អន្តរជាតិ
លោក ចូ​កូ​វី​៖ ហ្សា​ការ​តា ត្រូវការ​ជញ្ជាំង​សមុទ្ទ​យក្ស​ដើម្បី​ទប់ស្កាត់​ការ​លិច​បាត់​ក្រោម​ផ្ទៃ​ទឹក
29, Jul 2019 , 10:19 pm        
រូបភាព
ប្រភពរូប៖ ទីភ្នាក់ងារព័ត៌មាន AP
ប្រភពរូប៖ ទីភ្នាក់ងារព័ត៌មាន AP
ដោយ:
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) បាន​លើកឡើងថា  លោក​ចង់ឃើញ​ការសាងសង់​ជញ្ជាំង​សមុទ្ទ​យក្ស​ដ៏​ឆាប់រហ័ស​មួយ​នៅ​ជុំវិញ​រដ្ឋធានី​ហ្សា​ការ​តា ដើម្បី​ទប់ស្កាត់​ទីក្រុង​ដែលមាន​សណ្ឋាន​ដី​ទាប​មួយ​នេះ​ពី​ការ​លិច​បាត់ទៅ​ក្រោម​ផ្ទៃ​សមុទ្ទ​។ ផែនការ​របស់​មេដឹកនាំ​រូបនេះ លេច​រូបរាង​ក្រោយពី​មានការ​ព្យាករណ៍​របស់​អ្នកជំនាញ​ជាច្រើន​ថា បើ​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន ទំហំ​ដី​១​ភាគ​៣​នៃ​ទីក្រុង​ហ្សា​ការ​តា អាច​លិច​បាត់​ក្រោម​ផ្ទៃ​ទឹក ត្រឹម​ឆ្នាំ​២០៥០​ខាងមុខ​។

 
​វិបត្តិ​ជន់​លិច​នេះ កើតចេញពី​មូលហេតុ​ចម្បងៗ​មួយចំនួន រួមមាន ការអភិវឌ្ឍ​ដោយ​គ្មាន​ការត្រួតពិនិត្យ​តាម​លក្ខណៈ​បច្ចេកទេស​រយៈពេល​រាប់​ទសវត្សរ៍​, ភាពមិនច្បាស់លាស់​នៃ​ការធ្វើ​នគររូបនីយកម្ម និង​ការគ្រប់គ្រង​ដោយ​គ្មាន​ប្រសិទ្ធភាព​របស់​មន្ត្រី​គ្រាក់ៗ​ក្នុង​ទីក្រុង ដែល​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ច្រើនជាង​ប្រយោជន៍​សាធារណៈ​។  
 
​ម្យ៉ាងវិញទៀត ដោយសារ​កង្វះខាត​បណ្តា​ញ​បំពង់​បង្ហូរទឹក​ទូលំទូលាយ ម្ចាស់​រោងចក្រ និង​ប្រជាជន បាន​បង្ហូរ​កាកសំណល់​រាវ​ចូលទៅក្នុង​ដី​ស្រទាប់​ក្រោម (Aquifer) របស់​ទីក្រុង ដែល​បង្ក​ឲ្យ​ការ​ដី​ផ្ទៃ​ខាងលើ​ស្រុតចុះ​យ៉ាង​លឿន​រហ័ស​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ទីក្រុង​ហ្សា​ការ​តា ។ តំបន់​នេះ មាន​ប្រជាជន​ឥណ្ឌូណេស៊ី​រស់នៅ​ប្រមាណ​ពី ២ ទៅ ៣​លាន​នាក់ ។ 
 
​ត្រង់​តំបន់​ដដែល​នេះ ដី​បែប​ភក់ លិច​បាត់​ក្រោម​ផ្ទៃ​ទឹក​នៅ​អត្រា​ជា​មធ្យម ១០ សង់ទីម៉ែត្រ​ក្នុង​មួយឆ្នាំៗ​។ ការកើនឡើង​នៃ​កម្រិត​ទឹក​សមុទ្ទ ដែល​បង្ក​មកពី​កំណើន​នៃ​កម្តៅ​ផែនដី នឹង​អូសបន្លាយ​បញ្ហា​នេះ ក្នុង​រយៈពេល​រាប់​ទសវត្ស​ន៍​ខាងមុខ​ទៀត​។ 
 
