ជាតិ
នយោបាយជាតិ
នាយករដ្ឋមន្ត្រី៖«បើខ្ញុំមានពីរពាន់លានដុល្លារទុកនៅអាមេរិកមែន ខ្ញុំមិនចាំបាច់សុំចិនទេ» សម្តេចនាយករដ្ឋមន្រ្តី បើកកូនរថយន្តកម្សាន្តលេង តាមផ្លូវលេខ២១ ចន្លោះក្រុងតាខ្មៅនិងស្រុក កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៩
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនចង់ឮអាមេរិក ព្រមានដដែលៗឡើយ ពីការធ្វើច្បាប់រឹបអូសនិងបង្កកទ្រព្យសម្បតិ្តរបស់ខ្លួន ដែលគេ ចោទកន្លងមក ថាបានផ្ញើនៅអាមេរិក ប្រមាណពីរពាន់លានដុល្លារ។ សម្តេចនាយករដ្ឋមន្ត្រី ពន្យុះថែមឲ្យអាមេរិក ឆាប់រឹបអូសឬបង្កកទ្រព្យសម្បត្តិទាំងនោះតែម្តងទៅ ដោយមិនចាំបាច់រង់ចាំរហូតច្បាប់ត្រូវបានអនុម័តនោះទេ។
ក្នុងពិធីពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ (នៅទល់មុខវិមានឈ្នះឈ្នះ) នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រាប់ទៅរដ្ឋាភិបាលអាមេរិក ដូច្នេះថា៖«បើដាក់ចំខ្ញុំ ដាក់មកចុះ ហើយសុំរឹបអូសទៅ មិនចាំបាច់ និយាយច្រើនទេ»។
ប៉ុន្តែ ប្រមុខរដ្ឋាភិបាលកម្ពុជា បំភ្លឺថា ខ្លួនពុំមានលុយប្រមាណពីរពាន់លានដុល្លារ ផ្ញើនៅអាមេរិកឡើយ។ មេដឹកនាំកម្ពុជា បញ្ជាក់បែបនេះថា៖«បើខ្ញុំមានលុយប៉ុណ្ណឹងមែន ខ្ញុំមិនចាំបាច់ទៅសុំចិនទេ»។
លើសពីនេះ មេដឹកនាំកម្ពុជា ក៏បានជំរុញឲ្យអាមេរិក រឹបអូសឬបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីកម្ពុជាផងដែរ បើពួកគេ ពិតជាបានផ្ញើនៅអាមេរិកមែន។ «ខ្ញុំស្វាគមន៍ការរឹបអូស....ដើម្បីខ្ញុំបានឃើញមុខមាត់ពិតរបស់មន្ត្រី ដែលមានប្រាក់ចាយមិនអស់ យកទៅចោលនៅស្រុកគេ»។
សម្តេចនាយករដ្ឋមន្ត្រី លើកឡើងពីរឿងនេះ បន្ទាប់ពីរដ្ឋសភាអាមេរិក បានអនុម័តសេចក្តីស្នើច្បាប់មួយស្តីពីប្រជាធិបតេយ្យនៅកម្ពុជា ដែលគោលដៅនៃការតាក់តែងសេចក្តីស្នើច្បាប់នេះ គឺដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជា ដូចជា បង្កកទ្រព្យសម្បត្តិ និងរឹតបន្តឹងការផ្តល់ទិដ្ឋាការ ជាដើម។ បច្ចុប្បន្ន សេចក្តីស្នើច្បាប់នេះ កំពុងស្ថិតក្នុងដៃរបស់ព្រឹទ្ធសភាអាមេរិក។
ជានីតិវិធី បើព្រឹទ្ធសភាអាមេរិក អនុម័ត សេចក្តីស្នើច្បាប់ នឹងត្រូវបញ្ជូនទៅកាន់ប្រធានាធិតី (លោក ដូណាល់ ត្រាំ)។ ហើយសេចក្តីស្នើច្បាប់ អាចក្លាយជាច្បាប់ លុះត្រាតែប្រធានាធិបតីចុះហត្ថលេខា។ យ៉ាងណា មេដឹកនាំកម្ពុជា ហាក់ពុំជឿឡើយថា ប្រធានាធិបតីអាមេរិក នឹងចុះហត្ថលេខាលើសេចក្តីស្នើច្បាប់នេះ៕
Tag:
ហ៊ុន សែន
ចិន
អាមេរិក
ទណ្ឌកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com