ខ្យល់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​៖«​អ្វីដែល​ខ្ញុំ​សង្ឃឹម​នោះ​គឺ​ដំណាំ​បន្លែ​នេះហើយ​។ ខ្ញុំ​អង្គុយ​គិត​ថាបើ​ខ្ញុំ​ពង្រីក​ដី​ដាំ​បន្លែ​ឱ្យ​ធំ​ជាង​នេះ ខ្ញុំ​នឹង​រកប្រាក់​បាន​កាន់តែច្រើន​»​។ 
 
​ស្ត្រី​មាឌ​ស្ដើង​បន្ត​ទាំងអស់​សំណើច​៖«​ខ្ញុំ​ឃើញ​បាន​ផល​ល្អ ខ្ញុំ​ក៏​សង់រោង​មួយទៀត​នៅក្បែរ​នេះ​ហ្នឹង តែ​ខ្ញុំ​ធ្វើ​ធំ​ពេក​វា​ខុស​បច្ចេកទេស មានអី​ពេល​ភ្លៀង​ថ្ងៃមុន​ខ្យល់​ខ្លាំង​ផង​រលំ​អស់​។ ខ្ញុំ​នឹងធ្វើ​រោង​នេះ​ទៀត ហើយ​ធ្វើ​លើក​ក្រោយ​ខ្ញុំ​នឹងសិក្សា​ពី​ទំហំ​និង​ប្រវែង​ឱ្យបាន​ត្រឹមត្រូវ កុំឱ្យ​ខាត​ដូច​លើក​នេះ​ទៀត​»​។ 
  
 
​ក្រោយពី​បានឃើញ​លទ្ធផល​របស់​អ្នកស្រី សែម ភា កសិករ​មួយចំនួន​ដែល​រស់​នៅក្បែរនោះ ក៏​ចង់​ផ្លាស់ប្ដូរ​ការដាំ​បន្លែ​របស់ខ្លួន​ដែរ ប៉ុន្តែ​នៅ​ទាស់​ត្រង់​ខ្វះ​ថវិកា​សង់ផ្ទះ​សំណាញ់​។ ខ្ញុំ​បានធ្វើ​ដំណើរ​ទៅផ្ទះ​លោក ច្រឹ​ក ឡុង ដែល​សង់​ដាច់​តែឯង​នៅក្នុង​ដីចម្ការ​ស្វាយ ក្បែរ​ដី​ដាំ​បន្លែ​របស់​អ្នកស្រី ភា ដែរ​។ បុរស​រាង​ស្គម​ខ្ពស់​រូបនេះ​ឆ្លៀតពេល​ផ្ដល់​បទ​សម្ភាស​ដល់​ខ្ញុំ ក្រោយពី​ដាក់​ស្មៅ​គោ​នៅក្នុង​ក្រោល​រួច​។ មាន​អាការ​អឹមអៀន​បន្តិច​លោក ច្រឹ​ក ឡុង ដែល​ធ្លាប់​ដាំ​ត្រសក់ ដាំ​សណ្ដែកទ្រើង និង​ដាំ​ត្រប់ ហើយ​ពេលខ្លះ​ត្រូវ​ខាត​ទាំងស្រុង​ព្រោះតែ​សត្វល្អិត​ចង្រៃ​បំផ្លាញ​អស់នោះ មានបំណង​ដាំ​បន្លែ​នៅក្នុង​ផ្ទះ​សំណាញ់​វិញ​។ បុរស​សម្បុរ​ស្រអែម​រូបនេះ​បន្ថែម​៖«​ខ្ញុំ​ចាយ​ទុន​អស់​ជាង​មួយ​លាន​រៀល តែ​ពេល​ប្រមូល​ផល​វិញ​បានត្រឹមតែ​រួចខ្លួន​។ ពេលខ្លះ​ខាត​ទាំងស្រុង​ក៏មាន​»​។  
  
