អន្តរជាតិ
ទីបំផុត លោក ត្រាំ អាចលក់អាវុធតម្លៃ៨,១ពាន់លានដុល្លារឲ្យអារ៉ាប៊ីសាអូឌីតបានហើយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ។
× នៅសហរដ្ឋអាមេរិក គម្រោងលក់អាវុធតម្លៃ៨,១ពាន់លានដុល្លារឲ្យអារ៉ាប៊ីសាអូឌីត អាចបន្តទៅមុខបានហើយ បន្ទាប់ពីសភាអាមេរិកមិនអាចរកសំឡេងគ្រប់គ្រាន់ដើម្បីជំទាស់ការលក់សព្វាវុធដ៏សន្ធឹកសន្ធាប់នេះបាន។ គម្រោងលក់អាវុធដ៏ចម្រូងចម្រាស ត្រូវបានសភាទាំងពីររបស់អាមេរិក បោះឆ្នោតប្រឆាំងដោយបារម្ភថា អាវុធអាមេរិក នឹងត្រូវប្រើក្នុងសង្គ្រាមនៅយេម៉ែន ជាទីដែលវិបត្តិមនុស្សធម៌កំពុងកើតមាន។ ប៉ុន្តែលោក ត្រាំ បានប្រើអំណាចវ៉េតូលើការជំទាស់របស់សភាវិញ។
សភាអាមេរិក នៅថ្ងៃទី២៩ ខែកក្កដា បានបរាជ័យក្នុងការទប់ស្កាត់គម្រោងលក់អាវុធតម្លៃ៨,១ពាន់លានដុល្លារទៅឲ្យអារ៉ាប៊ីសាអូឌីត សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់អាមេរិកនៅមជ្ឈិមបូព៌ា។ សភាទាំងពីររបស់អាមេរិក បានជំទាស់យ៉ាងដាច់អហង្ការគម្រោងលក់អាវុធចំនួន២២មុខនេះ ព្រោះអារ៉ាប៊ីសាអូឌីត កំពុងជាប់ដៃក្នុសង្គ្រាមនៅយេម៉ែនដែលមានអាយុ៧ឆ្នាំទៅហើយនោះ។ ប៉ុន្តែការបែងចែកក្នុងស្ថាប័ននីតិបញ្ញត្តិអាមេរិក ធ្វើឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ អាចបន្តគម្រោងនេះបាន។
តាមពិតទៅ ទាំងរដ្ឋសភា ទាំងព្រឹទ្ធសភាអាមេរិក សុទ្ធតែបានបោះឆ្នោតប្រឆាំងគម្រោងនេះហើយដែរ។ ចុងក្រោយនេះ គឺព្រឹទ្ធសភាអាមេរិកបានអនុម័តដំណោះស្រាយដល់ទៅបីដើម្បីរារាំងរដ្ឋាភិបាលលក់អាវុធឲ្យសម្ព័ន្ធមិត្តរបស់អាមេរិក។ លោក ត្រាំ បានប្រើអំណាចវ៉េតូរបស់ខ្លួនដើម្បីបដិសេធការបោះឆ្នោតប្រឆាំងនៅវិមាន Capitol វិញ។ ចុងក្រោយទៅ សភាអាមេរិកបែរជាមិនអាចរកសំឡេងបានពីរភាគបីដើម្បីជំទាស់អំណាចវ៉េតូនេះ។
អាស្រ័យហេតុនេះ ក្រុងវ៉ាស៊ីនតោន អាចលក់អាវុធឲ្យក្រុងរីយ៉ាដបានហើយ។ លោក ត្រាំ ផ្ទាល់ បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នដើម្បីលក់អាវុធសន្ធឹកសន្ធាប់នេះ ក្រោមហេតុផលមានការគំរាមកំហែងពីអ៊ីរ៉ង់។ មិនមែនតែអារ៉ាប៊ីសាអូឌីតឡើយ គម្រោងលក់អាវុធនេះក៏មានឈ្មោះអេមីរ៉ាតអារ៉ាប់រួមដែរ។ អារ៉ាប់រួមនេះ ក៏ជាប្រទេសមួយដែលលូកដៃជ្រៅក្នុងវិបត្តិយេម៉ែនតាមរយៈសម្ព័ន្ធមិត្តចម្រុះដឹកនាំអារ៉ាប៊ីសាអូឌីត។
ក្រុមអ្នករិះគន់អះអាងថា អាវុធនេះ នឹងដុតបញ្ឆេះជម្លោះនៅយេម៉ែន ជាទីដែលសម្ព័ន្ធមិត្តចម្រុះប្រយុទ្ធតទល់នឹងក្រុមឧទ្ទាមហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់។ អង្គការសហប្រជាជាតិធ្លាប់លើកឡើងថា វិបត្តិមនុស្សធម៌បានអូសបន្លាយរាប់ឆ្នាំ ដែលធ្វើឲ្យប្រជាជនយេម៉ែនរងគ្រោះទុរ្ភិក្សដ៏មហន្តរាយក្នុងប្រវត្តិសាស្ត្រ។ ស្ថានភាពបែបនេះ នឹងកាន់តែធ្ងន់ធ្ងរ បើសហគមន៍អន្តរជាតិមិនព្រមចាត់វិធានការដោះស្រាយទាន់ពេលទេនោះ។
បរាជ័យមិនអាចទប់ស្កាត់គម្រោងលក់អាវុធខាងលើ បក្សប្រជាធិបតេយ្យបានរុញការទទួលខុសត្រូវលើបក្សសាធារណរដ្ឋ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Ben Cardin សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យនិយាយថា ដ្បិតមិនរារាំងការលក់អាវុធ ក្រុមសាធារណរដ្ឋ បានបោះបង់ការទទួលខុសត្រូវរបស់ខ្លួនលើការត្រួតពិនិត្យហើយ។ សមាជិកគណៈកម្មាធិការកិច្ចការការបរទេសរូបនេះបន្តថា សភាមានការទទួលខុសត្រូវដើម្បីធានាថា អាវុធអាមេរិក មិនត្រូវប្រើក្នុងការបំពានសិទ្ធិមនុស្ស ឬបង្កជាហិង្សាលើជនស្លូតត្រង់៕
Tag:
អាមេរិក
អារ៉ាប៊ីសាអូឌីត
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com