ជាតិ
សេដ្ឋកិច្ច
មេដឹកនាំកម្ពុជា៖ «បើទោះជាគ្មានចំណូលបន្ថែម ក៏កម្ពុជាអាចបើកប្រាក់ខែមន្ត្រីរាជការ លើសពី១ឆ្នាំ»
× ភ្នំពេញ៖ ទោះបីគ្មានចំណូលបន្ថែម ក៏កម្ពុជា អាចបើកប្រាក់ខែមន្ត្រីរាជការ លើសពី១ឆ្នាំដែរ។ នេះជាការប្រតិកម្មរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបទៅនឹងមតិសាធារណជន ដែលនិយាយថា កម្ពុជានឹងអាចស្លាប់ បើសិនជាមានការដាក់ទណ្ឌកម្មពីអាមេរិក តាមរយៈច្បាប់ស្តីពី«ប្រជាធិបតេយ្យកម្ពុជា»។
ថ្លែងចំពោះមុខមន្ត្រីរដ្ឋាភិបាល និងអង្គទូតនៅថ្ងៃទី២៩ កក្កដានេះ សម្ដេច ហ៊ុន សែន បាននិយាយថា កម្ពុជាអាចប្រមូលចំណូលពន្ធជាង៥០០លានដុល្លារក្នុងមួយខែ ដែលមានអតិរេក(នៅសល់ ឬលើស) ជាង១០០លានដុល្លារ បន្ទាប់ពីការចំណាយប្រចាំខែលើប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ក្នុងន័យនេះសម្ដេច ហ៊ុន សែន អះអាងថា រដ្ឋាភិបាលអាចមានលទ្ធភាពបើកប្រាក់ខែមន្ត្រី លើសពី១ឆ្នាំ ទោះជាមានសម្ពាធសេដ្ឋកិច្ចពីខាងក្រៅក្តី។
នៅក្នុងដំណើរត្រួតពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលកំពុងដំណើរការសាងសង់ នៅខណ្ឌជ្រាយចង្វារ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«អ្នកខ្លះ វាទៅជាឆ្កួត វាថាឥឡូវរដ្ឋាភិបាល(កម្ពុជា)អស់លុយចាយហើយ គ្រាន់តែអាមេរិកធ្វើច្បាប់មួយ រដ្ឋាភិបាលរកតែលុយបើកប្រាក់ខែឲ្យ(មន្ត្រីរាជការ)មិនបាន។ ផ្ដាំទៅអស់លោកអ្នក បើទោះបីគ្មានប្រាក់ចំណូលបន្ថែម ក៏ ហ៊ុន សែន មានលទ្ធភាពបើកប្រាក់ខែលើសពី១ឆ្នាំ ។ សូមប្រាប់ឲ្យហើយ។ មកដល់ពេលនេះ ខ្ញុំនិយាយឲ្យអ្នកឯងបានភ្លឺភ្នែក ដោយមិនគិតពីប្រាក់បម្រុងអន្តរជាតិ ប្រមាណ១៥ពាន់លាន។ សាច់ប្រាក់សុទ្ធ ដែលផ្ញើនៅរតនាគារ និងផ្ញើនៅធនាគារជាតិ ឡើងជិត១៤លានលានរៀល។ ហើយអ្នកឯងយកទៅគិតទៅ ១លានលានរៀល ស្មើនឹង២៥០លានដុល្លារអាមេរិក។ ហើយ១ខែ យើងចាយប្រមាណតែ៣០០លានដុល្លារទេ តែប្រាក់ចំណូលយើងមានលើសពី៤០០លានដុល្លារក្នុងមួយខែ»។
លោកនាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងបែបនេះ ដើម្បីឆ្លើយតបទៅនឹងមតិសាធារណជន ដែលនិយាយថា កម្ពុជានឹងអាចស្លាប់ បើសិនជាមានការដាក់ទណ្ឌកម្មពីអាមេរិក តាមរយៈច្បាប់ស្តីពី«ប្រជាធិបតេយ្យកម្ពុជា»។ សេចក្ដីស្នើច្បាប់របស់សភាអាមេរិក ស្តីពី«ប្រជាធិបតេយ្យកម្ពុជា»នេះ គឺមានការចែងពីការបង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន ដែលពួកគេចាត់ទុកថា បានចូលរួមធ្វើសកម្មភាពរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន។ ក្នុងចំណោមសេចក្តីស្នើច្បាប់ទាំងនោះ មានសេចក្តីស្នើច្បាប់មួយ ត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិក តាក់តែងឡើង ដើម្បីជំរុញឲ្យលោក ត្រាំ ផ្អាកប្រព័ន្ធអនុគ្រោះពន្ធ GSP នៅកម្ពុជា។
ត្រង់ចំណុចនេះប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា អាមេរិកធ្វើច្បាប់នេះ វាគ្មានអ្វីធ្វើឲ្យប៉ះពាល់ដល់កម្ពុជានោះទេ ហើយក៏មិនអាចឲ្យកម្ពុជាស្លាប់បានដែរ។ «អាមេរិកធ្វើច្បាប់នៅ វ៉ាស៊ីនតោន បែរជាខ្មែរអស់លុយបើកប្រាក់ខែ បើអស់លោក(អ្នកនិយាយថា កម្ពុជារងគ្រោះ)ចេះភូត គួរតែភូចឲ្យវាសមគួរដែរ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបន្ថែមថា រដ្ឋាភិបាល ចេះចាយលុយដោយការគិតគូរវែងឆ្ងាយ មុននឹងចំណាយលើអ្វីមួយ។
ប្រទេសកម្ពុជាមានទុនបម្រុងអន្តរជាតិមានចំនួន ១១,១ ប៊ីលានដុល្លារ ដែលអាចជួយធានាដល់ការនាំចូលទំនិញនិងសេវាផ្សេងៗបានប្រមាណ៥ខែ ដើម្បីចរចាជាមួយបរទេស ក្នុងករណីប្រទេសមានវិបត្តិសេដ្ឋកិច្ច។ លើសពីនេះទុនបម្រុងអន្តរជាតិ ក៏ជួយបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេសដែលមានបំណងមករកស៊ីនៅកម្ពុជាផងដែរ។ នេះជាការបញ្ជាក់របស់អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិ លោកស្រី ជា សិរី ៕
© រក្សាសិទ្ធិដោយ thmeythmey.com