តាកែវ៖ ការត្បាញពិដានពិតជាមានភាពស្មុគស្មាញខ្លាំងណាស់។ ការងារនេះទាល់តែអ្នកមានភាពអំណត់ខ្លាំងទើបអាចធ្វើទៅបាន។ ការត្បាញមានភាពលំបាកមិនជាបញ្ហាប៉ុន្មានទេ សម្រាប់ស្ត្រីរស់នៅខេត្តតាកែវ ដែលចេះជំនាញត្បាញពិដាននេះតពីដូនតា ប៉ុន្តែកត្តាទីផ្សារឯណេះវិញទេ ដែលធ្វើឱ្យពួកគេអស់កម្លាំងចិត្តក្នុងការត្បាញបន្តនោះ។
ចង់ដឹងថាការត្បាញពិដានមានភាពលំបាកយ៉ាងណា ព្រមទាំងដឹងពីកង្វល់របស់អ្នកត្បាញផងនោះ តទៅនេះសូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
ពិដាន គឺគេត្បាញពីសរសៃសូត្រដោយមានចងគោម នេះជាភាសារសម្រាប់អ្នកត្បាញ និងភាសារធម្មតាគេហៅចងម៉ូដ។ គេត្បាញពិដានពីរឿងពុទ្ធប្រវត្តិ ឬពីរូបអ្វីផ្សេងៗដែលគេចង់បាន។ ពីសម័យដើម ខ្មែរនិយមយកពិដានទៅចងនៅខាងក្រោយរូបពុទ្ធបដិមាក្នុងព្រះវិហារ។ ខ្ញុំសូមពន្យល់ពីពិដានតែត្រឹមប៉ុណ្ណេះ ដោយមកលម្អិតពីអ្នកត្បាញវិញម្ដង។
ខ្ញុំបានធ្វើដំណើរទៅខេត្តខេត្តតាកែវ ដើម្បីស្វែងរកផ្ទះអ្នកភូមិដែលនៅបន្តការត្បាញពិដាន។ ធ្វើដំណើរតាមផ្លូវជាតិលេខ២ដោយកាត់តាមភ្នំជីសូរ ហើយត្រូវបន្តដំណើរទៅមុខទៀតប្រមាណជា៣គីឡូម៉ែត្រ ខ្ញុំក៏បានមកដល់ភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង នាខេត្តតាកែវ។ ភូមិនេះហើយដែលនៅសល់អ្នកត្បាញពិដានខ្លះ។ ខ្ញុំបានចូលទៅជួបស្ត្រីម្នាក់ ដែលពាក់វែនតាខ្មៅការពារពន្លឺថ្ងៃ កំពុងអង្គុយនៅជិតកីតម្បាញរបស់ខ្លួន។ តាមពិតទៅស្ត្រីរូបនេះទើបតែវះភ្នែករួច ដោយសារជំងឺភ្នែកឡើងបាយ។
ស្ត្រីរូបនេះមានឈ្មោះថា ប៉ិច ចន្ធូ។ មានកូននៅតូចៗនៅឡើយ ដោយត្រូវការថវិកាច្រើនដើម្បីផ្គត់ផ្គង់ការរៀនសូត្ររបស់ពួកគេផង ព្រមទាំងត្រូវចំណាយក្នុងគ្រួសារប្រចាំថ្ងៃផងស្ត្រីវ័យជាង៣០ឆ្នាំរូបនេះ ត្អូញត្អែរពីរបរត្បាញពិដានដូច្នេះ៖«ចេះតែធ្វើទៅបើមិនដឹងថាទៅណា។ នៅផ្ទះមើលកូននិងធ្វើការងារក្រៅខ្លះ។ ខ្ញុំច្រូតស្មៅលក់ខ្លះដើម្បីបានប្រាក់ឱ្យទាន់កូនទៅរៀន។ ត្បាញនេះខ្ញុំរកតែឈប់ហើយហ្នឹង ព្រោះមិនសូវសម្បូរការងារ រកប្រាក់មិនទាន់ឱ្យកូនចាយ ។ ខ្ញុំចង់តែទៅរោងចក្រវិញ ព្រោះមួយខែដឹងតែបានប្រាក់ជាង២០០ដុល្លារ បើត្បាញនេះវិញ ២ទៅ៣ខែឯណោះទម្រាំបាន២០០ដុល្លារ»។
