ជាតិ
សេដ្ឋកិច្ច
ចិន​បញ្ជា​ទិញ​ផលិតផល​កសិកម្ម ៦​ប្រភេទ ពី​កម្ពុជា
30, Jul 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ផលិតផល​កសិកម្ម ៦​ប្រភេទ របស់​កម្ពុជា ត្រូវបាន​ជ្រើសរើស​ជា​មុខទំនិញ​អទិភាព​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន នា​ឆ្នាំ​ខាងមុខនេះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ។​

 
​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា ផលិតផល​កសិកម្ម​ទាំង ៦​ប្រភេទ ដែល​ត្រូវ​នាំចូល​ទីផ្សារ​ចិន​នោះ រួមមាន ផ្លែ​សា្វ​យ​ស្រស់​, ផ្លែ​មៀន​ប៉ៃលិន​, ម្រេច​, ផ្លែ​ស្រការ​នាគ​, ដូងក្រអូប និង​ទឹកមាត់​ត្រចៀកកាំ​។ បើតាម​ក្រសួងកសិកម្ម មុននឹង​នាំចេញ​ទំនិញ​ទាំងនោះ​ទៅ​ប្រទេស​ចិន​បាន លុះត្រា​ម្ចាស់​រោងចក្រ និង​កសិដ្ឋាន​ត្រូវ​កែច្នៃ​វេច​ខ្ចប់​ផលិតផល​កសិកម្ម រួមទាំង​បំពេញ​លក្ខខណ្ឌ​អនាម័យ និង​បទដ្ឋាន​សុវត្ថិភាព​ម្ហូបអាហារ​ដែលមាន​ចែង​ក្នុង​ច្បាប់​របស់​ចិន​ជាមុនសិន​។ 
 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម ចុះ​ថ្ងៃទី​២៨ កក្កដា បានសរសេរថា​៖«​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ នឹង​ចរចារ​គ្នា​អំពី​លក្ខខណ្ឌ​តម្រូវ​អនាម័យ​សម្រាប់​ផលិតផល​នីមួយៗ រួមមាន ការចុះទៅ​ពិនិត្យ និង​វាយតម្លៃ នៅតាម​បណ្ដា​កសិដ្ឋាន និង​ទីតាំង​កែច្នៃ​វេច​ខ្ចប់​ដោយផ្ទាល់​»​។ 
 
​អគ្គនាយកដ្ឋាន​កសិក​ម្ម បាន​អំពាវនាវ​ដល់ ម្ចាស់​រោងចក្រ​កែច្នៃ និង​ម្ចាស់​កសិដ្ឋាន​ទាំងអស់ ដែលមាន​បំណង់​ចង់​នាំចេញ​ផលិតផល​ខាងលើ​ទៅ​ប្រទេស​ចិន​នោះ ត្រូវ​ស្នើសុំ​ចុះ​ប​ញ្ចី​នៅ​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ ដើម្បី​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម​ចាត់​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ​និង​បណ្តុះបណ្តាល កែតម្រូវ​បច្ចេកទេស​ជូន​តាម​ជាក់ស្តែង ក្នុង​ការធានា​អនាម័យ​តាម​លក្ខខណ្ឌ​របស់​ប្រទេស​ចិន​។​
 
​កន្លងមក​ចិន ក៏បាន​បញ្ជា​ទិញ​ចេកអំបូង​លឿង​ពី​កម្ពុជា​ដែរ ដោយមាន​ក្រុមហ៊ុន​ចំនួន​៦ ជា​អ្នកផ្គត់ផ្គង់​ទីផ្សារ​។ ក្នុងនោះ​ក្រុមហ៊ុន Longmate ដែល​ទទួលបាន​សិទ្ធ​ពី​រដ្ឋាភិបាល​កម្ពុជា និង​ចិន បាន​នាំ​ចេកអំបូង​លឿង​ជាង​១០០​តោន​ចូល​ទីផ្សារ​ចិន​ហើយ ក្នុង​ត្រីមាស​ទី​១ នៃ​ជំហាន​ដំបូង​។​
 
​បច្ចុប្បន្ន​ប្រទេស​ចិន បាន​នាំចូល​កសិផល​គ្រប់​ប្រភេទ​ជាង ១០ លាន​តោន​ក្នុង​មួយឆ្នាំ ពី​បណ្ដា​ប្រទេសមួយ​ចំនួន​ក្នុង​ពិភពលោក ដែល​ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ​។ នេះ​បើតាម​លោក លី ជៀន​ហ្វី (Li Jianwei) ប្រធាន​នាយកដ្ឋាន​កិច្ចការ​នាំចូល​កសិផល​ពី​បរទេស​នៃ​ក្រសួង​គយ​ចិន​៕

Tag:
 កសិកម្ម​
  ម្រេច​
  ស្វាយ​
  ដូងក្រអូប
© រក្សាសិទ្ធិដោយ thmeythmey.com