គូ​ដណ្ដើម​ខ្សែក្រវាត់​ជក់ចិត្ត​នៅ សង្វៀន ONE: DAWN OF HEROES នា​ថ្ងៃទី​២ ខែសីហា​
ONE Championship
កីឡាជាតិ
ជាតិ
គូ​ដណ្ដើម​ខ្សែក្រវាត់​ជក់ចិត្ត​នៅ សង្វៀន ONE: DAWN OF HEROES នា​ថ្ងៃទី​២ ខែសីហា​
29, Jul 2019 , 10:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
​សង្វៀន ONE: DAWN OF HEROES នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩ ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន មាន​គូ​ដណ្ដើម​ខ្សែក្រវាត់​ខ្លាំងៗ​ដែល​ធ្វើ​ឲ្យ​រំជើបរំជួល​សម្រាប់​អ្នកទស្សនា​នៅ​កម្ពុជា និង ទូទាំង​ពិភពលោក​។ Martin Nguyen ត្រូវការពារ​ខ្សែក្រវាត់​ពិភពលោក​របស់ខ្លួន ONE Featherweight World Championship ទល់នឹង​ជើង​ខ្លាំង​ជប៉ុន  Koyomi Matsushima​។


 
Rodtang Jitmuangnon  ដែល​គេ​ស្គាល់​ថា «Iron Man» ឬ មនុស្ស​ដែក​នោះ​ត្រូវ​ឡើងមក​ដណ្ដើម​ខ្សែក្រវាត់ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP ពី​កីឡាករ​ចក្រភព​អង់គ្លេស Jonathan Haggerty​។ រីឯ​ជើង​ខ្លាំង​អ្នកលេង​គុន​ចម្រុះ​ឥណ្ឌូណេស៊ី Sunoto ត្រៀមខ្លួន​ដើម្បី​បញ្ចប់​កីឡាករ​ម៉ាឡេស៊ី Muhammad Aiman ក្នុង​ប្រភេទ Bantamweight​។ 
 
​តើ Martin Nguyen អាច​ការពារ​ខ្សែក្រវាត់​ពិភពលោក​របស់ខ្លួន​បានទេ​? 
 
Martin Nguyen កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​ដើម្បី​ការពារ​ខ្សែក្រវាត់​ពិភពលោក​របស់ខ្លួន ONE Featherweight World Championship ទល់នឹង  Koyomi Matsushima នៅ​ទីលាន Mall Of Asia Arena នា​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។ Martin Nguyen កូនកាត់​វៀតណាម​អូស្ត្រាលី ជា​កីឡាករ​ល្អ​បំផុត​មួយ​ក្នុង​ពិភព​គុន​ចម្រុះ​និង​ល្អ​សម្រាប់​សង្វៀន ONE​។ ក្នុងចំណោម​ការប្រកួត​នៅ​សង្វៀន​គុន​ចម្រុះ​កន្លងមក កីឡាករ​វ័យ ៣០ ឆ្នាំ​រូបនេះ​ចាញ់​៣​ដង​គត់​ក្នុងចំណោម​១៥​លើក​។ ពេល​ប៉ះ Koyomi កូនកាត់​វៀតណាម​អូស្ត្រាលី​បាន​ប្ដេជ្ញាចិត្ត​ថា​នឹង​ការពារ​ខ្សែក្រវាត់​ឲ្យ​ខាងតែបាន​បន្ទាប់ពី​រូបគេ​បាន​ត្រៀមខ្លួន​ណាស់​ជាពិសេស​បាន​ទៅសំងំ​ហ្វឹកហាត់​នៅ​សហរដ្ឋអាមេរិក​ទៀតផង​។  Nguyen បាន​ថ្លែងថា ៖«​ការប្រកួត​នៅមុខ​ទស្សនិកជន ២ ម៉ឺន​នាក់​គឺជា​រឿង​អស្ចារ្យ​នៅ​ហ្វីលីពីន​។ ខ្ញុំ​ប្រកួត​៤​ដង​រួចមកហើយ​នៅ​ទីនោះ​។ ខ្ញុំ​គិតថា​ខ្ញុំ​បាន​សម្រប​តាម​បរិយាកាស​ជនជាតិ​ហ្វីលីពីន​»​។ 