ការត្បាញពិដានពិតជាមានភាពស្មុគស្មាញខ្លាំងនៅគ្រប់ដំណាក់កាលទាំងអស់ ហើយក៏ត្រូវចាយកម្លាំងច្រើនណាស់ដែរ។ អ្នកស្រី ចន្ធូ បានប្រាប់ពីភាពលំបាកខ្លះៗក្នុងដំណើរការត្បាញពិដាន ស្របពេលមុខរបស់អ្នកស្រីបែរទៅរកសំបកឈើសម្រាប់ធ្វើជាល័ក្ដ៖«ហត់ណាស់។ បើសិនជាជ្រលក់កៀតក្រហមវិញ នៅបុកល័ក្ដហើយយកទៅស្ងោររម្ងាស់ឱ្យចេញល័ក្ដ បន្ទាប់មកយកមកច្រោះ រួចហើយទើបបោកកៀតនេះពី៧ទៅ៨ទឹកឱ្យដាច់ទឹកសាច់ជូរ។ បន្ទាប់មកត្រូវយកជ្រលក់ពីពណ៌សទៅពណ៌ក្រហមចំនួនពី៧ទៅ៨ដងទៀត។ រួចទើបដាក់វាស្ងោរ ដើម្បីឱ្យចេញជាពណ៌ក្រហមដោយក្រហម ហើយនិងពណ៌សដោយស»។
ដើរតម្រង់ទៅយកសរសៃរសូត្រមកបង្ហាញខ្ញុំ អ្នកស្រី ចន្ធូ ព្យាយាមពន្យល់ពីការលំបាកក្នុងការត្បាញសូត្រខ្មែរ៖«សូត្រខ្មែរសរសៃមិនស្មើដូចសូត្ររៀតណាមទេ។ បើយើងចង់បានសរសៃតូចស្មើ យើងត្រូវអង្គុយរើសម្ដងមួយសរសៃៗ បើចង់បានសរសៃធំស្មើក៏យើងត្រូវរើសបែបនេះដែរ។ សូត្រខ្មែរយើងធ្វើដោយដៃដូច្នេះវាមិនស្មើគ្នាទេ។ គុណភាពសូត្រខ្មែរល្អនិងស្វិតជាសូត្រវៀតណាម»។
ព្រោះតែគ្មានទីផ្សារស្ត្រីរូបនេះ ធ្លាប់បានបោះបង់ចោលរបរត្បាញពិដានម្ដងរួចមកហើយ បើទោះបីជាអ្នកស្រីខំត្បាញសំពត់ហូលធម្មតាយកទៅលក់ ដើម្បីរកប្រាក់បន្ថែមមកទប់ទល់ជីវភាពក្ដី៖«កាលពីមុនលក់ហូលបានតម្លៃថោកពេកខ្ញុំទៅធ្វើការនៅរោងចក្រវិញបាន១០ខែ។ ត្រឡប់មកវិញទើបខ្ញុំចូលមកក្នុងអង្គការ។ កាលនោះសំពត់មួយក្បិនបានតម្លៃតែ៩០ដុល្លារ ទោះបានតម្លៃ១១០ដុល្លារក៏នៅតែមិនរួចខ្លួនដែរ ព្រោះសូត្រថ្លៃពេក។ ដល់ខែថោកដល់ថ្នាក់៣ក្បិន១០០ដុល្លារក៏មានដែរ ដូច្នេះទើបបានជាម្នាក់ៗទៅធ្វើការរោងចក្រអស់។ ដល់ឆ្នាំ២០១៩នេះបានថ្លៃប៉ុន្តែមិនសូវមានទីផ្សារវិញ»។
