ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន ព្រមានបុគ្គលឈ្មោះ សូរ សមយុទ្ធ ដែលប្រើពាក្យអសុរោះ លើសម្ដេច ស ខេង
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានវាយខ្នោះបុគ្គលម្នាក់មានឈ្មោះ សូរ សមយុទ្ធ ដែលបានប្រើពាក្យអសុរោះ លើសម្ដេច និងសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ការព្រមានរបស់សម្ដេចនេះ ធ្វើឡើងនៅក្នុងដំណើរពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលកំពុងដំណើរការសាងសង់ នៅខណ្ឌជ្រាយចង្វារ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ។
បុគ្គលឈ្មោះ សូរ សមយុទ្ធ ដែលសម្ដេច ហ៊ុន សែន ស្គាល់ឈ្មោះពិតថា «ឃន» នោះ ត្រូវបានសម្ដេច ព្រមានពីការអនុវត្តវិធានការផ្លូវច្បាប់ ចំពោះការប្រើប្រាស់ពាក្យប្រមាថមកលើសម្ដេច និងសម្ដេច ស ខេង។ មូលហេតុដែលសម្ដេច ហ៊ុន សែន ព្រមានបែបនេះ ដោយសារបុគ្គលឈ្មោះ «ឃន» បានប្រើសម្ដីហៅសម្ដេច ស ខេង ថា«អាត្នោត» និងហៅសម្ដេច ហ៊ុន សែន ថា «អាមួយនេះ» ។
«បើក្មួយ(សូរ សមយុទ្ធ)ចង់ជាប់ខ្នោះ ក្មួយសាកមើល...។ ហើយក្មួយត្រូវចាំណា តែ(និយាយ)ម្ដងទៀត ពូយក(ចាប់)ហើយ»។ នេះជាការព្រមានរបស់ប្រមុខរដ្ឋាភិបាល ដែលហាមបុគ្គល សូរ សមយុទ្ធ ប្រើប្រាស់ពាក្យអសុរោះលើថ្នាក់ដឹកនាំរដ្ឋាភិបាល។
បើតាមលោកនាយករដ្ឋមន្ត្រី បុគ្គល សូរ សមយុទ្ធ ដែលមានឈ្មោះពិតថា «ឃន» ក៏មានឈ្មោះស្ថិតនៅក្នុងចំណោមមនុស្ស១១៨នាក់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការ ហាមមិនឲ្យធ្វើសកម្មភាពនយោបាយ កាលពីថ្ងៃទី១៦ វិច្ឆិកា ២០១៧ ផងដែរ។ បុគ្គលឈ្មោះ សូរ សមយុទ្ធ នេះ ភាគច្រើនត្រូវបានគេស្គាល់ តាមរយៈការសរសេរអត្ថបទទស្សនៈនានាកន្លងមក៕
Tag:
ហ៊ុន សែន
ស ខេង
សូរ សមយុទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com