ជាតិ
សេដ្ឋកិច្ច
អ្នកខ្លះឆ្ងល់ថា តួលេខអតិផរណាកើនបន្តិចសោះ តែពេលទិញផលិតផលខ្លះ ឡើងថ្លៃម៉្លេះ
× ភ្នំពេញ៖ អត្រាអតិផរណាក្នុងឆមាសទី១ឆ្នាំនេះ មានត្រឹម ១,៩ភាគរយ ដែលថយចុះពី ២,៥នៅឆមាសទី២ឆ្នាំ២០១៨ ។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ កម្ពុជាមានអត្រាអតិផរណាទាប ដែលជាមធ្យម ២,៨ភាគរយ ដោយសារការថយល្បឿនកំណើនថ្លៃក្រុមម្ហូបអាហារ គួបផ្សំនឹងការថយថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ។
សាធារណជនមួយចំនួន ឆ្ងល់ថា តួលេខអត្រាអតិផរណា នេះប្រែប្រួល ឬកើនឡើងតិចតួចប៉ុណ្ណោះ តែហេតុអ្វីទំនិញដែលពួកគាត់ទិញមួយចំនួន តម្លៃឡើងខ្ពស់ មិនស៊ីគ្នានឹងលេខកំណើនអតិផរណាសោះ?
ដើម្បីជ្រាបព័ត៌មានលម្អិតជុំវិញអតិផរណានេះ សូមស្ដាប់ការបកស្រាយរបស់លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសរបស់ធនាគារជាតិនៃកម្ពុជា ដូចតទៅនេះ៖
អ្នកស្រី ជា សិរី បានលើកឡើងក្នុងបទឧទ្ទេសនាមនាពិធីបូកសរុបរបាយការណ៍ប្រចាំឆមាសទី១របស់ធនាគារជាតិ នៅថ្ងៃទី២៧ខែកក្កដា ថា ការគិតរកអត្រាអតិផរណា គឺមិនចំណុះឲ្យទំនិញមួយណានោះទេ ពោលគឺអ្នកបច្ចេកទេស ប្រមូលរាល់ប្រភេទទំនិញប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ (បន្លៃ ត្រី សាច់ ហ្គាស…) យកមកគណនា រកបម្រែបម្រួលថ្លៃ។ ព្រោះថា ទំនិញមិនឡើងថ្លៃខ្លាំងទាំងអស់នោះទេ ខ្លះឡើងថ្លៃតិច ខ្លះទៀតថេរ និងខ្លះទៀតថយតម្លៃ ដែលទាំងនេះវាយឹតយោងគ្នា ហើយបង្កើតបានជាអត្រាអតិផរណាក្នុងកម្រិតណាមួយ។
មន្ត្រីជាន់ខ្ពស់ធនាគារជាតិរូបនេះ អះអាងថា ចំពោះសេដ្ឋកិច្ចរបស់ប្រទេសមួយ កាលណាមានអត្រាអតិផរណា ខ្ពស់ពេកក៏មិនល្អ ហើយបើទាបក្រោមសូន្យ ឬកម្រិតអវិជ្ជមាន (បរិផរណា) ក៏មិនល្អដូចគ្នា។ បើអត្រាអតិផរណាខ្ពស់ពេក មានន័យថា អំណាចនៃការទិញរបស់ប្រជាពលរដ្ឋ បានធ្លាក់ចុះ។
ឧទាហរណ៍ ពីមុនរកចំណូលបាន ១០ម៉ឺនរៀល គេអាចទិញអង្ករ៥០គីឡូក្រាមបាន តែបើអតិផរណាឡើងខ្ពស់ ចំណូល១០ម៉ឺនរៀលនេះ មិនអាចទិញអង្ករ ៥០គីឡូក្រាមបានទេ។ បានសេចក្ដីថាអតិផរណាឡើងខ្ពស់ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផលិតផល និងសេវាកម្ម។
ដោយឡែកបើថ្លៃទំនិញរបស់ប្រទេសនោះ ធ្លាក់ដល់បរិផរណា ឬ តម្លៃទំនិញជារួម ទាបជាងមុន នោះនឹងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច។ អតិផរណាធ្លាក់ចុះខ្លាំង បង្ហាញថាតម្រូវការប្រើប្រាស់ទំនិញក្នុងប្រទេសនោះថយចុះ ដែលនាំឲ្យសកម្មភាពសេដ្ឋកិច្ចថមថយ ហើយអ្នកផលិត អ្នកវិនិយោគ ក៏មិនចង់បោះទុនផលិតទៀតដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com