ចំណែកអ្នកស្រី ប៉ិច លីគីម ដែលត្រូវជាបងស្រីរបស់អ្នកស្រី ប៉ិច ចន្ធូ ក៏បានត្អូញត្អែរពីភាពលំបាកក្នុងការត្បាញពិដានដែរ៖«ត្បាញសូត្រខ្មែរមួយថ្ងៃមិនចង់បាន២តឹកទេ។ គេមិនសូវបញ្ជាទិញប្រវែង៤ម៉ែត្រទេ គឺច្រើនតែឱ្យត្បាញ២ម៉ែត្រឬក៏មួយម៉ែត្រជាង»។
អ្នកស្រី លីគីម បានប្រាប់ពីតម្លៃពិដានដែលអ្នកស្រីទទួលបាន ខណៈពេលម្រាមដៃអង្អែលលើផ្ទៃសំពត់ហូលដូច្នេះ៖«ពិដានប្រវែង២ម៉ែត្រតម្លៃ៥០០ដុល្លារឬជិត១,០០០ដុល្លារដែរ។ បើត្បាញពីរឿងពុទ្ធប្រវត្តិខ្ញុំលក់បានតម្លៃ១,០០០ដុល្លារ»។
ស្ត្រីសម្បុរស្រអែមរូបនេះថាកាលពីជាង១០ឆ្នាំមុន មានអ្នកបញ្ជាទិញពិដានច្រើន៖«កាលពីឆ្នាំ២០០៣គេបញ្ជាទិញច្រើនណាស់»។
ចាប់អាជីបត្បាញពិដានតាំងពីជាង២០ឆ្នាំមុនប៉ុន្តែអ្នកស្រី ប៉ិច លីគីម ថាជីវភាពរបស់ខ្លួននៅតែមធ្យម៖«ជីវភាពអ្នកត្បាញហូលមធ្យមទេ មិនមានដូចជាថៅកែលក់ហូលទេ។ បើលក់ហូលមួយខែមិនចង់បាន២០០ដុល្លារទេ តែបើពិដានអាចបានប្រហែលជា៣០០ទៅ៤០០ដុល្លារ»។
ចំណែកឯអ្នកស្រី ចាន់ ស្រី នាយិកាអង្គការគាំពារកុមារខ្មែរ ដែលជាអង្គការបញ្ជាទិញពិដានពីស្ត្រីទាំងពីរនាក់ខាងលើនោះ បានប្រាប់ពីទីផ្សាររបស់ពិដានដូច្នេះ៖«ទីផ្សារសម្រាប់ពិដានមិនសូវជាទូលំទូលាយប៉ុន្មានទេ។ អ្នកដែលគាត់ស្រឡាញ់ពិដាន ទាល់តែគាត់មានជំនាញសិល្បៈ ហើយគាត់ចាប់អារម្មណ៍ចំពោះវប្បធម៌ប្រពៃណីបុរាណរបស់ប្រទេសផ្សេងៗ ហើយនឹងអ្នកដែលធ្វើការទាក់ទងនឹងការតាំងពិព័រណ៍ទើបគេយល់តម្លៃរបស់ពិដាន។ ប៉ុន្តែជាទូទៅគេមិនសូវស្គាល់ពិដានទេ»។
មានទីតាំងនៅរាជធានីភ្នំពេញអង្គការគាំពារកុមារខ្មែរ ទទួលបានអតិថិជនជាជនជាតិបរទេសភាគច្រើនមកទិញពិដាន៖«ភាគច្រើនបរទេសមកទិញពិដាន។ មានខ្មែរយើងដែលជាសិស្សរៀននៅសាលាវិចិត្រសិល្បៈ គាត់មកទិញខ្លះដែរ។ នៅឆ្នាំមុនខ្ញុំលក់ពិដានបានជាង២០ផ្ទាំង។តែនៅខែខ្លះក៏យើងលក់មិនដាច់ដែរ»។
