អន្តរជាតិ
វៀតណាម ជាគោលដៅបន្ទាប់ពីចិនក្នុងបញ្ជីដំឡើងពន្ធរបស់លោក ត្រាំ? តំណាងចរចាពាណិជ្ជកម្មអាមេរិក Robert Lighthizer ផ្ដល់សក្ខីកម្មនៅព្រឹទ្ធសភា។ រូបភាព Reuters
× វៀតណាម អាក្រក់ជាងចិនទៅទៀត។ នេះជាសម្ដីនាពេលកន្លងមករបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយសំដៅលើបរិយាកាសរកស៊ីនៅវៀតណាមដែលមិនអំណោយផលដល់អាមេរិក។ ការណ៍នេះ ឲ្យមានជញ្ជីងពាណិជ្ជកម្មផ្អៀងខ្លាំងទៅខាងវៀតណាម។ នៅថ្ងៃទី២៩ ខែកក្កដា តំណាងចរចាពាណិជ្ជកម្មអាមេរិក បានព្រមានជាថ្មីឲ្យក្រុងហាណូយចាត់វិធានការដោះស្រាយបញ្ហានេះ។ ដូចចិនដែរ ការដំឡើងពន្ធ អាចជាអាវុធដែលលោក ត្រាំ អាចប្រើ បើនៅតែគ្មានដំណោះស្រាយ។
វៀតណាម ជាគោលដៅបន្ទាប់ពីចិនក្នុងបញ្ជីដំឡើងពន្ធរបស់អាមេរិក? នេះជាសំណួរមួយដែលលេចឡើងក្រោយលោក ដូណាល់ ត្រាំ និយាយរិះគន់វៀតណាមចំៗថា ជាប្រទេសដែលអាក្រក់ជាងចិនក្នុងការធ្វើពាណិជ្ជកម្ម។ បន្ទាប់ពីនោះ អាមេរិកក៏ចាប់ផ្ដើមទាមទារឲ្យវៀតណាម មានចំណាត់ការដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្ម ដែលសព្វថ្ងៃអាមេរិកជាអ្នកខាតបង់ច្រើនជាងនោះ។ ប៉ុន្តែគេមិនទាន់ឃើញមានដំណោះស្រាយសមស្របនៅឡើយ។
តំណាងចរចាពាណិជ្ជកម្មអាមេរិក Robert Lighthizer បានទទូចឲ្យបង្កើនការនាំចូលទំនិញពីអាមេរិក ដោះស្រាយការរឹតត្បិតទីផ្សារ និងត្រូវបើកទីផ្សាររបស់ខ្លួនឲ្យបានទូលាយ។ ក្នុងចម្លើយផ្ញើទៅកាន់គណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភាអាមេរិក លោក Lighthizer បញ្ជាក់ទៀតថា ក្រុមហ៊ុនអាមេរិក ជួបរបាំងពាណិជ្ជកម្មដ៏យុត្តិធម៌នៅវៀតណាម។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Politico នៅថ្ងៃទី២៩ ខែកក្កដា។
ចម្លើយរបស់តំណាងចរចាពាណិជ្ជកម្មនេះទាក់ទងវៀតណាមនេះ ធ្វើឡើងតបសំណួររបស់សមាជិកព្រឹទ្ធសភា Mark Warner ដែលបានកត់សម្គាល់ពីសម្ដីបែបមិនពេញចិត្តរបស់លោក ត្រាំ លើវៀតណាម។ លោក Warner បារម្ភថា គោលនយោបាយរបស់លោក ត្រាំ ដែលចូលចិត្តដំឡើងពន្ធលើប្រទេសផ្សេងដែលរកស៊ីចំណេញពីអាមេរិក អាចនាំឲ្យអាមេរិកឯកោពីដៃគូក្នុងតំបន់របស់ខ្លួនដូចជាវៀតណាម និងឥណ្ឌាជាដើម។
តាមពិតទៅ តាំងពីឡើងកាន់តំណែងមក ការដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្ម ជារឿងចម្បងសម្រាប់រដ្ឋបាលលោក ត្រាំ ។ រឿងនេះដែលនាំឲ្យមានសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននោះ ដ្បិតចិនជាប្រទេសដែលអាមេរិករងឱនភាពពាណិជ្ជកម្មច្រើនជាងគេបំផុត។
តាមរបាយការណ៍របស់ក្រុមហ៊ុន Pictet Asset Management ក្នុងចំណោមប្រទេស១០ ដែលអាមេរិករងឱនភាពពាណិជ្ជកម្មច្រើនជាងគេ ៥ប្រទេសនៅអាស៊ី។ ចិននៅលើគេ ឯទីពីរគឺជប៉ុន និងទីបី គឺវៀតណាមតែម្ដង ហើយកូរ៉េខាងត្បូងនៅលំដាប់ទីបួន និងម៉ាឡេស៊ីនៅចុងក្រោយគេ។ បើគិតត្រឹមខែមេសា ឆ្នាំ២០១៩នេះ ឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយវៀតណាម មានដល់ទៅជិត២០ពាន់លានដុល្លារឯណោះ៕
Tag:
វៀតណាម
អាមេរិក
ដូណាល់ ត្រាំ
ឱនភាពពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com