អន្តរជាតិ
ឥណ្ឌូណេស៊ី បញ្ជូន​កុងតឺន័រ​សំរាម​៧​ទូទៅ​កាន់​បារាំង​និង​ហុងកុង​វិញ
30, Jul 2019 , 3:54 pm        
រូបភាព
កុងតឺន័រសំរាមប្លាស្ទិក មកពីអូស្ត្រាលី នៅកំពង់ផែ Batam ប្រទេសឥណ្ឌូណេស៊ី
កុងតឺន័រសំរាមប្លាស្ទិក មកពីអូស្ត្រាលី នៅកំពង់ផែ Batam ប្រទេសឥណ្ឌូណេស៊ី
ដោយ:
​ឥណ្ឌូណេស៊ី បាន​បញ្ជូន​ត្រឡប់​ទៅវិញ​នូវ​កុងតឺន័រ​ផ្ទុក​សំរាម​ចំនួន ៧​ទូ ដែល​នាំចូល​ខុសច្បាប់​ពី​ប្រទេស​បារាំង និង​ទីក្រុង​ហុងកុង​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​គយ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​៣០ ខែកក្កដា​។ ចំណែក​សម្រាប់​កុង​តឺ​ន​ន័​រ​សំរាម ៤២​ទូ​ផ្សេងទៀត អាជ្ញាធរ​ឥណ្ឌូណេស៊ី ក៏​ត្រៀម​ដឹកចេញទៅ​កាន់​ប្រភពដើម​វិញ​ផងដែរ​។

 
​កុងតឺន័រ​ទាំងនេះ ផ្ទុក​ពេញ​ទៅដោយ​សំណល់​ប្លា​ស្ទិ​ក និង​សារធាតុ​គ្រោះថ្នាក់ ដែល​ល្មើ​សនឹង​ច្បាប់​នាំចូល​។ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធាន​មន្ទីរ​គយ​ប្រចាំ​កោះ Batam លោក Susila Brata បាន​បញ្ជាក់ថា​៖ «​ទូ​កុងតឺន័រ​ទាំង​៧​នោះ ត្រូវបាន​ដឹក​ចេញពី​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃ​ចន្ទ ទី ២៩ កក្កដា ហើយ​មន្ត្រី​លោក បាន​មើលឃើញថា នាវា​ដឹក​សំរាម​ទាំងនោះ ចាក​ចេញពី​កំពង់ផែ​ទៀតផង​»​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់លោក Susila កុងតឺន័រ​សំរាម​ចំនួន​៥​ទូ មាន​ទិសដៅ​ទៅកាន់​ទីក្រុង ហុងកុង ហើយ ២​ទូ​ផ្សេងទៀត ឆ្ពោះទៅកាន់​ប្រទេស​បារាំង​។ ម្យ៉ាងវិញទៀត អាជ្ញាធរ​ឥណ្ឌូណេស៊ី កំពុង​ត្រៀមលក្ខណៈ​បញ្ជូន​ត្រឡប់​ទៅវិញ​នូវ កុងតឺន័រ​សំរាម​ប្រមាណ ៤២​ទូ​ផ្សេងទៀត ដែលមាន​ទិសដៅ ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និង​អាល្លឺម៉ង់​។ 
 
​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បាន​ប្រឹងប្រែង​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​លើ​ការ​នាំចូល​សំរាម ដែល​ស្ថិត​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រឆាំងនឹង​ការប្រែក្លាយជា​ធុងសំរាម​របស់​បរទេស​។ 
 
​ក្រោយពី​ចិន​បានសម្រេច​បិទទ្វារ​នាំចូល​សំរាម​ពី​បរទេស កាលពីដើមឆ្នាំ​២០១៨​មក សំណល់​កែច្នៃ​មួយចំនួន ត្រូវបាន​ប្រទះឃើញ​ដឹក​ទៅកាន់​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា ថៃ វៀតណាម ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ។​
 
​ពិភពលោក ចាប់ផ្តើម​ព្រួយបារម្ភ​ជុំវិញ​ការបំពុល​ប្លា​ស្ទិ​ក ខណៈ​ប្រទេស​អាស៊ី​ចំនួន ៥ រួមមាន ចិន វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ថៃ បាន​ក្លាយជា​ប្រទេស​បោះចោល​សំរាម​ប្លា​ស្ទិ​ក​ទៅក្នុង​សមុទ្ទ​ធំ​បំផុត​ក្នុង​ពិភពលោក​។ ការណ៍ បាន​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវិត​សត្វ​រស់នៅក្នុង​សមុទ្ទ​។ 
 
​តាម​របាយការណ៍​រប​ស់​មូលនិធិ​ពិភពលោក​សម្រាប់​ធម្មជាតិ (WWF) សំរាម​ប្លា​ស្ទិ​ក​ប្រមាណ ៣០០​លាន​តោន ត្រូវបាន​ផលិត​ជា​រៀងរាល់ឆ្នាំ ដោយ​ភាគច្រើន​នៃ​សំរាម​ទាំងនោះ ក្លាយជា​ទីតាំង​ចាក់សំរាម ឬ​ត្រូវបាន​គេ​បោះចោល​ទៅក្នុង​ទឹក​សមុទ្ទ​៕
 

Tag:
 ​ឥណ្ឌូណេស៊ី​
  សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com