ជាតិ
ក្រៅពី​ដកតំណែង សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​ACU តាម​ពិនិត្យ​ទ្រព្យសម្បត្តិ​មន្ត្រី​ពុករលួយ​៣​រូប​នៅ​ពោធិ៍សាត់​
29, Jul 2019 , 4:22 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ត្រួតពិនិត្យ​លើ​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​សុរិយោដី​ខេត្តពោធិ៍សាត់​៣​រូប ដែល​បាន​ទារលុយ​ខុសច្បាប់ ជា​ថ្នូរ​នឹង​ការចេញលិខិត​កាន់កាប់​ដីធ្លី និង​ច្បាប់​សំណង់​។ សម្ដេច បញ្ជា​បែបនេះ នៅក្នុង​ដំណើរ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ដែល​កំពុងដំណើរការ​សាងសង់ នៅ​ខណ្ឌ​ជ្រាយ​ចង្វារ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​។​


 
«​កុំ​ត្រឹមតែ​ដកតំណែង !ទ្រព្យសម្បត្តិ​ហ្អែ​ង​(​មន្ត្រី​សុរិយោដី​ខេត្តពោធិ៍សាត់​) ទាំង​ប៉ុន្មាន ត្រូវ​មើល​អាហ្នឹង​ទៀត​។ តាមមើល​ឲ្យ​ដល់​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បាន​បញ្ជា​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យមើល​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​សុរិយោដី​៣​រូប ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ទារលុយ​ខុសច្បាប់​ពី​ពលរដ្ឋ​។​



 
​សម្ដេច ហ៊ុន សែន ដែល​ដឹង​ព័ត៌មាន​ពី​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​ម​ន្ត្រី​សុរិយោដី​ទាំង​៣​រូបនេះ បាន​និយាយថា ពួកគេ​បាន​ទារលុយ​ពី​ម្ចាស់​ក្រុមហ៊ុន​មួយ ដែល​គ្រោង​បើក​រោងចក្រ​នៅ​ខេត្តពោធិ៍សាត់​នោះ ក្នុង​ទំហំ​ទឹកប្រាក់​ពី​៥​ម៉ឺន ទៅ​១០​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការចេញ​លិខិតស្នាម សម្រាប់​អនុញ្ញាត​ឲ្យ​សាងសង់​។ ដោយសារ​ដឹង​ពី​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​បញ្ជា​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ស៊ើបអង្កេត​លើ​ករណីនេះ ដោយ​បន្លំ​ខ្លួន​ធ្វើជា​ម្ចាស់​ក្រុមហ៊ុន ហើយ​យកប្រាក់​ទៅ​កក់​៥​ម៉ឺន​ដុល្លារ​សិន តាម​ការទាមទារ​រប​ស់​មន្ត្រី​សុរិយោដី​នោះ​។ ក្រោយ​កក់​ប្រាក់​រួចរាល់​ហើយ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​ឃាត់ខ្លួន​មន្ត្រី​ទាំង​៣​រូប​មក​តែម្ដង​។​
 
​អម​ជាមួយ​ការពន្យល់​នេះ ប្រមុខ​រដ្ឋាភិបាល បានប្រកាស​ពី​ការវះកាត់​មន្ត្រី​ប្រព្រឹត្ត​ខុសពី​គោលនយោបាយ​ដឹកនាំ​របស់ខ្លួន យ៉ាង​ដូច្នេះ​ថា​៖«​អភិក្រម​ទី​៥ ត្រូវបាន​អនុវត្ត ដោយ​អត់​មានការ​លើកលែង បើ​មិន​អ៊ីចឹង​ខូច​(​ការដឹកនាំ​)​។ ហ្អែ​ង​(​មន្ត្រី​សុរិយោដី​) បំផ្លាញ​ជាតិ បំផ្លាញ​រដ្ឋបាល ហ៊ុន សែន​»​។​

អត្ថបទទាក់ទង

មន្ត្រី​សុរិយោដី​ទាំង​៣​រូបនោះ រួមមាន​លោក លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍​, លោក ជាង វុទ្ធី អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់ និង​លោក តែ ប៊ុន​ថេ​ង មន្ត្រី​សុរិយោដី​ខេត្ត​ទទួលបន្ទុក​ច្រក​។ អ្នក​ទាំង​៣​រូបនេះ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​នៅក្នុង​ភោជនីយដ្ឋាន​មហាលាប ក្រុង​ពោធិ៍សាត់ ដែលជា​ទីកន្លែង​ដែល​ពួកគេ​និង​ម្ចាស់​ដី​ជួបគ្នា ដើម្បី​ប្រគល់​លុយ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ឱម យ៉ិនទៀង បាន​និយាយថា ក្រៅពី​បទល្មើស​ពុករលួយ​លើទឹក​ប្រាក់​១០​ម៉ឺន​ដុល្លារ​នោះ មន្ត្រី​ទាំង​៣​នាក់​នេះ ក៏​នៅជាប់​សង្ស័យ​ករណី​ផ្សេងទៀត​ដែរ​។ ប៉ុន្តែ​លោក ឱម យ៉ិនទៀង មិនទាន់​អាច​បញ្ជាក់​ឲ្យ​ច្បាស់​បានទេ ដោយសារ​ត្រូវការ​ពេល​សាកសួរ និង​ស៊ើបអង្កេត​រក​ភស្តុតាង​បន្ថែម​លើ​មន្ត្រី​ទាំង​៣​រូបនេះ​៕
 

Tag:
 ហ៊ុន សែន​
  ACU
  សុរិយោដី​
  អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com