 
​ទោះជា​យ៉ាងណា ដោយសារតែ​មិនសូវមាន​ប្រាក់ លោក ច្រឹ​ក ឡុង ច​ម្រេច​ចិត្ត​ដាំ​បន្លែ​បែប​ធម្មជាតិ​ក្នុង​ទ្រុងទ្រាយ​តូច​សិន​។ កសិករ​ដែល​អះអាងថា​សុខភាព​របស់ខ្លួន​ចុះខ្សោយ​ជា​លំដាប់​ដោយសារតែ​ការបាញ់​ថ្នាំ​គីមី​រាល់​ថ្ងៃនោះ​បន្ថែម​៖«​ខ្ញុំ​គិតថា​ការផ្លាស់ប្ដូរ​នេះ​នឹង​បាន​ផល​ច្រើន​ព្រោះ​មាន​គំរូ​ស្រាប់​។ ដ្បិតតែ​មិនបាច់​ទិញ​ថ្នាំ​និង​ជីគីមី ប៉ុន្តែ​យើង​ត្រូវ​ចំណាយ​លើ​ការសង់​រោង ដូច្នេះ​ខ្ញុំ​ដាំ​ប៉ុន​ដី​បង​ភា​សិន​។ ខ្ញុំ​ចង់ឱ្យ​អ្នក​ដាំ​ដំណាំ​ដោយ​ប្រើ​ថ្នាំ​គីមី ដូរ​មក​ដាំ​តាម​ធម្មជាតិ​វិញ ព្រោះ​មិន​ធ្វើឱ្យ​យើង​ប៉ះពាល់​សុខភាព ហើយ​ថែមទាំង​ចាយ​ទុន​តិច​ផង​»​។​
 
​ចំណែក​លោក មាស ជ្រិ​ក មេភូមិ​ពោធិ​អណ្ដែត ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មានប្រសាសន៍ថា​លោក​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​កសិករ​ណា​ដែលមាន​បំណង​ដាំ​បន្លែ​បែប​ធម្មជាតិ​។ អង្គុយ​នៅលើ​កៅអី​ថ្ម​ក្រោម​សំ​យ៉ាង​ស័ង្កសី​ខាងមុខផ្ទះ ដែលមាន​ដំណាំ​ជី​ច្រើន​មុខ​ដាំ​នៅ​កៀន​របង​ផ្ទះ​ក្បែរ​នោះ​លោក មាស ជ្រិ​ក អះអាង​ដូច្នេះ​៖«​ខ្ញុំ​ពិតជា​ចង់ឱ្យ​អ្នកភូមិ​ដាំ​បន្លែ​ដោយ​ធម្មជាតិ​ណាស់​។ ខ្ញុំ​ហ៊ាន​អះអាង បើសិនជា​ពួកគាត់​អត់​មាន​ប្រាក់ ហើយ​គាត់​ចង់ទៅ​ខ្ចីប្រាក់​ធនាគារ​យកមក​ដាំ​បន្លែ​ធម្មជាតិ​នេះ ខ្ញុំ​ទៅ​ធានា​ឱ្យ​គាត់​ទៀត ប៉ុន្តែ​ពួកគាត់​ត្រូវតែ​ធ្វើឱ្យ​ច្បាស់លាស់​ដូច ភា អ៊ីចឹង​»​។ 
  
 
​សម្ដី​ហាក់​អស់សង្ឃឹម​មេភូមិ​រូបនេះ ថា​ដី​ដាំ​ដំណាំ​នៅក្នុង​ភូមិ​របស់លោក​នៅ​ពេលបច្ចុប្បន្ន​នេះ មិនមាន​ជីជាតិ​ដូច​ពីមុន​ឡើយ ព្រោះតែ​ការប្រើ​ថ្នាំ​គីមី​លើស​កម្រិត​។ លោក​ត្អូញត្អែរ​ដូច្នេះ​៖«​ពីមុន​ដី​នៅទីនេះ​មាន​ជីជាតិ​ណាស់ ដាំ​អ្វី​ក៏បាន​ដែរ​ព្រោះ​វា​នៅ​ជិត​ប្រភពទឹក ប៉ុន្តែ​ឥឡូវ​ដាំ​អ្វី​ក៏​មិន​បានដែរ ព្រោះ​គេ​បាញ់ថ្នាំ​ខ្លាំងពេក​។ ខ្ញុំ​ជា​មេភូមិ​មែន​ក៏ប៉ុន្តែ​ខ្ញុំ​មិនអាច​ទៅ​ហាម​គេ​មិនឱ្យ​បាញ់ថ្នាំ​បានទេ ព្រោះ​គេ​ថា​ទាល់តែ​ធ្វើបែបនេះ​ទើប​គេ​មាន​ប្រាក់​ចិញ្ចឹម​គ្រួសារ​។ ខ្ញុំ​ធ្លាប់​ប្រជុំ​ក្របខ័ណ្ឌ​ភូមិ​ដែរ​ដើម្បី​លើកទឹកចិត្ត​អ្នកភូមិ ឱ្យដាំ​បន្លែ​បែប​ធម្មជាតិ​ប៉ុន្តែ​ដូច​មិន​ដំណើរការ​សោះ​។ អ្នកខ្លះ​គេ​ថា​ខ្លាច​ខាត អ្នកខ្លះ​ទៀត​គេ​ថា​គេ​មាន​ទីផ្សារ​ហើយ ចំណែក​អ្នក​ខ្លះទៀត​គេ​ថា​ចាយ​ពេល​យូរ​ទើបបាន​ផល​គេ​មិន​ចង់​ដាំ​។ ដល់​បែបនេះ​ខ្ញុំ​មិនដឹង​ទៅ​បង្ខំ ឬ​ពន្យល់​គេ​យ៉ាងម៉េច​ទៀត​។ ខ្ញុំ​អាច​ត្រឹមតែ​ខំ​លើកទឹកចិត្ត​អ្នក​ដែល​គេច​ង់​ផ្លាស់ប្ដូរ អ្នក​ដែល​គេ​យល់​ពី​ផលប៉ះពាល់​ដោយ​ខ្លួនឯង​តែប៉ុណ្ណោះ​»​។ 
 