នាយិកាអង្គការរូបនេះប្រាប់ពីតម្លៃលក់ពិដានដូច្នេះ៖«ពិដានមួយយើងអាចផលិតបានពី៣ខែទៅ៦ខែ។ បើខ្នាររហូតដល់ជាងមួយពាន់ យើងអាចផលិតដល់ទៅមួយឆ្នាំទើបហើយ។ តម្លៃទៅតាមចំនួនគោមចំនួនខ្នារ និងទៅតាមសូត្រដែលយើងប្រើ។ សូត្រខ្មែរថ្លៃហើយពិបាកធ្វើជាងសូត្រនាំចូល។ ជាទូទៅយើងធ្វើចាប់ពីមួយម៉ែត្រពីរតឹកឡើងទៅ រហូតដល់២ម៉ែត្រជាង តម្លៃវាចាប់ពីជាង៤០០ដុល្លាររហូតដល់ជិត២ពាន់ដុល្លារ»។
មកដល់ពេលបច្ចុប្បន្ននេះ មានកូនខ្មែរតិចតួចណាស់ ជាពិសេសក្មេងជំនាន់ក្រោយ ដែលមិនបានស្គាល់ពិដាន ហើយអ្នកស្រី ចាន់ ស្រី កត់សម្គាល់ថា៖«អ្វីដែលខ្ញុំកត់សម្គាល់ថាក្មេងជំនាន់ក្រោយមិនសូវស្គាល់ពិដាន មកពីយើងមិនសូវបានបង្ហាញគាត់ ហើយប្រពៃណីត្បាញហូលមិនបានបន្តដល់ក្មេងជំនាន់ក្រោយ។ ជំនាន់មុនគេត្បាញពិដានដើម្បីយកទៅប្រគេនព្រះសង្ឃ ដូច្នេះក្មេងកាលពីមុនគេស្គាល់ទាំងអស់។ ឥឡូវនេះប្រែពីការត្បាញពិដានទៅប្រគេនព្រះសង្ឃ ទៅជាគូររូបតាមពិដានវិហារវិញ ដូច្នេះក្មេងជំនាន់ក្រោយស្គាល់តែគំនូរទេ»។
នាយិកាអង្គការដែលតែងតែគាំទ្រដល់តម្បាញខ្មែររូបនេះ សំណូមពរដល់រដ្ឋាភិបាល ឱ្យមានការយកចិត្តទុកដាក់លើពិដានខ្មែរ ឱ្យកាន់តែផុសផុលថែមទៀត៖«បើសិនជានៅតែបន្តសភាពបែបនេះទៀត ខ្ញុំព្រួយបារម្ភថាថ្ងៃក្រោយអាចនឹងបាត់បង់ដែរ។ ទាល់តែមានការចូលរួមរបស់រដ្ឋាភិបាល ដើម្បីការពារនឹងអភិរក្សវប្បធម៌នេះបន្តទៅទៀត។ អង្គការរបស់ខ្ញុំអាចអនុវត្តន៍ការងារនេះបានតាមរយៈជំនួយ។ បើសិនជារដ្ឋាភិបាលជួយផ្សព្វផ្សាយបន្ថែមទៀតឱ្យគេយល់ពីតម្លៃពិដាន ឱ្យគេស្គាល់បន្តទៀត កុំឱ្យបាត់បង់»។
ពីសម័យដើមប្រជាជនកម្ពុជាស្គាល់ពិដានយ៉ាងច្បាស់ ព្រោះគេធ្វើពិដានដើម្បីយកទៅប្រគេនព្រះសង្ឃទុកជាសម្បត្តិវត្ត។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន កុំថាឡើយតែក្មេងសូម្បីតែមនុស្សចាស់មួយចំនួនមិនស្គាល់ពិដាននេះថាជាអ្វីដែរ។ ទាំងនេះមិនមែនមកពីពួកគេមិនចាប់អារម្មណ៍ឡើយ ប៉ុន្តែមកពីសម័យសង្គ្រាម បានបំផ្លាញពិដាន រួមទាំងជីវិតអ្នកដែលចេះត្បាញពិដាននេះ ស្ទើរតែអស់ទៅហើយ។ រហូតមកដល់ពេលនេះ ការផលិតនិងផ្សព្វផ្សាយពីពិដានក៏នៅមានកម្រិត៕