ONE Championship
កីឡាជាតិ
ជាតិ
អរុណា ច័ន្ទ​រាជ្យ ដើរ​តាម​គន្លង​តារា​មានបទពិសោធន៍​នៅ ONE រិ​ន សា​រ័ត្ន
29, Jul 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី 
​អរុណា ច័ន្ទ​រាជ្យ ជា​ពន្លក​គុន​ចម្រុះ​ស្រករ​ក្រោយ​នៅ​ក្លិប Cambodian Top Team បង្ហើប​អំពី​កីឡាករ​គំរូ​ដែល​ខ្លួន​ចូលចិត្ត​គឺ​សិស្ស​ច្បង​រួម​ក្រុម រិ​ន សា​រ័ត្ន​។ សា​រ័ត្ន ជា​កូនសិស្សលោក ហ៊ុន ច័ន្ទ​រាជ្យ ដែល​កំពុង​ហ្វឹកហាត់​នៅ​ក្លិប​ជាមួយគ្នា ហើយ សិស្ស​ច្បង​រូបនេះ​ថែមទាំង​មានបទពិសោធន៍​ក្រែល​នៅ​សង្វៀន​ប្រដាល់​ក្នុងស្រុក និង សង្វៀន​លំដាប់​ពិភពលោក ONE CHAMPIONSHIP ទៀតផង​។


 
​អរុណា ច័ន្ទ​រាជ្យ គូសបញ្ជាក់​បែបនេះ​៖«​កីឡាករ​គុន​ចម្រុះ​ដែល​ខ្ញុំ​ចូលចិត្ត​និង​ចាត់ទុកជា​គំរូ​ល្អ​គឺ បង រិ​ន សា​រ័ត្ន​។ គាត់​មិន​ត្រឹមតែ​ចេះ​ក្បាច់គុន​ចម្រុះ តែ​គាត់​ចេះ​គុន​ខ្មែរ​ដែរ​។ ពេល​ទៅ​ប្រកួត​នៅ ONE អីហ្នឹង គាត់​អាច​វ៉ៃ​ឈរ ចាប់​ឃ្លេ ឬ ហៅថា​វ៉ៃ​ក្បាច់ MMA បានល្អ​។ ដូច្នេះ​សមត្ថភាព​របស់គាត់​គឺមាន​គ្រប់​ក្បាច់​ទោះ​វ៉ៃ​ក្នុង​ជំហរ​បែបណាក៏ដោយ​»​។ និស្សិត​ផ្នែក​ច្បាប់​ឆ្នាំ​ទី​៣​នៅ​សកល​វិទ្យាល័យ​បញ្ហា​សាស្ត្រ​រូបនេះ​រៀបរាប់​បន្តថា រិ​ន សា​រ័ត្ន តែងតែ​ផ្ដោត​មួយរយ​ភាគរយ​ក្នុងការ​ប្រកួត​ដោយ​ប្រើ​ក្បាច់​អស់ពី​កម្លាំងកាយ​ចិត្ត និង ការហ្វឹកហាត់​ប្រចាំថ្ងៃ ហើយ​ម៉ឺងម៉ាត់​មិន​លេងសើច​ច្រើន​នៅពេល​ហ្វឹកហាត់​។ 
  
 
​គុណសម្បត្តិ​មួយទៀត​ដែល អរុណា ចូលចិត្ត​គឺ ៖«​បង រិ​ន សា​រ័ត្ន ជា​មនុស្ស​ជួយ​យកអាសា​ច្រើន​។ គាត់​ចេះ​ជួយ​ប្អូនៗ និង មិត្ត​រួម​ក្រុម​។ ពេល​មាន​កម្មវិធី​ប្រកួត​ម្ដងៗ មិន​ថា​ខ្ញុំ ឬ អ្នកណា​ទេ​គាត់​តែងតែ​យកចិត្តទុកដាក់​និង​ជួយ​បង្ហាត់បង្ហាញ​ចំពោះ​ការត្រៀមខ្លួន​ជានិច្ច​»​។ រិ​ន សា​រ័ត្ន មានបទពិសោធន៍​ឡើង​វ៉ៃ​សង្វៀន​គុន​ចម្រុះ​ចំនួន ១០ ដង និង ឡើង​សង្វៀន​ប្រកួត​ប្រដាល់​គុន​ខ្មែរ​បាន​ជាង​៣០ ដង​។ សា​រ័ត្ន តែងតែ​ទទួលបាន​ការអញ្ជើញ​ទៅ​ប្រកួត​នៅ​សង្វៀន​កម្រិត​អន្តរជាតិ ONE ជារឿយៗ​មួយរយៈ​ចុងក្រោយ​នេះ​។ 
 