 
​អ្នក​គុន​ចម្រុះ​ដដែល​សង្កត់ធ្ងន់ថា​៖«Koyomi ខ្លាំង​ខាង​ប្រយុទ្ធ​ផ្នែក​ចំបាប់ និង កម្លាំង​ដៃ​ខ្លាំង ពេល​ខ្ញុំ​បាន​ទស្សនា​រូបគេ​ប្រយុទ្ធ​តតាំង​នឹង [Marat] Gafurov ។ ខ្ញុំ​ពិតជា​អបអរ​ដល់ Koyomi ដែលមាន​ឈ្មោះ​មក​ដណ្ដើម​ខ្សែក្រវាត់ និង ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំភើបចិត្ត​ក្នុងជំនួប​នេះ​»​។​
 
​បើ​ក្រឡេក​មកកាន់ Koyomi វិញ កីឡាករ​ជប៉ុន ជឿជាក់ថា​គេ​សម​នឹង​មក​ប្រកួត​នៅទីនេះ​បន្ទាប់ពី​វាយ Marat Gafurov អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ONE Featherweight World Champion ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​១​។ «Moushigo» ថ្លែង​បែបនេះ ៖«​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​រីកចម្រើន​ដោយសារ​ក្ដី​ស្រលាញ់​។ ខ្ញុំ​នៅមាន​អារម្មណ៍​ដក់​ជាប់​ពេល​វ៉ៃ​ជាមួយ Gafurov​។ យ៉ាងណាក៏ដោយ ខ្ញុំ​មាន​លក្ខណៈ​ល្អប្រសើរ ពេល​ហាត់​រាល់ថ្ងៃ​។ ខ្ញុំ​ពិតជា​ខ្លាំង​ជាង​កាល ១ ឆ្នាំមុន​»​។ តើ Koyomi Matsushima អាច​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ថ្មី​ឬ​យ៉ាងណា​?
 
​តើ​មនុ​ស្សដែក Rodtang Jitmuangnon អាច​ឈ្នះ​ខ្សែក្រវាត់ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP ទេ​? 
 
Rodtang បាន​ប្រាប់​អំពី​អ្នក​ដែលមាន​ឥទ្ធិពល​របស់ខ្លួន​មុន​ជំនួប​ដ៏​ធំ​នេះ គឺ សព​របស់លោក Mr. Huan​។ លោក Huan ជា​មិត្ត​ម្ចាស់​ក្លិប​ប្រដាល់​មួយ​នៅ Phatthalung ភាគខាងត្បូង​ប្រទេស​ថៃ និង បាន​បង្ហាត់បង្ហាញ​រូបគេ​កាល​តូចៗ​មុន​ក្លាយខ្លួនជា​កីឡាករ​ល្បី​។ លោក បាន​គិតថា Rodtang ជា​ក្មេង​មាន​ទេពកោសល្យ ហើយ​លោក​បាន​សួរនាំ​ឳ​ពុក​របស់ខ្លួន​ដើម្បី​នាំយកទៅ​ហាត់​នៅ​បាងកក​។ Rodtang បាន​ថ្លែងថា​៖«​ខ្ញុំ​ត្រូវតែ​ថែទាំ​ខ្លួន​ដោយ​ខ្លួនឯង​។ វា​ជា​រឿង​លំបាក​ក្នុង​ជីវិត តែ​ពេល​ខ្ញុំ​ត្រូវ​បំភ្លេច​។ គាត់ [Huan] បា​នរក​សង្វៀន​ឲ្យ​ខ្ញុំ​ប្រកួត ហើយ​ខ្ញុំ​ដឹងខ្លួន​ថា ត្រូវ​បន្ត​ទៅមុខទៀត​។ ដូច្នេះ​ខ្ញុំ​ត្រូវការ​ឈ្នះ​ការប្រកួត​នេះ​ដើម្បី​ឧទ្ទិស​ទៅកាន់​គាត់​»​។ មុន​ឡើងមក​ដណ្ដើម​ខ្សែក្រវាត់​នេះ​ពី Jonathan Haggerty អ្នកលេង​មួយ​ថៃ Rodtang Jitmuangnon បានឈ្នះ ៤ ប្រកួត​ជាប់​គ្នា​នៅ​សង្វៀន ONE​។ ចំណែក Haggerty មិនមែន​ធម្មតា​ទេ ហើយ​បច្ចុប្បន្ន​គេ​ជា​ម្ចាស់​ខ្សែក្រវាត់​៣ ស្ថាប័ន ដូចជា ONE Flyweight Muay Thai Championship, WBC Muay Thai Super Featherweight Champion, និង ISKA World Super Featherweight Champion​។ កីឡាករ​មកពី​ចក្រភព​អង់គ្លេស​រូបនេះ​បាន ឈ្នះ SAM A ដែលជា​មិត្ត​រួម​ជាតិ​របស់ Rodtang ដើម្បី​គ្រង​ខ្សែក្រវាត់ ONE Flyweight Muay Thai Championship កាល​ខែ ឧសភា កន្លងទៅ​។ តើ ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai Championship ថ្មី​ជា​អ្នកណា​? 
 
