អន្តរជាតិ
ចិន ធ្វើ​សមយុទ្ធ​យោធា​ក្នុង​ដែនសមុទ្រ​ពីរ​ក្បែរ​តៃវ៉ាន់ ក្រោយ​ព្រមាន​ផ្ទុះ​សង្គ្រាម​
29, Jul 2019 , 9:39 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង នាពិធីត្រួតពិនិត្យក្បួនដង្ហែជើងទឹកនៅសមុទ្រចិនខាងត្បូងនាពេលកន្លងមក។ រូបភាព Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង នាពិធីត្រួតពិនិត្យក្បួនដង្ហែជើងទឹកនៅសមុទ្រចិនខាងត្បូងនាពេលកន្លងមក។ រូបភាព Xinhua
​យោធា​ចិន នៅ​ថ្ងៃទី​២៩ ខែកក្កដា​នេះ កំពុង​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​ដែនសមុទ្រ​ចំនួន​ពីរ​ស្ថិត​ក្បែរ​កោះ​តៃវ៉ាន់​។ សមយុទ្ធ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួងការពារជាតិ​ចិន​កាលពី​សប្ដាហ៍​មុន​ព្រមាន​ពី​ការផ្ទុះ​សង្គ្រាម បើ​តៃវ៉ាន់​ងាក​ទៅរក​ការផ្ដាច់​ខ្លួន​នោះ​។ លំ​ហាត់​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន​នេះ ក៏​កើតឡើង​ក្រោយ​អាមេរិក​បញ្ជូន​នាវាចម្បាំង​មួយគ្រឿង​ឲ្យ​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​ខណ្ឌ​ចែក​ទឹកដី​ចិន​ទាំងពីរ​នេះ​ផងដែរ​។

 
​ក្នុង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​សន្តិសុខ​លំហ​សមុទ្រ​ចិន​នៅ​ថ្ងៃទី​២៨ និង​ទី​២៩ ខែកក្កដា អាជ្ញាធរ​ចិន​បាន​ប្រាប់​កប៉ាល់​នានា និង​យន្តហោះ​ផង​នោះ​ឲ្យ​ធ្វើដំណើរ ឬ​ហោះ​ចេញ​ឆ្ងាយ​ពី​ដែនអាកាស និង​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងកើត​នៃ​ខេត្ត​ជឺ​ជាំ​ង និង​សមុទ្រ​ចិន​ខាងត្បូង​នៃ​ខេត្ត​គ័ង​តុង ព្រោះ​កំពុងមាន​សកម្មភាព​យោធា​នៅ​ទីនោះ​។ យ៉ាងណាមិញ សេចក្ដីជូនដំណឹង​នេះ មិនបាន​បញ្ជាក់​ពី​ទំហំ ឬ​ចំនួន​ទាហាន និង​សព្វាវុធ​ដែល​ចូលរួម​ក្នុងការ​សមយុទ្ធ​នេះ​ទេ​។​

 
​បើតាម​សេចក្ដីជូនដំណឹង​ដែល​ផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន AFP សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងកើត នឹងធ្វើ​រហូតដល់​ថ្ងៃទី​១ ខែសីហា ឯ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង នឹង​បញ្ចប់​នៅ​ថ្ងៃទី​២ ខែសីហា​។ បើ​គិត​ភូមិសាស្ត្រ សមុទ្រ​ចិន​ខាងកើត​ស្ថិតនៅ​ខាងជើង​តៃវ៉ាន់ ខណៈ​សមុទ្រ​ចិន​ខាងត្បូង ស្ថិតនៅ​ភាគ​ពាយព្យ​តៃវ៉ាន់​។   
 
​មិនមែនជា​រឿង​ចម្លែក​ឡើយ​ដែល​ចិន​ធ្វើ​សមយុទ្ធ​នៅ​កៀក​តៃវ៉ាន់​បែបនេះ ប៉ុន្តែ​សមយុទ្ធ​ព្រម​គ្នា​លើក​នេះ ធ្វើឡើង​ស្របពេល​ដែល​ស្ថានការណ៍​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​កំពុង​ឡើងក​ម្ដៅ​ខ្លាំង​។ ថ្មីៗ​នេះ ក្រុង​ប៉េកាំង​ក្ដៅស្លឹកត្រចៀក​ខ្លាំង ក្រោយ​ក្រុង​វ៉ាស៊ីនតោន​យល់ព្រម​លក់​អាវុធ​តម្លៃ​២,២​ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់​ដើម្បី​ពង្រឹងសមត្ថភាព​។ ប៉េកាំង ក៏​ចេញ​សៀវភៅ​ស​ការពារជាតិ​មួយ ដែល​បង្ហាញ​ពី​ធ្វើសង្គ្រាម បើ​តៃវ៉ាន់​ចង់បាន​ឯករាជ្យ​នោះ​។​
 
​តាមពិតទៅ ការព្រួយបារម្ភ​ពី​សន្តិសុខ​នេះហើយ​ដែល​នាំ​ឲ្យ​តៃវ៉ាន់​ស្វះ​ស្វែងរក​ទិញ​អាវុធ​ថ្មីៗ​ទំនើបៗ​ពី​អាមេរិក​ដើម្បី​ការពារ​ខ្លួន ឬ​យ៉ាងហោចណាស់ អាចធ្វើ​ឲ្យ​ចិន​ខាតបង់​ធំធេង​ក្នុងពេល​មាន​ជម្លោះ​ប្រដាប់អាវុធ​នោះ​។ អាមេរិក​ឯណេះ ទោះ​គ្មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ក្ដី ក៏​តែង​ជួយ​ទំនុកបម្រុង​កោះ​មួយ​នេះ​រហូតមក ហើយ​ថែមទាំង​មានច្បាប់​មួយ​ដែល​ចង​គ្រប់​រដ្ឋាភិបាល​របស់ខ្លួន​ឲ្យ​ជួយ​តៃវ៉ាន់​ក្នុងពេល​ចាំបាច់​ទៀតផង​។ 
 
​ទំនាក់ទំនង​ឆ្លង​សមុទ្រ​តៃវ៉ាន់ បាន​យ៉ាប់យ៉ឺន​ខ្លាំង​តាំងពី​ការឡើង​កាន់តំណែង​រប​ស់​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ក្នុង​ឆ្នាំ​២០១៦ មក​។ ម្ដង​ដង​ជា​ពីរដង រដ្ឋាភិបាល​លោកស្រី Tsai Ing-wen បានធ្វើ​ឲ្យ​ដីគោក​ខឹងសម្បារ​យ៉ាងខ្លាំង​តាមរយៈ​ការ​គំរាម​ផ្ដាច់ខ្លួន​ជា​ផ្លូវការ​។ ប៉េកាំង​ឯណោះ​វិញ ក៏បាន​ព្រមាន​មិនតិច​ដង​ដែរ គឺ​បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ សង្គ្រាម​នឹង​ផ្ទុះឡើង ហើយក៏​ប្រាប់​ប្រទេស​ផ្សេង​ឲ្យ​ឈរ​នៅ​ឆ្ងាយ​ផងដែរ​៕ 
 

Tag:
 ចិន​
  តៃវ៉ាន់​
  សមុទ្រ​ចិន​ខាងត្បូង​
  សមុទ្រ​ចិន​ខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com