​កីឡាករ​អាយុ​២៣​ឆ្នាំ​ដដែល​នេះ​បាន​ប្រាប់ថា គេ​ចូល​ហ្វឹកហាត់​ល្បុក្កតោ​បាន​រយៈពេល ២ ឆ្នាំ និង​ទទួលបាន​កម្រិត​ក្រមា​បៃតង​។ គេ​បានចេញ​សម្ដែង​ក្បាច់គុន​ល្បុក្កតោ​ក្នុង​កម្មវិធី​ថ្នាក់ជាតិ​ធំៗ​ជាច្រើន​ដូចជា​កម្មវិធី​អង្គរ​សង្ក្រាន្ត និង កម្មវិធី​ដែលមាន​ការបង្ហាញ​ក្បាច់គុន​ជាច្រើន​ទៀត​។ កូនសិស្ស​របស់លោក ហ៊ុន ច័ន្ទ​រាជ្យ ពិពណ៌នា​ថា រូបគេ​មិនសូវ​បាន​ចេញទៅ​វ៉ៃ​ច្រើន​ទោះ​គ្រូ​ចង់​ចាប់​គូ​ឲ្យ​ក្ដី ពោល​ប្រកួត​បានតែ​ម្ដងគត់​នៅ​ប្រទេស​ថៃ​កាល​ឆ្នាំមុន​ក្នុង​កម្មវិធី​ប្រកួត MMA​។ ការអាក់ខាន​នេះ​ដោយសារតែ ឪពុកម្ដាយ​មិនសូវ​ចង់​ឲ្យ​ឡើង​ប្រកួត ហើយ​ការសិក្សា​ផ្ទាល់ខ្លួន​ក៏​មមាញឹក​ថែមទៀត​នៅ​ឆ្នាំ​ទី​៣ កៀក​នឹង​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ទៅហើយ​។ បែបណាក៏ដោយ គេ​នឹង​ខិតខំ​ទ្វេដង​ដើម្បី​ទទួលបាន​ការប្រកួត​នៅ​ថ្ងៃ​ខាងមុខ និង មិនទាន់​មានចិត្ត​បោះបង់ចោល​ត្រឹមនេះ​នោះទេ​។ 
 
​ពេល​សួរថា ម៉ាក់​ប៉ា​មិនមាន​ខ្សែ ឬ ឈាន​ជ័រ​ជា​អ្នក​ប្រដាល់​ហេតុអ្វី​បាន​ចូលចិត្ត​ការហាត់​ក្បាច់គុន​ទាត់​ទាក់​មួយ​នេះ​? អរុណា បាន​ឆ្លើយថា ៖«​ម៉ាក់​ប៉ា​ខ្ញុំ​អត់​មាន​ខ្សែ​ជា​អ្នក​ប្រដាល់​មែន ប៉ុន្តែ​ពេល​ខ្ញុំ​នៅ​តូច ខ្ញុំ​តែងតែ​អង្គុយ​ក្បែរ​ជីតា​របស់ខ្ញុំ​ដែល​គាត់​ចូលចិត្ត​មើល​ប្រដាល់​។ ដូច្នេះ​អារម្មណ៍​ខ្ញុំ​ចេះតែ​ដក់​ជាប់​និង​ចូលចិត្ត​ដល់​បច្ចុប្បន្ន​។ ហើយ​ខ្ញុំ​ក៏​ចូល​ហាត់​ល្បុក្កតោ​ទៅ​កាល ៧ ឆ្នាំមុន​»​។ 
​គួរ​ដឹង​ដែរ​ថា អរុណា ច័ន្ទ​រាជ្យ បាន​ចូល​ហ្វឹកហាត់​ប្រដាល់​នៅ​ក្លិប Cambodian Top Team ក្នុង​រយៈពេល ៥ ឆ្នាំ​មកហើយ​បន្ទាប់ពី​ហ្វឹកហាត់​ល្បុក្កតោ បាន​រយៈពេល ២ ឆ្នាំ​។ ការចូល​ហាត់​ល្បុក្កតោ​កាល​៧​ឆ្នាំមុន​នៅ​ភ្នំពេញ និង បន្ត​មក​ហាត់​នៅ​ក្លិប CTT តាមរយៈ​កីឡាការិនី សំ ថា​រ័ត្ន​៕ 
 
 
 
 
  

© រក្សាសិទ្ធិដោយ thmeythmey.com