ជាតិ
នយោបាយជាតិ
ខុទ្ទកាល័យសម្តេច ហេង សំរិន៖ មេដឹកនាំក្រុងហូជីមិញ អរគុណកម្ពុជា ដែលជួយវៀតណាមរហូតមក
× លោកស្រី ង្វៀន ធី ឡិ (Nguyen Thi Le) អនុលេខាគណៈកម្មការថ្នាក់ក្រុងនៃបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ បានកោតសរសើរពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសការអភិវឌ្ឍលើផ្នែកសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។ ហើយលោកស្រី ក៏បានអំណរគុណកម្ពុជាផងដែរ ដែលតែងតែជួយដល់វៀតណាម។ នេះបើតាមលោក គឹម សាន្ត នាយករងខុទ្ទកាល័យសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។
លោក គឹម សាន្ត ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាង សម្ដេច ហេង សំរិន និង លោកស្រី ង្វៀន ធី ឡិ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ថា លោកស្រី ង្វៀន ធី ឡិ ថាទីក្រុងហូជីមិញ បានត្រៀមលក្ខណៈសម្បត្តិគ្រប់ពេលវេលា ក្នុងការចែករំលែកបទពិសោធន៍ដល់រាជធានីភ្នំពេញ ព្រមទាំងបានអបអរសាទរពីការអភិវឌ្ឍរបស់កម្ពុជា នៅក្រោមម្លប់ព្រះករុណាព្រះមហាក្សត្រ ការដឹកនាំស្ថាប័នសភា និងរាជរដ្ឋាភិបាល។ លើសពីនេះលោកស្រី បានអរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់ប្រទេសវៀតណាមតាំងពីដើមរៀងមក។
នាយករងខុទ្ទកាល័យរបស់សម្តេចប្រធានរដ្ឋសភា បាននិយាយថា៖«ខាងភាគីរៀតណាម បានបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គាត់ គឺដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងទីក្រុងហូជីមិញ និងភ្នំពេញ។ ហើយគាត់ក៏បានអរគុណដល់កម្ពុជាយើង ដែលតែងតែជួយដល់វៀតណាម តាំងពីការរួមគ្នាដំដោះប្រទេស និងការរួមគ្នាអភិវឌ្ឍប្រទេស។ គាត់បានអរគុណដល់កម្ពុជា»។
លោកបន្តថា លោកស្រីក៏បានបញ្ជាក់ពីគោលនយោបាយឥតងាករេរបស់រដ្ឋាភិបាលខ្លួនចំពោះកម្ពុជា ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ។ លោកស្រីក៏ថ្លែងកោតសសើចំពោះការរីកចម្រើនរបស់កម្ពុជា ជាពិសេសផ្នែកសេដ្ឋកិច្ច។
សម្តេច ហេង សំរិន បានកោតសរសើរ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ក្នុងក្របខណ្ឌបក្ស រដ្ឋ និងរដ្ឋបាលគ្រប់ផ្នែក រួមទាំងការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ទៅវិញទៅមក រវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ក្រោមពាក្យស្លោក «អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»។ ជាមួយគ្នានេះ សម្តេចមានការជឿជាក់ថា ការរីកចម្រើនយ៉ាងខ្លាំងរបស់ទីក្រុងហូជីមិញ នឹងអាចធ្វើឲ្យទីក្រុងនេះក្លាយជាទីក្រុងគុជមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងពេលអនាគត៕
Tag:
ហេង សំរិន
Nguyen Thi Le
កម្ពុជា-វៀតណាម
ទំនាក់ទំនង
© រក្សាសិទ្ធិដោយ thmeythmey.com