ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន ព្រមាន​បុគ្គល​ឈ្មោះ សូរ សមយុទ្ធ ដែល​ប្រើពាក្យ​អសុរោះ លើស​ម្ដេច ស ខេង​
29, Jul 2019 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​វាយខ្នោះ​បុគ្គល​ម្នាក់​មានឈ្មោះ សូរ សមយុទ្ធ ដែល​បាន​ប្រើពាក្យ​អសុរោះ លើស​ម្ដេច និង​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ ការព្រមាន​របស់​សម្ដេច​នេះ ធ្វើឡើង​នៅក្នុង​ដំណើរ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ដែល​កំពុងដំណើរការ​សាងសង់ នៅ​ខណ្ឌ​ជ្រាយ​ចង្វារ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

 
​បុគ្គល​ឈ្មោះ សូរ សមយុទ្ធ ដែល​សម្ដេច ហ៊ុន សែន ស្គាល់ឈ្មោះ​ពិត​ថា «​ឃ​ន​» នោះ ត្រូវបាន​សម្ដេច ព្រមាន​ពី​ការអនុវត្ត​វិធានការ​ផ្លូវច្បាប់ ចំពោះ​ការប្រើប្រាស់​ពាក្យ​ប្រមាថ​មកលើ​សម្ដេច និង​សម្ដេច ស ខេង​។ មូល​ហេតុដែល​សម្ដេច ហ៊ុន សែន ព្រមាន​បែបនេះ ដោយសារ​បុគ្គល​ឈ្មោះ «​ឃ​ន​» បាន​ប្រើ​សម្ដី​ហៅ​សម្ដេច ស ខេង ថា​«​អា​ត្នោត​» និង​ហៅ​សម្ដេច ហ៊ុន សែន ថា «​អា​មួយ​នេះ​» ។​
 
«​បើ​ក្មួយ​(​សូរ សមយុទ្ធ​)​ចង់​ជាប់​ខ្នោះ ក្មួយ​សាកមើល​...។ ហើយក្មួយត្រូវចាំណា តែ(និយាយ)ម្ដងទៀត ពូយក(ចាប់)ហើយ»​។ នេះ​ជាការ​ព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ហាម​បុគ្គល សូរ សមយុទ្ធ ប្រើប្រាស់​ពាក្យ​អសុរោះ​លើ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​។​
 
​បើតាម​លោកនាយក​រដ្ឋមន្ត្រី បុគ្គល សូរ សមយុទ្ធ ដែលមាន​ឈ្មោះ​ពិត​ថា «​ឃ​ន​» ក៏មាន​ឈ្មោះ​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​១១៨​នាក់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ២០១៧ ផងដែរ​។ បុគ្គល​ឈ្មោះ សូរ សមយុទ្ធ នេះ ភាគច្រើន​ត្រូវបាន​គេ​ស្គាល់ តាមរយៈ​ការសរសេរ​អត្ថបទ​ទស្សនៈ​នានា​កន្លងមក​៕

Tag:
 ហ៊ុន សែន​
  ស ខេង​
  សូរ សមយុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com