​ថ្លែង​នៅក្នុង​បទ​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ថ្ងៃទី​២៦ ខែកក្កដា ប្រមុខរដ្ឋ​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ បានបញ្ជាក់​ឲ្យ​ដឹងថា នេះ គឺជា​ពេលដែល​គួរ​ចាប់ផ្តើម​ដំណើរការ​ជញ្ជាំង​សមុទ្ទ​។ គម្រោង​ដែល​រដ្ឋាភិបាល​បាន​លើក​យកមក​ពិចារណា​ជា​លើកដំបូង កាលពី​១០​ឆ្នាំមុន​។ ត្រង់ចំណុច​នេះ លោក គូសបញ្ជាក់​បែបនេះ​៖ «​គម្រោង​ដ៏​ធំ​សម្បើម​នេះ នឹងត្រូវ​ការសម្រេច​ប​ញ្ច​ប់​ឲ្យ​បាន​ឆាប់​បំផុត​ដើម្បី​ទប់ស្កាត់​ទីក្រុង​ហ្សា​ការ​តា ពី​ការ​លិច​បាត់​ចូលទៅ​ក្រោម​ផ្ទៃ​សមុទ្ទ​» ។ 
 
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា វី​ដូ​ដូ អះអាងថា លោក​តាំងចិត្ត​យ៉ាង​មុតមាំ​ជំរុញ​ការកសាង​ជញ្ជាំង​សមុទ្ទ​យក្ស​ហ៊ុមព័ទ្ធ​ទីក្រុង​ហ្សា​រកា​តា​នេះ តាមរយៈ​ការធ្វើកំណែទម្រង់ និង​គម្រោង​ស្នូល​មួយចំនួន ទោះជា​គំនិត​នេះ ពុំ​សូវ​ពេញនិយម​ក៏ដោយ​ក្តី​។  ដោយ​ទើបតែ​ឈ្នះ​ការបោះឆ្នោត​ឡើងវិញ កាលពី​ថ្មីៗ​នេះ លោក ចូ​កូ​វី សង្កត់ធ្ងន់ថា លោក​នឹងរង​សម្ពាធ​ពី​នយោបាយ​ក្នុងស្រុក​តិចជាង​មុន​ក្នុង​អាណត្តិ​ទី​ពីរ​រយៈពេល​៥​ឆ្នាំ​របស់លោក​។  
 
​ទន្ទឹមនឹង​គ្នា​នេះ មេដឹកនាំ​វ័យ​៥៨​ឆ្នាំ​រូបនេះ ក៏បាន​បង្ហើប​គម្រោង​ពី​គម្រោង​មហិច្ឆតា​ផ្សេងទៀត​សម្រាប់​ទីក្រុង​ហ្សា​ការ​តា ដែល​ពោរពេញ​ដោយ​ការកកស្ទះ និង​បំពុល ។ បច្ចុប្បន្ន រដ្ឋធានី​ហ្សា​ការ​តា មាន​ប្រជាជន​រស់នៅ​ជាង​១០​លាន​នាក់ ប៉ុន្តែ​មនុស្ស​ច្រើនជាង​បី​ដង​នៃ​ចំនួន​នេះ កំពុង​រស់នៅ​ទីក្រុង​ជុំវិញ​នោះ ដែល​ស្ថិត​លើ​កោះ​ជ្វា ។ កោះ​ជ្វា គឺជា​កោះ​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​មួយ ដែល​ស្មើនឹង​ជិត​៦០​ភាគរយ​នៃ​ប្រជាជន​ឥណ្ឌូណេស៊ី​សរុប​ទាំង ២៦០​លាន​នាក់ ហើយ​សកម្មភាព​សេដ្ឋកិច្ច​ប្រមូលផ្តុំ​នៅ​ទីនោះ​។​
 
«​យើង​ចង់​ចែកដាច់​ដោយឡែក​រវាង រដ្ឋធានី មជ្ឈមណ្ឌល​រដ្ឋាភិបាល និង​ហ្សា​ការ​តា​។ យើង​មិន​ចង់​ឲ្យ​លុយ​ទាំងអស់​ប្រមូលផ្តុំ​តែ​លើ​កោះ​ជ្វារ​មួយ​ឡើយ​។ យើង មាន​គម្រោង​រើ​វា​ចេញពី​កោះ​ជ្វារ​ផងដែរ​»​។  នេះ​ជាការ​លើកឡើង​ជាថ្មី​រប​ស់លោក​ប្រ​ធានា​ធីប​តី ចូ​កូ​វី ដោយ​សង្កត់ធ្ងន់ថា ដោយសារ​តំបន់​នេះ​ជួបប្រទះ​ញឹកញាប់​នូវ​បញ្ហា​គ្រោះ​រញ្ជួយ​ដី និង​ទឹកជំនន់ លោក​ចង់​ធានា​ឲ្យ​បាន​ថា រដ្ឋធានី​របស់​ឥណ្ឌូណេស៊ី​មាន​សុវត្ថិភាព​ពី​គ្រោះធម្មជាតិ​ទាំងនេះ​៕
 

Tag:
 ឥណ្ឌូណេស៊ី​
  ហ្សា​ការ​តា​
  ចូ​កូ វី​ដូ​ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com