ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពីក្មេងសុំទាន លោក ប៊ួ បញ្ញា តស៊ូរៀនរហូតក្លាយជាសាស្ត្រាចារ្យភាសាបារាំង នៅសាលាតិចណូ
×
ភ្នំពេញ៖ ការប្រឹងប្រែងរៀនសូត្រ បានជួយកែប្រែជីវិតលោក ប៊ួ បញ្ញា ពីក្មេងសុំទានរហូតក្លាយជាសាស្ត្រាចារ្យភាសាបារាំង នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ លោក ប៊ួ បញ្ញា ធ្លាប់ធ្វើជាអ្នកសុំទាន ជាមួយឪពុកនៅខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប ក្នុងអំឡុង២០០០។ ក្រោយប្រកបរបរសុំទានជាង១ឆ្នាំ ឪពុកលោក បញ្ញា បានបញ្ចប់របរដើរសុំទាន ដោយងាកមកប្រកបរបរជាជាងកាត់សក់វិញ។ ពេលនោះហើយដែល លោក ប៊ួ បញ្ញា មានឱកាសចូលរៀន និងទទួលបានការផ្គត់ផ្គង់ពីអង្គការកុមារមេគង្គ នាខេត្តបន្ទាយមានជ័យ រហូតបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វករ នៅរាជធានីភ្នំពេញ និងបានក្លាយជាសាស្ត្រាចារ្យភាសាបារាំង នៅឆ្នាំ២០១៨។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com រវាងលោក ប៊ួ បញ្ញា សាស្ត្រាចារ្យភាសាបារាំងដូចតទៅ៖
វីដេអូភាគ១
កើតនៅក្នុងជំរំសាយធូ នៅព្រំដែនខ្មែរ-ថៃ និងបន្តរស់នៅខេត្តបន្ទាយមានជ័យ លោក ប៊ួ បញ្ញា មានបងប្អូន ៤នាក់។ កាលនៅកុមារភាពក្នុងវ័យ៩ឆ្នាំ បញ្ញា បានប្រកបរបរសុំទានជាមួយឪពុក អស់រយៈពេលជាង១ឆ្នាំ ដោយសារតែស្ថានភាពគ្រួសារក្រីក្រ។ «ថ្ងៃខ្លះ សុំបានអង្ករ ថ្ងៃខ្លះ បានលុយ និងថ្ងៃខ្លះទៀត បានត្រឹមតែពាក្យជេរស្ដីប៉ុណ្ណោះ។ តែ នេះជាជីវិតជូរចត់ ដែលខ្ញុំចាំមិនភ្លេច និងជាអតីតកាលដែលធ្វើឲ្យខ្ញុំរឹងមាំមកដល់សព្វថ្ងៃ»។ នេះជាការរម្លឹកពីជីវិតតស៊ូរបស់កុមារ ប៊ួ បញ្ញា ដែលដើរសុំទានគេនៅក្រុងសៀមរាប អំឡុងឆ្នាំ២០០០ ជាមួយឪពុកនិងបងប្អូន ដោយធ្វើដំណើរថ្មើរជើងតាំងពីស្រុកព្រះនេត្រព្រះ។
កុមារ ប៊ួ បញ្ញា រំឭកពាក្យសម្ដីឪពុកដែលធ្លាប់និយាយថា៖ «ខ្ញុំចាំបានថា ឪពុកខ្ញុំ ធ្លាប់ពន្យល់ថា យើងសុំទានគេ គឺក្នុងដំណាក់កាលបណ្ដោះអាសន្នទេ។ យើងមិនអាចយកមុខរបរសុំទាននេះ ដើម្បីចិញ្ចឹមជីវិតមួយជីវិតទេ។ យើងសុំគេ ប្រសើរជាងលួចគេ។ ខ្ញុំចាំសម្ដីឪពុកខ្ញុំ មកដល់សព្វថ្ងៃនេះ»។
វីដេអូភាគ២
ទោះក្រីក្រនិងប្រកបរបរសុំទាន តែ បញ្ញា ស្រឡាញ់និងគោរពឪពុក ដោយសារតែឪពុករបស់លោក បានបង្រៀនកូនៗនៅពេលយប់ ព្រោះពេលនោះកូនៗជាប់ដើរសុំទាន ហើយមិនមានឱកាសចូលសាលាដូចគេ។ ក្រោយឈប់ដើរសុំទាន បញ្ញា មានឱកាសចូលរៀននៅឆ្នាំ២០០២ ដោយទទួលបានការទំនុកបម្រុងពីអង្គការកុមារមេគង្គ ក្នុងខេត្តបន្ទាយមានជ័យ។
ការខំប្រឹងប្រែងរបស់លោក បញ្ញា បានជួយលោកឲ្យបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វករ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។ នៅពេលបន្តការសិក្សានៅភ្នំពេញ លោក បញ្ញា ដឹងថាជំនាញដែលលោកបានជ្រើសរើស គឺខុសពីអ្វីដែលលោក ស្រឡាញ់។ លោក បញ្ញា ចាប់ផ្ដើមពង្រឹងភាសាបារាំង ជាស្ពានថ្មី រហូតនាំឲ្យលោកជោគជ័យមួយកម្រិត និងមានជំនាញថ្មី។ បច្ចុប្បន្ន អតីតក្មេងសុំទានរូបនេះ ក៏បានប្រែក្លាយជាសាស្ត្រាចារ្យបារាំង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com