​តម្លៃ​បន្លែ​ក្នុង​មួយ​គីឡូ​ថ្លៃ​ទាប​បំផុត​៥,០០០​រៀល អ្នកស្រី ភា មិនអាច​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​គ្រប់គ្រាន់​ឡើយ​។ ស្ត្រី​រូបនេះ​ទទូច​ឱ្យ​អ្នកភូមិ​របស់ខ្លួន ព្រមទាំង​ប្រជាជន​ខ្មែរ​ទូទៅ​ផង ដាំ​បន្លែ​បែប​ធម្មជាតិ​វិញ ដើម្បី​សុខភាព​ប្រជាជន​ទូទៅ ព្រមទាំង​បាន​តម្លៃ​ថ្លៃ​ផង​។ 
  
 
«​គេ​ដឹងថា​ខ្ញុំ​ដាំ​បន្លែ​អត់​បាញ់ថ្នាំ​គីមី​គេ​ចូលចិត្ត​ទិញ​ណាស់​។ ខ្ញុំ​មិនបាច់​នៅ​អង្គុយ​លក់រាយ​ទេ គឺ​ខ្ញុំ​បោះ​ដុំ​ឱ្យគេ​។ គេ​យក​ពី​ខ្ញុំ​តម្លៃ​៥,០០០​រៀល នេះ​នៅ​ខែ​ដែល​បន្លែ​ធ្លាក់​ថ្លៃ ហើយ​គេ​យកទៅលក់​១០,០០០ អ្នកខ្លះ​លក់បាន​ថ្លៃ​ជាង​នេះ​ក៏មាន​។ បើ​បន្លែ​គីមី​វិញ​នៅ​ខែ​ធ្លាក់​ថ្លៃ​បែបនេះ បានតែ​តម្លៃ​ប៉ុន្មាន​រយ​ហ្នឹង យ៉ាងច្រើន​បាន​ជាង​១,០០០​ទៅ​២,០០០ ប៉ុណ្ណឹង​ឯង​។ ដូច្នេះហើយ​ទើប​ខ្ញុំ​ចង់ឱ្យ​ប្រជាជន​ខ្មែរ​យើង​ដាំ​បន្លែ​បែប​ធម្មជាតិ​វិញ​។ ឥឡូវនេះ​អ្នក​នៅ​ភ្នំពេញ​គេ​ទាក់ទង​ខ្ញុំ ដើម្បី​យក​បន្លែ​របស់ខ្ញុំ​ទៅ​លក់​នៅ​ភ្នំពេញ ប៉ុន្តែ​ខ្ញុំ​តែម្នាក់ឯង​មិនអាច​ផ្គត់ផ្គង់​តាម​តម្រូវការ​បានទេ​។ បើ​អ្នកភូមិ​របស់ខ្ញុំ​ចង​គ្នា​ជា​សហគមន៍​ដាំ​បន្លែ​បែប​ធម្មជាតិ នោះ​ទើប​អាចទៅរួច​ព្រោះ​គេ​ត្រូវការ​ច្រើន​»៕
 
 
 
​ 

Tag:
 សែម ភា
  កសិករ​
  កសិកម្ម​
  បន្លែ​
  ដំណាំ​
 
© រក្សាសិទ្ធិដោយ thmeythmey.com