​មជ្ឈមណ្ឌល​ពិនិត្យ​គុណភាព​-​ចែកចាយ​បន្លែ ជា​ជំនួយ​របស់​ជប៉ុន ដាក់​ដំណើរ​នៅ​ខេត្តកណ្តាល​
ជាតិ
​មជ្ឈមណ្ឌល​ពិនិត្យ​គុណភាព​-​ចែកចាយ​បន្លែ ជា​ជំនួយ​របស់​ជប៉ុន ដាក់​ដំណើរ​នៅ​ខេត្តកណ្តាល​
29, Jul 2019 , 10:39 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីមជ្ឈមណ្ឌលពិនិត្យគុណភាព និងចែកចាយបន្លែ របស់មន្ទីរកសិកម្មខេត្តកណ្តាល ថ្ងៃទី២៩កក្កដា  ឆ្នាំ២០១៩។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីមជ្ឈមណ្ឌលពិនិត្យគុណភាព និងចែកចាយបន្លែ របស់មន្ទីរកសិកម្មខេត្តកណ្តាល ថ្ងៃទី២៩កក្កដា ឆ្នាំ២០១៩។
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​ពិនិត្យ​គុណភាព និង​ចែកចាយ​បន្លែ របស់​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​។ មជ្ឈមណ្ឌល​នេះ គឺជា​ជំនួស​ឥត​សំណង់​របស់​រដ្ឋាភិបាល​ជប៉ុន ដែលមាន​ទំហំ​ទឹកប្រាក់​១០​ម៉ឺន​ដុល្លារ​។

 
​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​គុណភាព និង​ចែកចាយ​បន្លែ គឺមាន​សារៈសំខាន់ ដែល​ធានាបាន​នូវ​គុណភាព សុវត្ថិភាព ផលិតផល ដែល​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ ធានា​សុខុមាល​ល​ភាព​សាធារណៈ និង​បរិស្ថាន ដែល​ស្របតាម​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​ក្រសួង​ក្នុង​ការជំរុញ​ផលិតភាព គុណភាព និង​សុវត្ថិភាព​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ នេះ​ជាការ​លើកឡើង​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ 


 
​បើតាម​ការចុះផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងកសិកម្ម លោក វេ​ង សាខុន បាន​ថ្លែង​ចំពោះមុខ​លោក Hidehisa Horinouchi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថា ការដាក់​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​នូវ​មជ្ឈមណ្ឌល​ពិនិត្យ​គុណភាព និង​ចែកចាយ​បន្លែ​នេះ គឺជា​សក្ខីភាព​មួយ​ដែល​បង្ហាញ​ពី​ការគាំទ្រ​យ៉ាង​ជាក់ស្តែង ចំពោះ​កម្ពុជា​ដែល​កំពុង​អនុវត្ត​កម្មវិធី​កំណែទម្រង់​លើ​គ្រប់​វិស័យ ក្នុង​គោលដៅ​ធ្វើ​ទំនើបភាវូបនីយកម្ម និង​ការអភិវឌ្ឍ​ប្រទេសជាតិ ដើម្បី​ផលប្រយោជន៍​ប្រជាជន​ប្រកបដោយ​សមធម៌ និង​ប្រសិទ្ធភាព​ក្នុង​ការកសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​នៅ​ឆ្នាំ​២០៣០ និង​២០៥០​។ 
 
​ជាការ​ឆ្លើយតប​នៃ​ការដាក់​សម្ពោធ​មជ្ឈមណ្ឌល​ពិនិត្យ​គុណភាព និង​ចែកចាយ​បន្លែ នៅ​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល ក្រសួង​បានដាក់​ចេញ​នូវ​គោលការណ៍ និង​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​រូប​សញ្ញា​ជាតិ​នៃ​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា (CamGAP) ជា​ស្តង់ដារ​ជាតិ ហើយនឹង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ឯកសារ​ស្តង់ដារ​កសិកម្មសរីរាង្គ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​៕ 



Tag:
 កសិកម្ម​
  មជ្ឈមណ្ឌល​
 ​បន្លែ
© រក្សាសិទ្ធិដោយ thmeythmey.com