អន្តរជាតិ
ប្អូនប្រុស​លោក លី សៀន​ឡុង ប្រកាស​គាំទ្រ​បក្សប្រឆាំង ខណៈ​ការបោះឆ្នោត​នៅ​មិនយូរ​ទៀត​
29, Jul 2019 , 8:59 pm        
រូបភាព
លោក លី សៀនយ៉ាង ប្អូនប្រុសបង្កើតលោក លី សៀនឡុង ។ រូបភាព Strait Times
លោក លី សៀនយ៉ាង ប្អូនប្រុសបង្កើតលោក លី សៀនឡុង ។ រូបភាព Strait Times
​នៅ​ថ្ងៃទី​២៨ ខែកក្កដា លោក លី សៀន​យ៉ាង (Lee Hsien Yang) កូនប្រុស​បង្កើត​អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី ក្វាន់​យូ បានប្រកាស​គាំទ្រ​បក្សប្រឆាំង​មួយ​ដែល​ទើប​បង្កើត​ដោយ​អតីត​សមាជិក​ជាន់ខ្ពស់​របស់​បក្ស​សកម្មភាព​ប្រជាជន (PAP) កំពុងកាន់​អំណាច​។ លោក លី សៀន​យ៉ាង ដែលជា​ប្អូនប្រុស​បង្កើត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង (Lee Hsien Loong) អះអាងថា បក្ស​កាន់អំណាច​បច្ចុប្បន្ន បាន​បាត់បង់​គុណ​តម្លៃ​ដើម​របស់ខ្លួន​ទៅហើយ​។​

 
​ជា​រឿង​គួរ​ភ្ញាក់ផ្អើល​មួយ​ក្នុង​ឆាកនយោបាយ​សិង្ហ​បុរី ប្អូនប្រុស​បង្កើត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង គឺ​លោក លី សៀន​យ៉ាង បានប្រកាស​គាំទ្រ​គណបក្សប្រឆាំង​ថ្មី​មួយ​ជា​សាធារណៈ ខណៈ​កាល​បោះឆ្នោត​កាន់តែ​ខិតជិត​ទៅហើយនោះ​។ បើតាម​លោក លី សៀន​យ៉ាង បក្ស​កាន់អំណាច​សព្វថ្ងៃ សកម្មភាព​ប្រជាជន (PAP) បាន​ប្រែប្រួល​ពី​ផ្លូវ​ដើរ​ដើម​របស់ខ្លួន​ទៅហើយ​។​
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក លី ដែលជា​កូនប្រុស​ពៅ​របស់​អតីត​បិតា​ស្ថាបនិក​សិង្ហ​បុរី លី ក្វាន់​យូ សរសេរថា​៖ «​ខ្ញុំ​គាំទ្រ​ពេញទំហឹង​គោលការណ៍ និង​តម្លៃ​របស់​គណបក្ស​សិង្ហ​បុរី​ជឿនលឿន​។ បក្ស PAP បច្ចុប្បន្ននេះ មិនមែនជា​បក្ស PAP របស់​ឪពុក​ខ្ញុំ​ទៀតឡើយ​។ បក្ស​នេះ បាន​បាត់បង់​តម្លៃ​ដើម​របស់ខ្លួន​ហើយ​។​» 
 
​បក្ស PAP ត្រូវបាន​បង្កើត​ដោយ​លោក លី ក្វាន់​យូ និង​សហការី​មួយចំនួនទៀត​នៅ​ឆ្នាំ​១៩៥៤ មុនពេល​សិង្ហ​បុរី​ទទួលបាន​ឯករាជ្យ​ទៅទៀត​។ បក្ស​នេះ ដឹកនាំ​ប្រទេស​តាំងពី​ឯករាជ្យ​ឆ្នាំ​១៩៦៥ រហូតមកដល់​បច្ចុប្បន្ន ហើយក៏​មិនដែល​ទទួល​សំឡេងគាំទ្រ​តិចជាង​៦០​ភាគរយ​ឡើយ​រៀងរាល់​ការបោះឆ្នោត​ម្ដងៗ​។ 
 
​ចំណែកឯ​បក្សប្រឆាំង​ថ្មី​ដែល​លោក លី សៀន​យ៉ាង ប្រកាស​គាំទ្រ​នេះ បង្កើត​ដោយ​លោក Tan Cheng Bock ។ លោក Tan ផ្ទាល់ ក៏​ជា​អតីត​សមាជិកសភា​របស់​បក្ស PAP ដែរ​។ មេបក្ស​ប្រឆាំង​ថ្មី​រូបនេះ ក៏​ធ្លាប់​ប្រកាស​ស្វាគមន៍​កូនប្រុស​អតីត​នាយករដ្ឋមន្ត្រី​ទីមួយ​របស់​សិង្ហ​បុរី​ដែរ បើ​ចង់​ចូលរួម​ក្នុង​បក្ស​ថ្មី​របស់លោក តែ​ត្រូវគោរព​លក្ខខណ្ឌ​បក្ស និង​មិន​ត្រូវយក​រឿង​ផ្ទាល់ខ្លួន​មក​លូកលាន់​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​សិង្ហ​បុរី Channel NewsAsia ។​
 
​រឿង​ផ្ទាល់ខ្លួន​ដែល​លោក Tan លើកឡើង​នេះ ទំនងជា​ទំនាស់​ក្នុង​គ្រួសារ​ត្រកូល លី ជុំវិញ​ការកម្ទេច​ផ្ទះ​កេរ​ឪពុក​កាលពី​ឆ្នាំ​២០១៧ ។ ប្អូនៗ​លោក លី សៀន​ឡុង លើកឡើងថា បងប្រុស​របស់ខ្លួន ចង់​រក្សា​ផ្ទះ​ទុក​ដោយ​មិន​បំផ្លាញចោល​តាម​ការ​ផ្តាំ​របស់​ឪពុក​ឡើយ​។ អ្នក​ទាំងពីរ​ជឿជាក់ថា ការរក្សា​ផ្ទះ​ឪពុក​ទុក​នេះ​ប្រៀប​បីដូច​ជាការ​ទទួល​មរ​កតក​មួយ​ដែល​ជួយ​បង្កើន​អំណាច​នយោបាយ​របស់លោក និង​ក្រុមគ្រួសារ​ដូច្នេះ​ដែរ​។ ប៉ុន្តែ​លោក លី សៀន​ឡុង បាន​បដិសេធ​ចោលការ​ចោទប្រកាន់​ទាំងស្រុង​។ 
 
​រឿងរ៉ាវ​នេះ ក៏​ឡើងដល់​សភា​សិង្ហ​បុរី​ផងដែរ​។ ដ្បិត​ជា​រឿង​ក្នុង​គ្រួសារ​ក្ដី លោក លី សៀន​ឡុង ចង់​ប្រើប្រាស់​វេទិកាសភា​ដើម្បី​បញ្ជាក់​ពី​ភាពស្មោះត្រង់​របស់ខ្លួន​។ យ៉ាងណាមិញ រឿងរ៉ាវ​នេះ​ក៏បាន​ស្ងប់ស្ងាត់​មកវិញ​ទល់​សព្វថ្ងៃ​៕ 

Tag:
 សិង្ហ​បុរី​
  លី សៀន​ឡុង​
  លី សៀន​យ៉ាង​
  លី ក្វាន់​យូ​
© រក្សាសិទ្ធិដោយ thmeythmey.com