អន្តរជាតិ
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចង់ឲ្យមីយ៉ាន់ម៉ាទទួលស្គាល់ខ្លួនជាមុន ទើបធ្វើមាតុភូមិនិវត្តន៍
× ក្រុមជនជាតិរ៉ូហ៊ីងយ៉ាដែលភៀសខ្លួនទៅកាន់បង់ក្លាដែស នៅថ្ងៃទី២៨ ខែកក្កដា បានដាក់លក្ខខណ្ឌឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាទទួលស្គាល់ក្រុមខ្លួនជាក្រុមភាគតិចស្របច្បាប់ជាមុនសិន ទើបសម្រេចចិត្តធ្វើមាតុភូមិនិវត្តន៍តាមក្រោយ។ ការទាមទារនេះ ធ្វើឡើងស្របពេលការជជែកស្ដីពីការធ្វើមាតុភូមិនិវត្តន៍ចាប់ផ្ដើមឡើងវិញ ក្រោយមិនដំណើរការជាយូរ។ មិនត្រឹមទាមទារសិទ្ធិជាពលរដ្ឋស្របច្បាប់ឡើយ ក្រុមរ៉ូហ៊ីងយ៉ា ក៏ទាមទារកម្មសិទ្ធិដីធ្លីពីមុន និងការការពារពីអន្តរជាតិ។
ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីបង់ក្លាដែសទៅមីយ៉ាន់ម៉ា ទំនងជួបបញ្ហា ខណៈក្រុមរ៉ូហ៊ីងយ៉ាបានដាក់លក្ខខណ្ឌ មុនត្រឡប់ទៅទីកំណើតវិញ។ លក្ខខណ្ឌនេះ ត្រូវបានលើកឡើងដោយមេដឹកនាំរ៉ូហ៊ីងយ៉ាក្នុងជំនួបជាមួយលេខាធិការអចិន្ត្រៃយ៍ក្រសួងការបរទេសមីយ៉ាន់ម៉ា Myint Thu នៅថ្ងៃទី២៨ ខែកក្កដានៅឯជំរំ Cox's Bazar ទឹកដីបង់ក្លាដែស។ នេះជាលើកទីពីរដែលមន្ត្រីមីយ៉ាន់ម៉ាទៅជួបពួករ៉ូហ៊ីងយ៉ា ក្នុងគោលដៅបញ្ចុះបញ្ចូលឲ្យជនជាតិមួយនេះត្រឡប់ទៅកាន់មីយ៉ាន់ម៉ាវិញ។
នាជំនួបលើកទីមួយក្នុងខែតុលា ឆ្នាំ២០១៨ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានបដិសេធទទួលយកសំណើរបស់រដ្ឋាភិបាលក្រុងណៃពិដោ ហើយដំណើការធ្វើមាតុភូមិនិវត្តន៍នេះ ក៏ជាប់គាំងនៅខែវិច្ឆិកាទៅ។ នាជំនួបលើកទីពីរដែលមានវត្តមានមេដឹកនាំរ៉ូហ៊ីងយ៉ាចំនួន៣៥នាក់ សន្តិសុខត្រូវបានពង្រឹងយ៉ាងខ្លាំងក្នុងជំរំជនភៀសខ្លួន Cox's Bazar ។
លោក Dil Mohammed មេដឹកនាំក្រុមរ៉ូហ៊ីងយ៉ាម្នាក់ដែលចូលរួមក្នុងការជជែកជាមួយមន្ត្រីមីយ៉ាន់ម៉ា ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ជនជាតិរ៉ូហ៊ីងយ៉ា នឹងមិនត្រឡប់ទៅវិញឡើយ បើមិនត្រូវបានទទួលស្គាល់ជាជនជាតិភាគតិចមួយរបស់មីយ៉ាន់ម៉ាទេនោះ។ លោកបន្តថា ការធ្វើមាតុភូមិនិវត្តន៍ នឹងមិនអាចកើតឡើងឡើយ បើការទាមទារយុត្តិធម៌ ការការពាររបស់អន្តរជាតិ និងការត្រឡប់ទៅកាន់ភូមិករកំណើតរបស់ពួកគេ មិនត្រូវបានគិតគូរទេនោះ។
«យើងចង់បានសញ្ជាតិ។ យើងចង់បានសិទ្ធិទាំងអស់។ យើងមិនទុកចិត្តពួកគេឡើយ។ យើងនឹងត្រឡប់ទៅវិញ បើមានការការពារជាអន្តរជាតិ។ យើងចង់ត្រឡប់ទៅទឹកដីដើមវិញ ព្រោះយើងក៏មិនចង់រស់នៅក្នុងជំរំរហូតដែរ។» នេះជាការបញ្ជាក់លក្ខខណ្ឌរបស់តំណាងជនជាតិរ៉ូហ៊ីងយ៉ាងដដែល។
ពាក់ព័ន្ធនឹងគម្រោងធ្វើមាតុភូមិនិវត្តន៍នេះ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ និងក្រុមផ្ដល់ជំនួយមនុស្សធម៌ នៅតែសង្ស័យនៅឡើយពីជំហររបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ពិសេសបារម្ភពីសុវត្ថិភាពរបស់រ៉ូហ៊ីងយ៉ាពេលត្រឡប់ទៅទីតាំងដើមនៅរដ្ឋ Rakhine វិញ។ ចំណែករដ្ឋាភិបាលបង់ក្លាដែសវិញ ត្រៀមជួយក្នុងការបញ្ជូនជនភៀសមួយក្រុមនេះទៅវិញប៉ុណ្ណោះ ព្រោះអ្វីៗអាស្រ័យលើរដ្ឋាភិបាលមីយ៉ាន់ម៉ាដែលត្រូវបង្កើតបរិយាកាសល្អប្រសើរសម្រាប់ការធ្វើមាតុភូមិនិវត្តន៍នេះ៕
Tag:
មីយ៉ាន់ម៉ា
បង់ក្លាដែស
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com