ភ្នំពេញ៖ អាមេរិក នឹងមិនចេញច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជានោះទេ។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឆ្លើយតបទៅនឹងសភាជាន់ទាបអាមេរិក ដែលបានអនុម័តសេចក្ដីស្នើច្បាប់មួយឈ្មោះ «សេចក្ដីស្នើច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជា» ក្នុងគោលដៅដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា។
ដ្បិតច្បាប់នេះ មិនទាន់ដល់ដៃលោក ដូណាល់ ត្រាំ ក្តី ប៉ុន្តែសម្ដេច ហ៊ុន សែន ហាក់ដូចជាជឿជាក់ថា ប្រធានាធិបតីអាមេរិក នឹងមិនអនុម័តច្បាប់នេះឡើយ។
ថ្លែងចំពោះមុខថ្នាក់ដឹកនាំរដ្ឋាភិបាល និងមន្ត្រីទូតបរទេស នៅក្នុងដំណើរពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលកំពុងដំណើរការសាងសង់ នៅខណ្ឌជ្រាយចង្វារ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«លោក ត្រាំ មិនល្ងង់រុញកម្ពុជាចេញពីទំនាក់ទំនងខ្លួនទេ»។
អះអាងបែបនេះហើយ លោកនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា ប្រសិនជាអាមេរិកនៅតែចង់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាមែននោះ វាក៏មិនប៉ះពាល់ដល់ប្រជាជនកម្ពុជាដែរ ពោលគឺវាគ្រាន់តែប៉ះពាល់មន្ត្រីរដ្ឋាភិបាលប៉ុណ្ណោះ។ ត្រង់ចំណុចនេះសម្ដេច ហ៊ុន សែន បានពន្យល់ថា បើអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាល ដូចជាសម្ដេច ទៀ បាញ់ នោះវានឹងប៉ះពាល់ដល់ទំនាក់ទំនងការពារជាតិ, បើដាក់លើសម្ដេច ស ខេង គឺប៉ះពាល់ដល់កម្លាំងនគរបាលជាតិ, បើដាក់លើលោក ប្រាក់ សុខុន នឹងនាំឲ្យមានផលអវិជ្ជមានដល់ការទូតរវាងប្រទេសពីរជាដើម។
ទាក់ទងនឹងច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជានេះ ត្រូវបានលោក ថេត យូហូ (Ted Yoho) សមាជិករដ្ឋសភាអាមេរិកម្នាក់ ដែលជាមេផ្តើមគំនិតតាក់តែងច្បាប់នេះតាំងពីអំឡុងខែមេសាមក ដោយបានចេញសេចក្តីថ្លែងការណ៍ស្តីពីការអនុម័តរបស់រដ្ឋសភា។ ក្នុងសេចក្តីថ្លែងការណ៍នោះ សមាជិករដ្ឋសភារូបនេះ បានលើកឡើងថា សេចក្តីស្នើច្បាប់របស់លោក នឹងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាល មន្ត្រីយោធា និងមន្ត្រីសន្តិសុខ ដែលចូលរួមធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងចំណោមសេចក្តីស្នើច្បាប់ទាំងនោះ មានសេចក្តីស្នើច្បាប់មួយ ត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិក តាក់តែងឡើង ដើម្បីជំរុញឲ្យលោក ត្រាំ ផ្អាកប្រព័ន្ធអនុគ្រោះពន្ធ GSP នៅកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍លោក ថេត យូហូ បាននិយាយដូច្នេះថា៖«របបលោក ហ៊ុន សែន បានប្រើអំពើហិង្សា ការគំរាមកំហែង និងការកាត់ទោស ដើម្បីកម្ចាត់ក្រុមប្រឆាំង»។
ជានីតិវិធី សេចក្តីស្នើច្បាប់នេះ ត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាអាមេរិកដើម្បីសុំការយល់ព្រម មុននឹងផ្ញើបន្តទៅឲ្យប្រធានាធិបតីពិចារណា។ ក្នុងករណីឆ្លងផុតព្រឹទ្ធសភា សេចក្ដីស្នើច្បាប់ផ្ដើមគំនិតដោយលោក ថេដ យូហូ នេះ នឹងធ្លាក់ដល់ដៃប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានពេល១០ថ្ងៃ ដើម្បីចុះហត្ថលេខាលើសំណើច្បាប់នេះ ឲ្យក្លាយជាច្បាប់តែម្ដង។ ប៉ុន្តែលោកក៏អាចទាត់ចោល (Veto) បានដែរ។ បើទោះជាលោក ត្រាំ សម្រេចចិត្តទាត់ចោលមែន ក៏មិនមែនមានន័យថា សេចក្ដីស្នើច្បាប់នេះអសារបង់ទៅវិញដែរ។ បានន័យថា ក្នុងករណី Veto ខាងលើ សភាទាំងពីរអាចបោះឆ្នោតបដិសេធការទាត់ចោលនេះវិញ (Override) ដោយសំឡេងពីរភាគបីនៃសមាជិកទាំងអស់។ ដូចនេះសេចក្ដីស្នើច្បាប់នេះ នឹងក្លាយជាច្បាប់ផ្លូវការ។ មានករណីខ្លះទៀត ប្រធានាធិបតីអាមេរិក ក្រោយទទួលបានសេចក្ដីស្នើច្បាប់ពីសភា ក៏មានសិទ្ធិមិនធ្វើអ្វីដែរ។
«កម្ពុជាមិនស្លាប់ទេ» ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលឆ្លើយតបទៅនឹងនីតិបញ្ញត្តិអាមេរិក ដោយសម្ដេចនិយាយពន្យុះថា បើរដ្ឋបាលអាមេរិក ចង់ដាក់ ឬចង់ដក ធ្វើតែម្ដងទៅ ហើយកុំនិយាយច្រើន៕