ជាតិ
សង្គមជាតិ
គម្រោងកែលម្អបណ្ដាញលូមេប្រមូលទឹកកខ្វក់ក្រុងសៀមរាបសម្រេចបានជាង១៣ភាគរយហើយ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
× សៀមរាប៖ គម្រោងកែលម្អបណ្ដាញលូមេប្រមូលទឹកកខ្វក់ក្នុងក្រុងសៀមរាប សម្រេចបានជាង១៣ភាគរយហើយបើគិតមកដល់ពេលនេះ។ គម្រោងនេះជាផ្នែកមួយនៃគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យទីប្រជុំជនខេត្តសៀមរាប ក្រោមឥណទានថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលអនុវត្តន៍គម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សាងសង់ដោយក្រុមហ៊ុនចិនឈ្មោះ Beijing Urban Construction Group (BUCG)។ នេះបើយោងតាមការផ្សាយក្នុងទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាប។
គម្រោងនេះធ្វើឡើងក្នុងបំណងកែលម្អ ពង្រីកសមត្ថភាពប្រមូលទឹកកខ្វក់ក្នុងក្រុងសៀមរាបរហូតដល់ឆ្នាំ ២០៤០។ បន្ថែមពីនេះ ទឹកកខ្វក់ដែលបានបញ្ចេញចោលតាមបណ្ដាញលូ ត្រូវបានប្រមូលសម្អាតមុននឹងបញ្ចេញចេញប្រព័ន្ធបញ្ចេញធំ ដើម្បីសុខុមាលភាពរបស់ប្រជាពលដ្ឋក៏ដូចជាភ្ញៀវទេសចរ និងលើកកម្ពស់អនាម័យ បរិស្ថានក្នុងក្រុងសៀមរាបទាំងមូលផងដែរ។
គួររម្លឹកថា គម្រោងនេះបាននិងកំពុងអនុវត្តតាមបណ្ដោយផ្លូវលេខ២៦៧ មុខវត្តចក និងឆ្ពោះមកផ្លូវស៊ីវត្ថា រហូតទៅដល់មុខសណ្ឋាគារសុខាអង្គរ ដោយប្រើបច្ចេកវិទ្យាខួងបំពង់ក្រោមដីដែលមានជម្រៅពី៣ ទៅ ៨ម៉ែត្រ។ គិតត្រឹមខែកក្កដា ឆ្នាំ ២០១៩ នេះ គម្រោងអនុវត្តបាន១៣,៦២%ហើយ នឹងឈានទៅបញ្ចប់គម្រោងក្នុងអំឡុងខែសីហា ឆ្នាំ២០២០ខាងមុខ។ នេះបើតាមខ្លឹមសាររបស់រដ្ឋបាលខេត្តដដែល៕
Tag:
ទឹកកខ្វក់
សៀមរាប
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com