​អ្នកលេង​គុន​ចម្រុះ Sunoto ត្រៀម​បញ្ចប់ Muhammad Aiman 
 
​កីឡាករ​ទាំងពីរ​សុទ្ធតែ​មានបទពិសោធន៍​ល្អ​ដូចគ្នា​ក្នុង​ពិភព​គុន​ចម្រុះ និង សង្វៀន ONE CHAMPIONSHIP ហើយ​ត្រូវ​តតាំង​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ Bantamweight​។ ដ្បិត​វ័យ ៣៤​ឆ្នាំ ប៉ុន្តែ Sunoto នៅ​ខ្លាំង​ដដែល ដោយ​ទើប​ឈ្នះ​មិត្ត​រួម​ជាតិ Paulus Lumihi កាល​ខែឧសភា កន្លងទៅ​នៅ​សង្វៀន ONE: FOR HONOR តែ Aiman ចាញ់​កីឡាករ​ជប៉ុន Shuya Kamikubo កាល​ចុងឆ្នាំ ២០១៨​។ 
 
«​គេ​[Aiman]​ជា​កីឡាករ​ល្អ​និង​ប្រកួត​ល្អ​គ្រប់ទឹក មាន​កម្ពស់​ខ្ពស់​និង​វ៉ៃ​ចេញពី​ចម្ងាយ​បានល្អ​ដែរ​។ ក្នុងការ​ប្រកួត​កន្លង​ទៅ យើង​អាច​មើលឃើញ​ចំណុចខ្លាំង​និង​ខ្សោយ​អំពី​គូប្រកួត​។ យើង​ធ្លាប់​ជួបគ្នា​ពីមុន ដូច្នេះ​ខ្ញុំ​អាច​វិភាគ​បាន​។ ការពិត គេ​មាន​កម្លាំង​ខ្លាំង​ល្អ​ព្រោះ​នៅ​ក្មេង ហើយ​ហាត់​នៅ​ក្លិប Bali MMA»​។ កីឡាករ​ឥណ្ឌូណេស៊ី​មកពី​ក្លិប IndoGym &Team Phantom MMA ថ្លែង​បែបនេះ​។ លើ​ពីនេះ​ទៅទៀត Aiman មាន​ក្បាច់​ប្រយុទ្ធ​ល្អ​ណាស់ ព្រោះ​គេ​ធ្លាប់​ហ្វឹកហាត់​ក្បាច់គុន​មួយ​ថៃ​។  Aiman ច្បាស់​នឹង​ព្យាយាម​ទប់ទល់​ចំពោះ​ការចូលចាប់​របស់ Sunoto​។ យ៉ាងណាក្ដី បុរស​វ័យ​៣៤​ឆ្នាំ​ជឿជាក់ថា អាច​ឈ្នះ​លើ​កីឡាករ​វ័យក្មេង​មកពី ម៉ាឡេស៊ី ព្រោះ​ត្រៀមខ្លួន​បានល្អ​មុនពេល​ជំនួប​ដ៏​ធំ​នេះ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com