អន្តរជាតិ
ប្រទេស​តង់​ហ្សា​នី​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​ព្រៃ​អភិរក្ស​
29, Jul 2019 , 7:59 pm        
រូបភាព
នេះ​ជា​ទិដ្ឋភាព​ពី​អាកាស​នៃ​តំបន់​អភិរក្ស Selous Game Reserve ក្នុង​ប្រទេស​តង់ហ្សានី។
នេះ​ជា​ទិដ្ឋភាព​ពី​អាកាស​នៃ​តំបន់​អភិរក្ស Selous Game Reserve ក្នុង​ប្រទេស​តង់ហ្សានី។
ដោយ: VOA
​ក្រុង MOROGORO ៖ ដើម្បី​បំពេញតម្រូវការ​អគ្គិសនី​នៅក្នុង​ប្រទេស រដ្ឋាភិបាល​កំពុង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​មួយ​នៅលើ​ទន្លេ Rufiji ដែល​ស្ថិតនៅ​ចំ​កណ្ដាល​នៃ​តំបន់ Selous Game Reserve ដែលជា​តំបន់​អភិរក្ស​មាន​ទំហំ​ស្មើនឹង​ប្រទេស​ស្វី​ស​ទាំងមូល​។​

 
​អង្គការ​អភិរក្ស​នានា ដែល​ក្នុងនោះ​មាន​ទាំង​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​ផងដែរ បានបង្ហាញ​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​ផ្នែក​បរិស្ថាន​ដែល​បណ្ដាលមកពី​ទំនប់​វា​រី​អគ្គិសនី​នេះ តាំងពី​គម្រោង​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ឆ្នាំ ២០០៩ មក​។​
 
​ប្រធានាធិបតី​តង់​ហ្សា​នី​លោក John Magufuli និយាយថា គម្រោង​នេះ​នឹងមិន​ប៉ះពាល់​ដល់​បរិស្ថាន​នោះទេ តែ​គម្រោង​នេះ​នឹង​ជួយ​បង្កើន​សេដ្ឋកិច្ច​តាមរយៈ​ឧស្សា​ភាវូបនីយកម្ម​។​
 
​លោក Magufuli បាន​និយាយថា លោក​យល់ថា មាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​ដែលថា គម្រោង​នេះ​នឹង​បំផ្លាញ​បរិស្ថាន ប៉ុន្តែ​លោក​ថា គម្រោង​នេះ​គឺ​ជួយ​ថែរក្សា​បរិស្ថាន​ទៅវិញ​ទេ​។ លោក​បាន​បន្ថែមថា តំបន់​ដែល​នឹង​ប្រើប្រាស់​សម្រាប់​គម្រោង​នេះ​គឺជា​ផ្នែក​ដ៏​តូច​បំផុត​មួយ​តែប៉ុណ្ណោះ​នៃ​តំបន់​អភិរក្ស​នេះ​។​
 
​លោក​បញ្ជាក់ថា គម្រោង​នេះ​នឹង​ប្រើប្រាស់​តែ ៣ ភាគរយ​ប៉ុណ្ណោះ​នៃ​តំបន់​ដែលមាន​ទំហំ​ជាង ៥ ម៉ឺន គីឡូម៉ែត្រ​ការ៉េ​នេះ​។ លោក​បាន​បន្ថែមថា នៅពេល​គម្រោង​នេះ​បញ្ចប់​រួចរាល់ ទំនប់​វា​រី​អគ្គិសនី​នេះ​នឹងត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងទេសចរណ៍​។​
 
​លោក Ahmed Elsewedy គឺជា​អ្នកនាំពាក្យ​នៃ​ក្រុមហ៊ុន Elsewedy Electric ដែលជា​ក្រុមហ៊ុន​អេ​ហ្សី​ប​ដែល​ការវិនិយោគ​នៅក្នុង​គម្រោង​នេះ​។ លោក​និយាយថា ក្រុមហ៊ុន​លោក​នឹង​បើក​សាលារៀន និង​ជួយ​បង្កើន​សេដ្ឋកិច្ច​។​
 
​លោក Elsewedy បញ្ជាក់​ដូច្នេះ​ថា​៖ «​យើង​មាន​កិត្តិយស​ដែល​អាច​ធ្វើការ​ជាមួយនឹង​ប្រទេស​តង់​ហ្សា​នី​។ យើង​មាន​គម្រោង​ធ្វើ​ឲ្យ​ទីនេះ​ក្លាយជា​ក្ដីសង្ឃឹម​សម្រាប់​ឧស្សាហកម្ម និង​ផលិតកម្ម​អគ្គិសនី​នៅក្នុង​តំបន់​។ យើង​មាន​គម្រោង​កសាង​រោងចក្រ​មិន​ត្រឹមតែ​សម្រាប់​ប្រជាពលរដ្ឋ​តង់​ហ្សា​នី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់​ការនាំចេញ​ផងដែរ​។ គោលបំណង​ចម្បង​របស់​យើង​គឺ​ធ្វើ​ឲ្យ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​តង់​ហ្សា​នី​មាន​ជីវភាព​ប្រសើរ​ជាង​មុន ដោយសារតែ​វត្តមាន​របស់​យើង​។ យើង​ក៏មាន​គម្រោង​ផងដែរ​នៅក្នុង​ការសាងសង់​សាលា​បច្ចេកទេស ដូច្នេះ អ្នក​ដែល​ធ្វើការ​ជាមួយ​យើង​ជាង ៩០ ភាគរយ គឺជា​ពលរដ្ឋ​តង់​ហ្សា​ន‍ី​»​។​
 
​ប៉ុន្តែ អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​បាន​បញ្ជាក់ថា គម្រោង​នេះ​នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រហែល ២ សែន​នាក់ ដែល​ក្នុងនោះ​មាន​ទាំង​កសិករ និង​អ្នកនេសាទ ដែល​រស់នៅ​ក្រោម​ខ្សែទឹក​នៃ​ទំនប់​វា​រី​អគ្គិសនី​ដែល​បានស្នើ​ឡើង​នេះ​ផងដែរ​។​
 
​រដ្ឋមន្ត្រីក្រសួង​ថាមពល​លោក Medard Kalemani និយាយថា ការសាងសង់​កំពុង​បន្តធ្វើ​ឡើង​យ៉ាង​រលូន​។​
 
​លោក​លើកឡើងថា គម្រោង​នេះ​នឹង​បញ្ចប់​រួចរាល់​នៅក្នុង​រយៈពេល ៤២ ខែ ហើយ​មកទល់នឹង​ពេលនេះ រយៈពេល ៦ ខែ​បាន​កន្លងផុត​ទៅហើយ​។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា កិច្ចការ​នេះ​ដំណើរការ​បានល្អ​។ លោក​បាន​បន្ថែមថា នៅ​រយៈពេល ៤២ ខែ​ខាងមុខ គម្រោង​នេះ​អាច​នឹង​បញ្ចប់​រួច​រា​ល‍់​។​
 
​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អង្គការ​មូលនិធិ​សត្វព្រៃ តំបន់​អភិរក្ស Selous game reserve គឺជា​តំបន់​ព្រៃ​ដ៏​ធំ​បំផុត​ចុងក្រោយ​នៅ​ទ្វីបអាហ្វ្រិក​។ តំបន់​នេះ​ជា​ជម្រក​សត្វ​ដំរី រមាស​ខ្មៅ និង​ឆ្កែព្រៃ​ប្រមាញ់​៕

© រក្សាសិទ្ធិដោយ thmeythmey.com